បញ្ហា​ចម្បង​ដែល​នាំ​ឲ្យ​មាន​អំពើ​ប្លន់​ និង​ចោរ​កម្ម​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ សកម្មភាព​ប្លន់​ប្រដាប់អាវុធ​នៅ​ទូទាំងប្រទេស ហាក់ដូចជា​កំពុង​កើនឡើង​និង​មាន​រូបភាព​កាន់តែ​សាហាវ​គួរឱ្យ​ព្រួយបារម្ភ​។ ប្រជាជន​ស្លូតត្រង់​ដែល​រស់​នៅតាម​មូលដ្ឋាន ជាពិសេស អ្នកមាន​ធនធាន​គ្រាន់បើ ឬ អ្នកមាន​មុខរប​រលេ​ច​ធ្លោ​មួយចំនួន​នៅក្នុង​ភូមិ ឃុំ​នានា តែងតែ​ទទួលរង​គ្រោះ​ពី​អំពើ​ប្លន់​នេះ​ជា​បន្តបន្ទាប់​។ ស្ថិតក្នុង​សភា​ពនៃ​ការភ័យខ្លាច​នេះ អាជ្ញាធរ​និង​មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ រួមទាំង​នាយករដ្ឋមន្ត្រី និង អ្នកតាមដាន​សភាពការណ៍​សង្គម​ផងដែរ បានលើកឡើង​នូវ​ការសន្និដ្ឋាន​របស់ខ្លួន​ខុសៗ​គ្នា​ស្ដីពី​មូល​ហេតុដែល​នាំឱ្យមាន​អំពើ​ប្លន់​នេះ ដែល​ក្នុងនោះ រួមមាន វិបាក​នៃ​សង្គ្រាមស៊ីវិល​កន្លងមក​, ការដោះលែង​អ្នកទោស​ដែលជា​ចោរ ឬ ឃាតក​ដែល​ប្រើ​អាវុធ​, ល្បែងស៊ីសង​, ការជួញដូរ​គ្រឿងញៀន​, ការជួញដូរ​អាវុធ​ខុសច្បាប់ និង អំពើពុករលួយ​ក្នុង​ជួរ​អាជ្ញាធរ​និង​មន្ត្រី​តុលាការ​។​
​ទី​១. វិបាក​នៃ​សង្គ្រាមស៊ីវិល​។ ជា​ការណ៍​ពិតណាស់ ក្រោយ​សង្គ្រាមស៊ីវិល​បានបញ្ចប់ ភាគី​ខ្មែរ​ផ្សេងៗ​ដែលមាន​មូលដ្ឋាន​កងទ័ព​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ និង នៅ​តំបន់​ផ្សេងៗ​ទៀត ដើម្បី​តស៊ូ​ដណ្ដើម​អំណាច​គ្នា​ក្នុង​សង្គ្រាមស៊ីវិល ត្រូវបានធ្វើ​សមាហរណកម្ម​ចូលមកក្នុង​កងយោធពល​ខេមរភូមិន្ទ​តែមួយ​។ ប៉ុន្តែ ក្នុងសម័យ​អន្តរ​កាលនោះ ត្រូវបាន​គេ​គិតថា អាចមាន​សេសសល់​អាវុធ ជាតិ​ផ្ទុះ​ខ្លះ​នៅក្នុង​ព្រៃ​ជាយថាហេតុ ឬ ត្រូវបាន​បុគ្គល ឬ ក្រុម​នុស្ស​ខ្លះ បាន​លាក់ទុក​អាវុធ​នៅ​ទីកន្លែង​ណាមួយ​ក្នុង​បំណង​អាក្រក់​។ រឿងនេះ ថ្វីបើ​គេ​មិនមាន​ភស្តុតាង​ច្បាសលាស់ ប៉ុន្តែ​ការគិត​បែបនេះ ពិតជា​អាចមាន​លទ្ធភាព​ពិត​ក្នុង​ភាគរយ​ណាមួយ​មិនអាច​ប្រកែក​បាន​។​
 
​ទី​២. ការគ្រប់គ្រង​អាវុធ ជាតិ​ផ្ទុះ​។ ការគ្រប់គ្រង​អាវុធ ជាតិ​ផ្ទុះ នៅ​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា អាច​មិនទាន់មាន​លក្ខណៈ​ល្អប្រសើរ​មួយរយ​ភាគរយ​នៅឡើយ​។ ពីព្រោះ​កន្លងមក មាន​បុគ្គល​មួយចំនួន ដែលជា​នគរបាល យោធា អាវុធហត្ថ អង្គរក្ស និង អ្នកមាន​សិទ្ធិ​កាន់​អាវុធ​ផ្សេងៗ​ទៀត បាន​ប្រើ​កាំភ្លើង​សម្រាប់​បំ​ផិត​បំភ័យ ប្លន់ ឬ បាញ់​ដៃគូ​ជម្លោះ​របស់ខ្លួន​នៅ​ទីសាធារណៈ ឬ កន្លែង​កម្សាន្ត​នានា ជាដើម​។ លើសពីនេះ​ទៀត ឆ្លងកាត់​ករណី ឧកញ៉ា ថោ​ត សារ៉ាត់ គេ​បានដឹងថា សូម្បីតែ​ឧកញ៉ា និង សាច់ញាតិ​របស់​ឧកញ៉ា ក៏មាន​កាំភ្លើង​ប្រើ​ដែរ​។ ក្រៅពីនេះ នៅមាន​ទា​ហ៊ាន ឬ កង​អង្គរក្ស​ខ្លះ បាន​យក​អាវុធ​ទៅ​ការពារ​ដីឯកជន ផ្ទះ​ឯកជន ឬ ក្រុម​ឯកជន ជា​លក្ខណៈ​បុគ្គល​ក្រៅច្បាប់ ដោយ​មិនមែនជា​បេសកកម្ម​ទេ ដែល​ក្នុង​សភាព​នេះ បង្ហាញថា ពួកគេ​អាច​យក​អាវុធ​ទាំងនោះ​ទៅប្រើ​ប្រាស់​តា​ឆន្ទៈ​របស់ខ្លួន​។​
 
​ទី​៣. ការដោះលែង​អ្នកទោស​មួយចំនួន​ដែលមាន​បទល្មើស​ប្លន់​។ ការដោះលែង​អ្នកទោស​ដែលមាន​បទល្មើស​ប្លន់ ជាពិសេស ក្រុម​ដែល​ប្លន់​ដោយ​ប្រើ​អាវុធ តាមរយៈ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ និង តាមរយៈ​ការស្នើសុំ​តាម​ខ្សែបណ្ដោយ​តាំងពី​ពន្ធនាគារ រហូតមកដល់​នាយករដ្ឋមន្ត្រី ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្និដ្ឋានថា អាចរួមចំណែក​ធ្វើឱ្យ​បទល្មើស​ប្លន់​កើតឡើង ពីព្រោះ​ជនល្មើស​ដែល​នគរបាល ឬ ក្រុម​សមត្ថកិច្ច​ចម្រុះ ចាប់បាន​នាពេល​ថ្មីៗ​នេះ ភាគច្រើន​គឺជា​ពួក​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ជាប់គុក​ជាច្រើន​ដង និង មាន​បទល្មើស​ប្លន់​ប្រដាប់អាវុធ​។​
 
​ទី​៤. ការលែង​ស៊ីសង​និង​ការជួញដូរ​គ្រឿងញៀន​។ ការលែង​ស៊ីសង​និង​ការជួញដូរ​គ្រឿងញៀន ក៏ត្រូវ​បាន​គេ​គិតថា ជា​ប្រភព​នៃ​អំពើ​ប្លន់​ផងដែរ ពីព្រោះ​នៅពេលដែល​គេ​ចាញ់ល្បែង មិនមាន​លុយ​លេង​ទៀត គេ​ក៏​បែកគំនិត​ប្លន់​ដើម្បី​រកលុយ​ទៅ​បន្ត​ការលេង​ល្បែង​របស់គេ​ទៀត​។ ដូចគ្នា​ដែរ នៅពេលដែល​មនុស្ស​ញៀន​ថ្នាំ ហើយ​គេ​គ្មាន​លុយ​ទិញ​ថ្នាំ​ដើម្បី​បំពេញ​សេចក្ដីប្រាថ្នា​របស់គេ កុំថាឡើយ​តែ​អំពើ​ប្លន់ សូម្បីតែ​អំពើអាក្រក់​កម្រិតណា ក៏​ពួកគេ​ហ៊ាន​ប្រព្រឹត្ត ដែរ​។ លើសពីនេះទៅទៀត ពួក​មេ​ឧក្រិដ្ឋជន ឬ មេក្រុម​ជួញដូរ​គ្រឿងញៀន ភាគ​ច្រើ​សុទ្ធ​តែមាន​អាវុធ​សម្រាប់​តទល់​ជាមួយ​ការបង្ក្រាប​របស់​នគរ​បាល ឬ សមត្ថកិច្ច​ចម្រុះ​។​
 
​ទី​៥. មាន​ជនខិលខូច​លួច​ជួញដូរ​អាវុធ​ខុសច្បាប់​។ បច្ចុប្បន្ន បើទោះបីជា មាន​អង្គភាព​គ្រប់គ្រង​អាវុធជាតិផ្ទុះ​ហើយក៏​ដោយ ក៏​នៅមាន​ពាក្យ​ចចាមអារ៉ាម​បង្ហើប​ឱ្យដឹងថា អាចមាន​ការ​លួច​ជួញដូរ​អាវុធ​ខុសច្បាប់​ដែរ​។ អាវុធ​ទាំងនោះ​អាចមាន​ប្រភពពី​ប្រទេសជិតខាង​(​ករណី​យុវជន​ម្នាក់ នៅ​វិទ្យាល័យ​ហ៊ុន សែន ១០០​ខ្នង បាន​អះអាងថា អាវុធ​របស់ខ្លួន​ដែល​យកមក​ចូលក្នុង​សាលា​និង​ត្រូវ​នគរ​បាន​ចាប់បាន​កន្លងមក​នោះ ខ្លួន​ទិញ​ពី​ប្រទេស​ថៃ​) និង មាន​ប្រភពពី​បុគ្គល​ជា​អាជ្ញាធរ​មា​នស​ត្ថ​កិច្ច​ដែល​រឹបអូស​អាវុធ​នោះ​ពី​ចោរ ឬ ជនខិលខូច ហើយ​មិន​ប្រគល់ឱ្យ​រដ្ឋ បែរជា​លក់​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​មិនទាន់មាន​សិទ្ធិ​កាន់​អាវុធ​(​អាវុធខ្លី​) ឬ លក់​ឱ្យ​ជនខិលខូច ជាដើម​។ 
 
​ក្រៅពីនេះ តាមរយៈ​សារព័ត៌មាន​និង​ប្រភព​មិន​ច្បាស់​ការណ៍​ខ្លះ គេ​បាន​និយាយថា អាវុធ គេ​អា​ចរក​ទិញ​បាន​នៅតាម​ទីផ្សារងងឹត​នៅ​កម្ពុជា​។ ជាក់ស្តែង នៅ​ផ្សារ​ទឹកថ្លា គេ​សង្កេតឃើញ​មាន​លក់​ឯកសណ្ឋាន ឋានន្តរស័ក្ដិ និង សម្ភារៈ​យោធា​ស្ទើរតែ​គ្រប់មុខ ដែល​ធ្វើឱ្យ​មហាជន​ដាក់​ការសង្ស័យថា តើ​អាចមាន​ការលក់​អាវុធ​នៅ​ទីនោះ​ដែរ​ឬ​យ៉ាងណា​។ 
 
​ទី​៦. អំពើពុករលួយ​របស់​អាជ្ញាធរ និង មន្ត្រី​តុលាការ​មួយចំនួន​។ អំពើពុករលួយ​របស់​អាជ្ញាធរ​មួយចំនួន និង មន្ត្រី​តុលាការ​មួយចំនួន បង្កឱ្យមាន​និ​ទណ្ឌ​ភាព ដែល​មានន័យថា ជនល្មើស​ដែល​ប្រើ​អាវុធ​ខុសច្បាប់ ដូចជា ចោរប្លន់ និង ជនល្មើស​ដទៃទៀត ដែល​បាន​បាន​ប្រព្រឹត្ត​ខុសច្បាប់ ដូចជា ការ​លួច ការ​ប្លន់​ប្រដាបអាវុធ ឬ ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ផ្សេងៗ​ទៀត មិនត្រូវ​បានទទួល​ទោស​ទេ​។ ហេតុនេះ ពួក​ជនល្មើស​ទាំងនោះ មិន​រាងចាល ហើយក៏​មិន​ថមថយ​ដែរ​។ ផ្ទុយទៅវិញ ចំនួន​អ្នក​ប្រើ​អាវុធ​ខុសច្បាប់​កាន់តែ​កើនឡើង ហើយ​ពួកគេ​កាន់​ផ្គើន​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច ធ្វើឱ្យ​ប្រជាន​ជន​កាន់តែ​មានការ​ភ័យខ្លាច និង បង្ក​អសន្តិសុខ​កាន់តែច្រើន​ដល់​សង្គម​។​
 
​ជារួម អ្វីដែល​បានលើកឡើង​ខាងលើនេះ មិនមែនជា​លទ្ធផល​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​នោះទេ វា​គ្រាន់តែ​ជា​អ្វីដែល​កើតចេញពី​ការពិនិត្យសង្កេត​ជាក់ស្ដែង បទពិសោធ​ដោយឡែកៗ និង ការវិភាគ​ផ្ទាល់ខ្លួន​របស់​អ្នកពាក់ព័ន្ធ​មួយចំនួន​ដូចដែល​បង្ហាញ​ខាងលើ​តែប៉ុណ្ណោះ​។ ចំពោះ​សច្ចភាព​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដរាបណា​មិនទាន់មាន​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​អំពី​បញ្ហា​នេះ​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ប្រសិនបើ​ការលើកឡើង​ខាងលើ​គឺជា​ការណ៍​ពិត ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​កំណើន​អំពើ​ប្លន់​នេះ​បាន លុះត្រាតែ​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំង​ប្រាំមួយ​ដូច​បានលើកឡើង​ខាងលើ​។ បើ​មិន​ដូច្នេះ​ទេ យើង​មិន​គ្រាន់តែ​មិនអាច​ដោះស្រាយ​បញ្ហា​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ បទល្មើស​ប្លន់​អាច​នឹង​បន្ត​កើនឡើង​ជាង​សព្វថ្ងៃ​នេះហើយ​ការភ័យខ្លាច និង ភាពវឹកវរ​ក្នុងសង្គម​ក៏​កាន់តែ​កើនឡើង​ដែរ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​វិស័យ​ដទៃទៀត​៕