
នាយកដ្ឋានប្រព័ន្ធយុត្តិធម៌អាមេរិក ហៅកាត់ថា DOJ (The United States Department of Justice) បានប្តឹងគំរាម ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ ថានឹងដកហូត កូដដើម ប្រព័ន្ធប្រតិបត្តិការណ៍ iOS បើសិនជា Apple បដិសេធការទាមទារ របស់ ភ្ញាក់ងារ FBI ឱ្យបង្កើត ផ្នែកទន់ពិសេសមួយ ដើម្បីបំបែកលេខកូដចាក់សោរអេក្រង់ និងចូលទៅទាញយក ទិន្នន័យ ពី iPhone 5c របស់ ឃាតករ ដែលបានធ្វើការ បាញ់ប្រហារ នៅឯ San Bernardino។
ចំណែក Apple បានច្រានចោល ការទាមទាររបស់ FBI ដោយលើកឡើងថា ការធ្វើដូចនេះ ប្រៀបដូច ការបង្កើត កូនសោរមេមួយ (ផ្នែកទន់ទ្វារក្រោយ) ដែលអាចចាក់ចូល មេសោរ (iPhone/iPad) រាប់លានគ្រឿង ហើយវា អាចធ្លាក់ទៅក្នុងដៃ ដែលមិនល្អបាន។ ការប្រឆាំងនេះ បានបង្កឱ្យកើតមាន ការវិភាគវែកញ៉ែក យ៉ាងក្តៅគគុក ជាលក្ខណៈជាតិ កើតឡើង។ ចំណែក ប្រធានាធិបតីយ Barrack Obama បានស្នើឱ្យភាគីទាំងពីរ កុំប្រកាន់ ជំហររឹងទទឹង រៀងខ្លួន ហើយព្រមាន មិនចង់ឃើញ ជម្លោះនោះ កាត់ក្តីដោយ សភា នោះទេ៕