ទូទាត់ប្រាក់ដុល្លារ នៅកម្ពុជានាពេលបច្ចុប្បន្ន ស្ទើរតែមានគ្រប់ទីកន្លែង នៅព្រះរាជាណាចក្រកម្ពុជា។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅកម្ពុជា ប្រាក់ដុល្លារត្រូវបានប្រើប្រាស់រហូតទៅដល់ប្រមាណជា ៨០ភាគរយ នៃបរិមាណសាច់ប្រាក់សរុប ដែលចរាចរនៅលើទីផ្សារ។ ដូច្នេះ មានន័យថា រូបិយប័ណ្ណប្រាក់រៀល មានតែ ២០ភាគរយតែប៉ុណ្ណោះ ដែលត្រូវបានប្រើប្រាស់ និងចរាចរណ៍នៅលើទីផ្សារ។
ក្នុងបរិបទនេះ បើអាជីវករទាំងអស់នៅកម្ពុជា ងាកមកប្រើប្រាស់ដោយការទូទាត់ជាប្រាក់រៀលវិញ តើអាចនឹងមានអ្វីកើតឡើងសម្រាប់កម្ពុជា៖
ជួយលើកតម្កើងរូបិយប័ណ្ណជាតិ
រូបិយប័ណ្ណជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជាតិមួយ។ ក្រៅពីតម្លៃផ្នែកសេដ្ឋកិច្ច រូបិយប័ណ្ណជាតិ មានអត្ថន័យខាងផ្នែកនយោបាយ ដែលតំណាងឲ្យអធិបតេយ្យភាពជាតិ វប្បធម៌ និងអរិយធម៌ជាតិ ឯករាជ្យភាពជាតិ និងការលាតសន្ធឹងនៃអំណាចសេដ្ឋកិច្ចរបស់រដ្ឋ ពោលគឺ រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។
ជួយពន្លឿនកំណើនសេដ្ឋកិច្ចជាតិ
ការទូទាត់រូបិយប័ណ្ណជាតិ ក៏ជាការទប់ស្កាត់នៃការលំហូរសាច់ប្រាក់ផងដែរ។ ម្យ៉ាងវិញទៀត ការចាយលុយរៀល ដែលជារូបិយប័ណ្ណជាតិ និងការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញដោយខ្លួនឯង វាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច ពោលគឺ ការជួយពន្លឿនសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះទេ តែវាក៏ជាមោទនភាពរបស់ជាតិខ្មែរទាំងមូលផងដែរ។
យ៉ាងណាមិញ ការចាយលុយដុល្លារ វាក៏ជួយសម្រួលដល់កម្ពុជា ក្នុងការធ្វើសមាហរណកម្ម ក្នុងពាណិជ្ជកម្មអន្តរជាតិ។ ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណដ៏មានស្ថិរភាព បានជួយកម្ពុជាឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតបរិយាកាសដែលមានអំណោយផល សម្រាប់ការធ្វើជំនួញ។
ម្យ៉ាងវិញទៀត ដោយសារតែេះ្យ៉ាងវិញទៀត ដោយសារសេដ្ឋកិច្ចកម្ពុជានៅទាន់ខ្សោយនៅឡើយ ដូច្នេះចង់រឺមិនចងប្រទេសសេដ្ឋកិច្ចកម្ពុជា នៅទន់ខ្សោយនៅឡើយ ដូច្នេះចង់ឬមិនចង់ កម្ពុជាត្រូវតែបើកចំហរឲ្យមានការចរាចរណ៍ប្រាក់ដុល្លារ នៅលើទីផ្សារកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគិន ពោលគឺការចាយលុយដុល្លារ ធ្វើឲ្យអ្នកជំនួញអាចកាត់បន្ថយការចំណាយ ទៅលើការប្តូរប្រាក់ រវាងលុយរៀល និងលុយដុល្លារ។
គួរជម្រាបថា ក្រោយពីទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥៣ កម្ពុជាបានបង្កើតធនាគារកណ្តាល និងបានបោះផ្សាយប្រាក់រៀលដោយខ្លួនឯង។ ក៏ប៉ុន្តែ នៅពេលដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានចូលមកដល់នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ បានបំផ្លាញចោលអ្វីៗទាំងអស់ រួមទាំងប្រព័ន្ធរូបិយវត្ថុ និងហិរញ្ញវត្ថុ ពោលគឺ បានលុបបំបាត់លុយកាក់ ឬកម្មសិទ្ធិស្របច្បាប់ផ្សេងៗ។
ធនាគារជាតិនៃកម្ពុជា បានបោះរូបិយវត្ថុជាតិ រៀល ឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ១៩៨០ ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិ និងបង្ហាញពីអធិបតេយ្យភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ៕
