បិតា​ស្ថាបនិក​រណសិរ្ស​សង្រ្គោះ​ជាតិ​ កម្ពុជា​ ២ធ្នូ​ កំពុង​ឈឺ​ធ្ងន់​

​នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥ នេះ គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​អធិបតី​របស់លោក ហេង សំរិន បាន​ប្រារព្ធ​ពិធី​រម្លឹក​ខួប ៣៧ ឆ្នាំ នៃ​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​រាជធានី​ភ្នំពេញ​។ លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​សម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​អះអាងថា ខ្លួន​ជា​ស្ថាបនិក​នៃ​ថ្ងៃ ២ ធ្នូ​នេះ កំពុង​ឈឺ​ធ្ងន់​។​

«​រូបខ្ញុំ​ជា​បិតា រណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ និង​ជា​បិតា ៧ មករា ដែល​រំដោះប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត »​។ នេះ​ជា​អំណះអំណាង​ដែល​លោក​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​រយៈពេល ៦ ខែ នៅក្នុង​អំឡុង​ឆ្នាំ ១៩៨១ បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ កាលពី​ឆ្នាំមុន ពោលគឺ​នៅមុន​ពេលដែល​ខ្លួន​ធ្លាក់ខ្លួន​ឈឺ​។ 

​និយាយ​ដល់​រឿង​ស្ថាបនិក​បង្កើត ២ ធ្នូ និង ៧ មករា នេះ លោក ប៉ែន សុវណ្ណ ដែលមាន​វ័យ ៧៩ ឆ្នាំ ទៅហើយនោះ ហាក់​មិន​អស់ចិត្ត និង​បាន​រិះគន់ថា ក្រុម លោក ហ៊ុន សែន លោក ហេង សំរិន និង​សព​លោក ជា ស៊ីម ថា ជា​អ្នក​ក្បត់​រូបលោក​។​« ខ្ញុំ​ជា​អ្នកបង្កើត ២ ធ្នូ តែ​បែរជា​ក្រុម លោក ហេង សំរិន លោក ជា ស៊ីម លោក ហ៊ុន សែន ដែលជា​កូនចៅ​ខ្ញុំ​ពេលនោះ ក្បត់​ខ្ញុំ ហើយ​ឆ្លៀត​កេងចំណេញ​វិញ ព្រោះ​ខ្ញុំ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ពេលនោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​ជាប់ឃុំ​ឃាង​នៅ​ប្រទេស​វៀតណាម​ជាង ១០ ឆ្នាំ កាលពី​ពេលដែល​លោក​មិនទាន់​ធ្លាក់ខ្លួន​ឈឺ​។​

​ជាង ១១ ខែ​មកហើយ ដែល​លោក​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​ឆ្នាំ ១៩៨១ រូបនេះ មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ចាប់តាំងពី​ថ្ងៃទី ១៩ មករា ឆ្នាំ ២០១៥ មក​។ ថ្វី​ដ្បិត​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​ក៏ពិតមែន ក៏​អាកា​រៈ​ជំងឺ​លោក ប៉ែន សុវណ្ណ ហាក់​នៅ​មិនទាន់​ធូរស្បើយ​សោះ​។ បច្ចុប្បន្ននេះ លោក ប៉ែន សុវណ្ណ ដែល​ចាត់ទុក​ខ្លួនឯង​ថា ជា​បិតា ២ ធ្នូ និង ៧ មករា នៅ​មិនទាន់​អាចនិយាយបាន ហើយ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​របស់ខ្លួន​ឯ​ខេត្តតាកែវ ក្រោម​ការមើល​ថែ​ពី​សំណាក់​កូនស្រី​ធម៌​របស់ខ្លួន​៕