មួលហេតុដែលឡានដឹកអង្ករជាង៧០តោនឡើងលើស្ពានអ្នកលឿងបាន ព្រោះម្ចាស់ជាប្រពន្ធរបស់ប្រធានជញ្ជីង

 ដោយសារតែប្តីខ្លួន ជាប្រធានជញ្ជីង ក្នុងខេត្តព្រៃវែង ទើបធ្វើឲ្យចែបុប្ជា ជាអ្នករកស៊ីអង្ករ ដ៏មានឥទ្ធិពលនៅ ក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង មានលទ្ធភាព ដឹកអង្ករជាច្រើនតោន ឆ្លងកាត់ច្រកនិង ជញ្ជីងជាច្រើន ដោយគ្មានសមត្ថកិច្ចអើពើនិង បណ្តាលឲ្យខូចស្ពានត្សឹបាសា ឬស្ពានអ្នកលឿង។
ប្រភពព័ត៌មានច្បាស់ការមួយ សុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឲ្យដឹងថា «កាលពីមុនចែបុប្ជា ជាអ្នករកស៊ីស្រូវ ហើយឥឡូវជាអ្នកស៊ីអង្ករ ហើយមានប្តីម្នាក់ឈ្មោះ ឌឿន ដែលជាប្រធានជញ្ជីងក្នុងខេត្តព្រៃវែង ទើបអាចមានលទ្ធភាពដឹកអង្ករ ៦០តោន ឆ្លងកាត់ច្រកចក្រី និង ជញ្ជីងជាច្រើន ដោយគ្មានសមត្ថកិច្ចអើពើឡើយ» ។
ប្រភពខាងលើបានបន្តថា «ចែបុប្ជា នេះមានអាយុនៅចន្លោះ ៤០ទៅ៥០ឆ្នាំ តែប៉ុណ្ណោះ ជាអ្នករកស៊ីស្រូវអង្ករតាំងពីទសវត្ស៩០មកម្ល៉េះ​ ហើយអង្ករដែលដឹកឆ្លងកាត់ស្ពាន ត្សឹបាសា បំរុងយកទៅលក់នៅទល់ដែនថៃ ត្រង់ច្រកបឹងត្រកួន » ។
ប្រវត្តិរឿង៖​ អ្នកបើករថយន្ត ដឹកអង្ករ លើសចំណុះឡើងស្ពាន អ្នកលឿង រត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាព
ភ្នំពេញ៖ អ្នកបើករថយន្តដឹកអង្ករ លើសចំណុះឡើង ស្ពានអ្នកលឿង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ បច្ចុប្បន្ននេះ បានរត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាពហើយ។
ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក នួន ចំរ៉ុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានឲ្យដឹងថា អ្នកបើករថយន្តដឹកនាំ អង្ករប្រមាណជាង ៦០តោន រួមទាំងសំបករថយន្តផង ប្រហែលជាង ៧០តោននោះ នៅពេលបានទៅ ដល់ប្រទេសថៃហើយ ទាំងអ្នកបើកបរ និងរថយន្តដឹកអង្ករ។
លោកបានបន្តថា ម្ចាស់ក្រុមហ៊ុនដឹកអង្ករនោះ បានចុះកិច្ចសន្យាថា នឹងរួមជាមួយក្រុមហ៊ុនជប៉ុន ដែលបានធ្វើស្ពាននោះ ដោយជួសជុលកៅស៊ូ ដែលបានខូចដោយសារឡាននោះឡើងវិញ។ ក្រោយពេលពីបានធ្វើការសន្យា ជាមួយក្រុមហ៊ុនជប៉ុនរួចមក ក្រុមហ៊ុនជប៉ុនក៏បានធ្វើការដោះលែង ម្ចាស់ឡានឲ្យត្រឡប់ទៅផ្ទះវិញ ហើយអាជ្ញាធរមិនបានលូកដៃ ចូលក្នុងរឿងហ្នឹងទេ។
សូមបញ្ជាក់ថា រថយន្តដឹកអង្ករលើសចំណុះនេះ បានបើកឡានឡើងលើស្ពានអ្នកលឿង ស្រាបតែពេលកំពុងបើករថយន្ត ក៏បានដាច់កាឡេថយមកក្រោយ និងបណ្តាលឲ្យមានការ របើកកៅស៊ូនៅលើស្ពាន ហើយបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅ សម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យតាមចាប់ អ្នកបើកបររថយន្តនេះ ឲ្យខាងតែបាន៕


ឧបត្ថម្ភដោយ Adbox