Joseph Nye៖​ អាមេរិក​គួរ​ទុក​ ចិន​ជា​អាទិភាព​សម្រាប់​នយោបាយ​ការបរទេស​

​អ្នកវិទ្យាសាស្ត្រ​នយោបាយ​ដ៏​ល្បី​របស់​អាមេរិក​លោក Joseph Nye បានស្នើ​ឲ្យ​ប្រធានាធិបតី​ថ្មី​អាមេរិក​គួរ​យក​ទំនាក់ទំនង​ចិន​-​អាមេរិក ជា​រឿង​អាទិភាព​សម្រាប់​នយោបាយ​ការបរទេស​។ អ្នកជំនាញ​រូបនេះ​បាន សង្កត់ធ្ងន់ថា បើសិនជា​អាមេរិក​យល់​ខុស​លើ​ចិន រឿង​អាក្រក់​នឹង​កើតមានឡើង​ជាក់​ជាមិនខាន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ។​

​ក្នុង​បទ​បង្ហាញ​ស្តីពី​«​អំណាច​អាមេរិក​និង​ប្រធានាធិបតី​ថ្មី​» នៅ​សាកលវិទ្យាល័យ Los Angeles ថ្ងៃ​ពុធ​ទី ១៦ មីនា អ្នកវិទ្យាសាស្ត្រ​នយោបាយ​អាមេរិក​ដ៏​ល្បី​លោក Joseph Nye Jr. បានផ្តល់​អនុសាសន៍​ថា នយោបាយ​ការបរទេស​អាទិភាពរ​បស់​ប្រធានាធិបតី​ថ្មី​គួរតែ​ផ្តោតលើ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​មហា​យក្ស​ចិន​។​

​អ្នកស្រាវជ្រាវ​ដែល​បង្កើត​ទ្រឹស្តី «​អំណាច​ទន់​»​ក្នុង​ទំនាក់ទំនង​អន្តរជាតិ រូបនេះ បាន​ព្យាយាម​ពន្យល់ថា អាមេរិក​ត្រូវ​យកចិត្តទុកដាក់​ពី​ទំនាក់ទំនង​ជាមួយ​ចិន ព្រោះ​ចិន​ជា​មហាអំណាច​ដែល​កំពុង​រះ​ត្រដែត​ឡើង ។ ទោះជា​ចិន​មិន​វ៉ា​អាមេរិក​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ក៏ដោយ ក៏​ការសហការ​ជាមួយ​ចិន នឹង​ជួយ​ឲ្យ​ភាគី​ដោះស្រាយ​បញ្ហា​រួមគ្នា​ជាច្រើន និង​ផ្តល់​ប្រយោជន៍​ដល់​គ្នា​ទោ​វិញ​ទៅមក​ដែរ​។​ឧទាហរណ៍ បញ្ហា​ធំៗ​ដែល​អាមេរិក​និង​ចិន​មាន​ប្រយោជន៍​រួមគ្នា មានដូចជា​ការប្រែប្រួល​អាកាសធាតុ ប្រឆាំង​ភេរវកម្ម សន្តិសុខ​អ៊ិន​ធឺ​ណែ​ត និង​សូម្បីតែ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ។  

​លោក​ថា​៖ «​បើសិន​យើង​អាចមាន​លទ្ធភាព​ពង្រឹង​ទំនាក់ទំនង​និង​ការសហការ​ជាមួយ​ចិន​បានល្អ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ យើង​នឹងមាន​សតវត្ស​មួយ​ដ៏​ប្រសើរ​»​។​

​ស្របពេល​ជាមួយគ្នា​នោះ​លោក​ក៏បាន​ព្រមាន​ថា ៖«​ប្រសិនបើ​យើង​យល់​ខុស លទ្ធផល​ចុងក្រោយ​នឹង​អាក្រក់​បំផុត​»​។ 

​អាច​ថា អាមេរិក​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​ចំពោះ​ចិន ពោលគឺ​អាមេរិក​ត្រូវ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ពី​អនាគត​នៃ​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​នេះ​។ បច្ចុប្បន្ននេះ​ទំនាក់ទំនង​អាមេរិក​និង​ចិន​ហាក់ដូចជា​ធ្លាក់ចុះ​ខ្លាំង​និង​ប្រឈមមុខ​ដាក់គ្នា​ផង ព្រោះតែ​អាមេរិក​ងាក​មក​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ជាពិសេស​មក​លូកលាន់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​ថា​ជា​របស់ខ្លួន​នោះ​។ ការកសាង​កម្លាំងយោធា​រៀងៗ​ខ្លួន ជា​ទឡ្ហីករណ៍​មួយ​បង្ហាញថា មហាអំណាច​ទាំងពីរ​ប្រជែង​គ្នា​ខ្លាំង​ជាង​សហការគ្នា​។​

​តែ​ជុំវិញ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន លោក​ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​អ្វីដែល​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានធ្វើ​កន្លងមក​ដែល​បង្កើត​ផ្លែផ្កា​បាន​ច្រើន​សម្រាប់​ទំនាក់ទំនង​ភាគី​ទាំងពីរ​។ ជា​ឧទាហរណ៍ កិច្ចសន្ទនា​មេដឹកនាំ​អាមេរិក​និង​ចិន​កាលពី​ឆ្នាំមុន ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក ស៊ី ជិន​ពីង អង្គុយ​ទល់មុខ​គ្នា​និង​ជជែក​គ្នា​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ពិភពលោក​។ តែ​មេដឹកនាំ​អាមេរិក​ថ្មី ក៏ត្រូវ​ផ្តោតលើ កិច្ចសន្ទនា​កម្រិត​ខ្ពស់​បែបនេះ​ទៀត​ដែរ ដើម្បី​ធានា​ពី​និរន្តរភាព​និង​ប្រសិទ្ធភាព​នៃ​ការ​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​ចិន​និង​អាមេរិក​៕