ការ​បាញ់​ប្រហារ​នៅ​សហរដ្ឋអាមេរិក​បាន​សម្លាប់​មនុស្ស​១៤​នាក់​ និង​របួស​១៧​នាក់​

យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ ចូលក្នុងមជ្ឈមណ្ឌលផ្ដល់សេវាកម្មសង្គម​មួយ​ នៅក្នុងតំបន់ San Bernardino រដ្ឋ California សហរដ្ឋអាមេរិក នេះបើយោងតាមការចេញ​ផ្សាយរបស់ BBC នៅថ្ងៃទី០៣ ខែធ្នូនេះ។

ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) ថ្ងៃទី០២ ខែធ្នូ ដែលបង្កឡើងដោយក្រុមខ្មាន់កាំភ្លើង ត្រូវបានគេ​ជឿ​ថាមានគ្នា៣នាក់។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានស្លៀកពាក់ជាទាហាន បានដើរចេញពីក្នុងរថយន្ត SUV ហើយបាន​ដើរចូលទៅក្នុងមជ្ឈមណ្ឌលផ្ដល់សេវាកម្មសង្គម​ San Bernardino រួចក៏បានបាញ់ប្រហារ​យក​តែម្ដង។

ពាក់ព័ន្ធនឹងករណីនេះ គេនៅមិនទាន់ដឹងថា ជាទង្វើរបស់ខាងណានោះទេ ប៉ុន្តែវាត្រូវបានគេ​ចាត់ទុកថា ជាអំពើភេរវកម្ម៕