ជា​បុរស​ញៀន​សិច ឬ​ក៏​ជា​ចំណង់​ធម្មជាតិ?

ប្រាកដ​ណាស់ បុរស​ចូល​ចិត្ដ​សិច គិត​ពី​សិច មើល​រឿង​សិច និង​អនុវត្ដ​សិច។ ពេល​វេលា​ពេញ​មួយ​ថ្ងៃ​របស់​អ្នក​ប្រហែល​ជា​ពោរ​ពេញ​ទៅ​ដោយ​សិច។ តើ​អ្នក​គិត​ពី​រឿង​នេះ​ញឹក​ញាប់​ដែរ​ឬ​ទេ? ១០ ដង ២០ ដង ឬ ៥០ ដង ក្នុង​មួយ​ថ្ងៃ? បើ​គិត​បែប​នេះ​រៀង​រាល់ ១០ នាទី​ម្ដង តើ​ជា​ចំណុច​គួរ​ឲ្យ​បារម្ភ​ដែរ​ទេ? តើ​កម្រិត​ណា​ដែល​ចាត់​ទុក​ថា​ញៀន​នឹង​សិច ហើយ​តើ​ចំណុច​ណា​ដែល​ជា​ភាព​ផ្អែម​ល្ហែម​នៃ​រសជាតិ​ជីវិត?

ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម ២៥ នាក់​បាន​ថ្លែង​ពី​អារម្មណ៍​ដ៏​រោល​រាល​ដែល​គិត​តែ​ពី​រឿង​សិច និង​ចង់​តែ​ប្រព្រឹត្ដ​សិច​រហូត​ដល់​គ្រប់​គ្រង​មិន​បាន។ ប៉ុន្ដែ​មិន​ថា​ជា​ការ​ញៀន​សិច​នោះ​ទេ សូម្បី​តែ​សិច​ធម្មតា​ក៏​ក្លាយ​ជា​ប្រធាន​បទ​ជជែក​ដេញ​ដោល​ដែរ។ ពាក្យ​ថា «ចំណង់​ផ្លូវ​ភេទ​មិន​ចេះ​ឆ្អែត​ឆ្អន់» មិន​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​ការ​សិក្សា​ថ្មី​បំផុត​របស់ Diagnostic and Statistical Manual of Mental Disorders (DSM) សៀវភៅ​វិនិច្ឆ័យ​ជំងឺ​ផ្លូវ​ចិត្ដ។ ប៉ុន្ដែ​បើ​សួរ Tiger Woods ជា​កីឡាករ​វាយ​កូន​គោល​ដែល​មាន​ស្រី​ស្នេហ៍​ច្រើន​គឺជា​បញ្ហា​ជីវិត​ក្នុង​សង្គម​ពិតៗ។
ការ​សិក្សា​របស់​អង់គ្លេស​ថ្មី​មួយ​បាន​រក​ឃើញ​ថា នៅ​ពេល​បុគ្គល​ណា​មួយ​និយាយ​ថា ខ្លួន​ញៀន​នឹង​សិច ដែល​ផ្ដោត​លើ​អ្នក​មាន​ចំណង់​ខ្ពស់ ពួក​គេ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​មិន​បាន ហើយ​ជួន​កាល​ចង់​តែ​មើល​រឿង​អាស​អាភាស វា​បង្ក​ឲ្យ​សកម្មភាព​ខួរ​ក្បាល​វិវត្ដ​ដូច​ការ​ញៀន​គ្រឿង​ញៀន​អ៊ីចឹង។
វេជ្ជបណ្ឌិត​ជំនាញ​លោក ផាទ្រីក កាណេស បាន​ពន្យល់​ថា អ្នក​ខ្លះ​ងប់​នឹង​សិច​ខ្លាំង មិន​ខុស​ពី​ការ​ញៀន​ថ្នាំ​ឡើយ។
ប៉ុន្ដែ​ចំពោះ​ការ​សិក្សា​ផ្នែក​អត្ដចរិត​របស់​មនុស្ស វា​នៅ​មិន​ទាន់​អស់​នៅ​ឡើយ។ អ្នក​ខ្លះ​ងាយ​នឹង​កើត​អារម្មណ៍​ត្រេក​ត្រអាល​ពី​ធម្មជាតិ។ ការ​សិក្សា​ក្នុង ឆ្នាំ​២០១៣ ក្រុម​ស្រាវជ្រាវ​របស់ UCLA បាន​រក​ឃើញ​ថា នៅ​ពេល​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​ញៀន​សិច​ត្រូវ​បាន​ស្នើ​ឲ្យ​មើល​រូប​ស្រើប​ស្រាល ប្រតិកម្ម​ខួរ​ក្បាល​របស់​ពួកគេ​មាន​ទំនាក់​ទំនង​ជាមួយ​ចំណង់​ផ្លូវ​ភេទ​ច្រើន​ជាង​អ្វី​ដែល​ខ្លួន​បាន​រាយការណ៍​ថា វាជា​ការ​ញៀន​នឹង​សិច។
វេជ្ជបណ្ឌិត នីកូល ប្រោស ជា​អ្នក​និពន្ធ​ការ​សិក្សា ជា​អ្នក​ស្រាវជ្រាវ​ក្នុង​នាយកដ្ឋាន​ផ្នែក​ចិត្ដសាស្ដ្រ និង​វិទ្យាសាស្ដ្រ​ស្ដី​ពី​អត្ដចរិត​បាន​និយាយ​ថា៖ «អ្នក​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់​ទំនង​ជា​មាន​ទំនោរ​ចិត្ដ​ចង់​រួម​ភេទ​ដោយ​សារ​តែ​វា​ផ្ដល់​អារម្មណ៍​ស្រណុក​សុខ​ស្រួល»។
អ្នក​ស្រី បាន​បន្ថែម​ថា សូម្បី​តែ​សមត្ថភាព​ឡើង​ដល់​ចំណុច​កំពូល​ក៏​ដោយ​សារ​តែ​ហ្សែន​របស់​ពួកគេ​ផ្ទាល់​ដែរ។
ដូច្នេះ​កាម​តម្រេក​មិន​ចេះ​ឆ្អែត​ឆ្អន់ មិន​ថា​ជា​ចំណង់​ធម្មជាតិ ឬ​យ៉ាង​ណា​នោះ​ទេ តើ​វា​ជា​បញ្ហា​ផ្នែក​វេជ្ជសាស្ដ្រ​ដែរ​ឬទេ? ចម្លើយ​គឺ​មិន​សំខាន់​ទេ។ កាម​តម្រេក​មិន​ចេះ​ឆ្អែត​ឆ្អន់ មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ដែល​មាន​អារម្មណ៍​ថា ចំណង់​របស់​ខ្លួន​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​អ្នក​នៅ​ជុំវិញ​ខ្លួន ឬ​អ្នក​ដែល​មិន​អាច​គ្រប់​គ្រង​តម្រូវ​ការ​របស់​ខ្លួន បើ​ទោះ​បី​ជា​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។
អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​បាន​ឯកភាព​ថា បញ្ហា​ចម្បង​ត្រូវ​បាន​រក​ឃើញ​នៅ​ពេល​ចំណង់​របស់​អ្នក​ចាប់​ផ្ដើម​រំខាន​សុខុមាភាព​របស់​អ្នក ហើយ​វា​មិន​សំខាន់​ទេ​ថា តើ​ចំណង់​របស់​អ្នក​ឥត​រលត់ ឬ​យ៉ាង​ណា?
អ្នក​ស្រី ប្រោស បាន​បន្ដ​ថា៖ «សូម្បី​តែ​អត្ដចរិត​ខុស​ប្លែក​ពី​ធម្មតា ដូច​ជា ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​មួយ​ថ្ងៃ ៣ ដង​យ៉ាង​ណា​ក៏ដោយ ក៏​វា​មិន​បង្ក​ឲ្យ​ហានិភ័យ ឬ​បញ្ហា​ចំពោះ​ជីវិត​បុគ្គល​ឡើយ»។
ដូច្នេះ​មិន​ថា​អ្នក​ត្រៀម​ខ្លួន​ចុះ​សមភូមិ​មួយ​ខែ​ម្ដង ឬ​មួយ​ថ្ងៃ ៣ ដង​យ៉ាង​ណា​ក៏​ដោយ ក៏​វា​មិន​បង្ក​ក្ដី​បារម្ភ​នោះ​ទេ លុះ​ត្រា​តែ​វា​រំខាន​ដល់​ការងារ ក្រុម​គ្រួសារ ឬ​ភេទ​សម្ព័ន្ធ​របស់​អ្នក។ ខណៈ​អ្នក​ស្រី វេជ្ជបណ្ឌិត ប្រោស ចង្អុល​បង្ហាញ​ថា គ្មាន​វិធី​ធ្វើ​រោគ​វិនិច្ឆ័យ​ណា​មួយ​មក​វាស់​ស្ទង់​ចំណង់​ផ្លូវ​ភេទ​ខ្ពស់​ប៉ុន្មាន និង​គ្មាន​ការ​ព្យាបាល​ជាក់​លាក់​ណា​មួយ​ចំពោះ​ការ​ញៀន​សិច​នោះ​ទេ។ ជំនួប​ជាមួយ​អ្នក​ឯកទេស​គឺជា​វិធី​ល្អ​បំផុត​បើ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ដ។
អ្នក​ជំនាញ​អាច​ជួយ​អ្នក​ដោះ​ស្រាយ​ក្ដី​កង្វល់​ចំពោះ​ទម្លាប់​មិន​ឆ្អែត​ឆ្អន់​នេះ​មុន​ពេល​វា​ជ្រាប​ចូល​ពេញ​លេញ ដែល​រំខាន​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ៕