ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយប៉ាគីស្ថាន និងចិន ឥណ្ឌាកំពុងតែពង្រីកនិងអភិវឌ្ឍន៍សមត្ថភាពកងទ័ពរបស់ខ្លួន។ ថ្ងៃសុក្រទី ១កក្កដា ម្សិលមិញ ឥណ្ឌាបានសម្ភោធដាក់ឲ្យប្រើប្រាស់ យន្តហោះចម្បាំងពីរគ្រឿង ដែលបានផលិតដោយក្រុមហ៊ុនឥណ្ឌាខ្លួនឯង សុទ្ធសាធ។ ចំណែកកិច្ចសន្យាទិញយន្តហោះចម្បាំង ៣៦គ្រឿងពី បារាំង នៅមិនទាន់បានចុះហត្ថលេខាជាស្ថាពរនៅឡើយទេ។
យន្តហោះចម្បាំងឥណ្ឌា ពីរគ្រឿង ត្រូវបានគេប្រសិទ្ធិនាមថា Tejas រឺតេជៈ ជាភាសាសំស្រ្កិត ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមូលដ្ឋានទ័ពអាកាសឥណ្ឌា ទីក្រុងបង់ហ្កាល័រ ភាគខាងត្បូង អមជាមួយនឹងពិធីយ៉ាងអធិកអធម តាមបែបសាសនាហិណ្ឌូ។
យន្តហោះចម្បាំងនេះ គឺជាស្នាដៃផលិតរបស់ឥណ្ឌាទាំងស្រុង ដែលបានចំណាយពេលស្រាវជ្រាវ និងផលិតអស់ជិត៣០ឆ្នាំ។ យន្តហោះនេះ គឺត្រូវបានគេចាត់ទុកជាយន្តហោះចម្បាំង ប្រភេទស្រាលបំផុត ហើយដែលអាចផ្ទុកគ្រាប់មីស៊ីល ទាំងសម្រាប់បាញ់ទៅលើអាកាស និងសម្រាប់បាញ់តម្រង់ទៅដី។
ដោយឡែក កិច្ចសន្យាទិញយន្តហោះចម្បាំងប្រភេទRafale របស់បារាំង នៅមិនទាន់ចុះហត្ថលេខាជាស្ថាពរនៅឡើយទេ ដោយសារភាគីទាំងពីរនៅមិនទាន់ចុះសម្រុងគ្នា លើតំលៃ។ ឥណ្ឌាបានទៀមទារទៀតថា ក្រុមហ៊ុនបារាំងត្រូវតែលើកការផលិត យកទៅធ្វើនៅក្នុងប្រទេសឥណ្ឌា ដើម្បីមានឱកាសបង្កើតការងារនៅក្នុងស្រុក។
សូមបញ្ជាក់ថា លោកណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដែលជាមនុស្សជាតិនិយម បានសន្យាថា នឹងកែប្រែឥណ្ឌា ពីអ្នកជាវអាវុធពីបរទេស មកជាអ្នកផលិតអាវុធក្នុងស្រុកដោយខ្លួនឯង។ ការពង្រឹងវិស័យយោធារបស់ឥណ្ឌា គឺដើម្បីត្រៀមខ្លួន ទប់ទល់ជាមួយមហាអំណាចក្នុងតំបន់ ដែលជាគូប្រជែងស្លាប់រស់ជាមួយឥណ្ឌា គឺចិន និងប៉ាគីស្ថាន។ មួយរយៈចុងក្រោយនេះ ឥណ្ឌាបានខិតខំពង្រឹកវិស័យការទូត និងសេដ្ឋកិច្ច របស់ខ្លួន ជាមួយសហរដ្ឋអាមេរិកផងដែរ។ ជាមួយនឹងប្រជាជនជាង១៣០០លាននាក់ ឥណ្ឌាកំពុងត្រៀមខ្លួន ក្លាយជាមហាអំណាចសេដ្ឋកិច្ច ឋានៈស្មើនឹងចិន ក្នុងពេលដ៏ឆាប់ខាងមុខ៕