ស្ថាបនិក​​ហ្វេសប៊ុកត្រៀមបរិច្ចាគ​ភ 45ពាន់​លាន​ដុល្លារ​​ដល់មូលនិ​ធិសប្បុរសធម៌​​

សហស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg នៅថ្ងៃអង្គារនេះបានប្រកាសថាលោកនិងភ​រិយា​សម្រេច​ថានឹង​បរិច្ចាគ​ភាគហ៊ុនរបស់លោកចំនួន​៩៩ភាគរយដែលស្មើនឹង​៤៥ពាន់លានដុល្លារ​ទៅមូលនិធិសប្បុរសធម៌ក្នុងពេលដែល​ពួកគេមានជីវិត។ លោកអះអាងថា​ការបរិច្ចាគថវិកា​ផ្ទាល់ខ្លួនច្រើនសន្ធឹកនេះគឺដើម្បី​ធ្វើឲ្យពិភពលោកក្លាយជា​ទីកន្លែង​ដ៏រីករាយ និងមានសុខដុមរមនាសម្រាប់កូនស្រី​លោកផ្ទាល់ក៏ដូចជាមនុស្សគ្រប់គ្នា។ នេះបើតាម​សារព័ត៌មាន The New York Times។

នាយកប្រតិបត្តិក្រុមហ៊ុន​ហ្វេប៊ុក លោក Mark Zuckerberg និងភរិយារបស់លោក លោកស្រី Pricilla Chan បាន​ថ្លែង​នៅថ្ងៃ​អង្គារនេះថា អ្នកទាំងពីរ​នឹងបរិច្ចាគភាគហ៊ុនទំហំ​៩៩ភាគរយ​( ប្រហាក់ប្រហែល ៤៥ពាន់លាន​ដុល្លារ)ដល់​មូលនិធិសប្បុរសធម៌​ ក្នុងរយៈពេលដែលពួកគេ​មានជីវិត។ ស្ថាបនិក​ហ្វេសប៊ុកខាងលើ​បាន​បញ្ជាក់ថា លោកនិងភរិយា​សម្រេច​ចិត្តបរិច្ចាគ​ថវិកាច្រើន​សន្ធឹកនេះ​ដើម្បី​ជួយកែប្រែពិភពលោកឲ្យ​ប្រសើរ​ឡើង ឲ្យមាន​ភាពរីករាយ វិបុលភាព និងសុខដុមរមនា​សម្រាប់កូន​ស្រីលោកដែលទើបកើតសប្តាហ៍​មុន និងមនុស្សគ្រប់គ្នាលើពិភ​ពលោកនេះ។

បើតាម​សម្តីរបស់​អ្នកទាំងពីរ​ ថវិកា​ទាំងអស់​នេះនឹង​ត្រូវប្រគល់ជូនមូលនិធិដែលពួកគេ​បង្កើតថ្មីដែលមាន​ឈ្មោះថា អង្គការគំនិតផ្តួចផ្តើម Chan Zuckerberg។  ហើយ​គោលដៅ និងវិស័យ​​ដែលមូលនិធិថ្មីនេះមានដូចជា​ អភិវឌ្ឍន៍វិស័យអប់រំ ព្យាបាល​ជំងឺ កសាងសហគមន៍ដ៏រឹងមាំ និងបង្កើតទំនាក់ទំនងរវាង​មនុស្សនិងមនុស្សជាដើម​។  ក្រៅពី​ប្រកាស​បរិច្ចាគថវិកាដ៏ច្រើននេះ កាល​ពីថ្មីៗនេះ​លោក Mark Zuckerberg បាន​ក្លាុយ​ជាមហាសេដ្ឋី​ម្នាក់​ដែលសម្រេចចុះហត្ថលេខាដើម្បីចូលរួមបរិច្ចា​គ​ថវិកា​សប្បុរសធម៌ដល់​គម្រោងសម្ព័ន្ធថាមពល​ដែល​រៀបចំឡើងដោយ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates ដែលផ្តោតលើ​ថាមពល​ស្អាតផងដែរ។