ក្រុម​ជម្រើស​ជាតិ ចេញ​ទៅ​ចិន ទាំង​ខ្សត់​កីឡាករសំខាន់ៗ


ភ្នំពេញៈ ​ក្រុម​ជម្រើស​ជាតិកម្ពុជា បាន​បន្ដ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ កាលពីថ្ងៃ​ពុធ ម្សិលមិញ ដើម្បី​ចូល​រួម​ការ​ប្រកួត 2015 Yunnan, Asean International Football Open Tournament ​បន្ទាប់​ពី​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ២-០ ក្នុង​ការ​ប្រកួតជម្រុះ​ជុំ​ទី ២ ពាន 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី នៅ​លើ​ទឹក​ដី​ខ្លួន​ឯង កាលពីយប់​ថ្ងៃ​អង្គារ កន្លង​មក​នេះ។
យ៉ាង​ណាក៏​ដោយ បើ​តាម​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២០ នាក់ ដែល​ត្រូវចេញ​ទៅ​ប្រកួត ដែល​នឹងឡើង​ចាប់ពី​ថ្ងៃទី ២០ ដល់ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ក្នុង​ទីក្រុង Mang Shi City នាខេត្តយូណាន់​ខាង​មុខ​នេះ មិន​មាន​វត្ត​មាន​កីឡាករសំខាន់​មក​ពី​ក្លិប​ភ្នំពេញ​ក្រោន បឹង​កេតអង្គរ និង​ណាហ្គាវើល នោះ​ឡើយ។
ប៉ុន្តែ​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រាប់​ពីម្សិល​មិញ​ថា សមាជិក​របស់​ក្លិបទាំង ៣ នេះ ​ជាប់រវល់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រក្រប​ខ័ណ្ឌ​មិត្ត​ហ្វូនខេម​បូឌាន​លីក ប្រចាំ​ឆ្នាំ ២០១៥ ​ខាង​មុខនេះ។
សម្រាប់​កីឡាករ​ទាំង ២០ នាក់ ដែល​បាន​ធ្វើដំណើរទៅ​ចិន​លើក​នេះ​រួម​មាន​ ឈិន ឈឿន, ច្រឹង ពលរដ្ឋ, ហួយ ផល្លីន, កែ វណ្ណៈ, ខែក ខេមរិន្ទ, ផាន់នី អ៊ីរដ្ឋា, នេន សុធារ័ត្ន, នួន បុរី, ណុប តុលា, ប្រាក់ មុន្នីឧត្តម, ពុំ ដារាំង, រឿម ចាន់រឿន, សំអឿន ពិដោរ, សាន់ ធីដេត, សឿយ វិសាល, ស៊ុន វ៉ាន់ដេត, ទិត្យ ឌីណា, ទូច រ៉ូម៉ា, អ្នក​ចាំ​ទី ប្រាក់ មុន្នីភារុណ និង​អ៊ុំ សេរីរ័ត្ន ក្រោម​ការ​ដឹក​នាំ​របស់​លោក ឆាំង ពិសិដ្ឋ គ្រូបង្គោល​ជន​ជាតិកូរ៉េខាង​ត្បូង​លោក Lee Tae Hoon គ្រូ​ជំនួយ​លោក អ៊ុង កនយ៉ានិត លោក អ៊ុំ សាវង្ស លោក ហោ សុខហេង គ្រូ​ចាំ​ទី​លោក អ៊ិន សុខា អ្នក​គ្រូ​ពេទ្យ​ ហៃ សក្ខរី និង ស្រៀង ប៊ុណា។
ជុំវិញសមាស​ភាព​ ដែល​មាន​កីឡាករ​វ័យ​ក្មេងភាគ​ច្រើន​នោះ លោក ឆាំង ពិសិដ្ឋ បាន​និយាយថា៖​«អ្នក​ដែល​ចេញ​ទៅប្រកួត​លើក​នេះ បានហ្វឹក​ហាត់​រួម​គ្នា តាំង​ពី​មុន​យើង​ចេញ​ទៅ​ប្រកួតជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន នៅ​ប្រទេស​អ៊ីរ៉ង់​ទៅទៀត ហើយ​ក្មេងៗ​មក​ពី​ក្រុម​ក្រសួងការពារ​ជាតិ និង​ស្វាយ​រៀង គឺ​យើង​ដាក់​ពួក​គេ​ជំនួស​បងៗ​ដែលជាប់លេង​ក្រប​ខ័ណ្ឌ​លីក ហេតុ​នេះ​លទ្ធ​ភាព​របស់ពួក​គេ​មិន​ដូច​ក្រុម​ធំ​សុទ្ធ​នោះ​ទេ ប៉ុន្តែ​យើងនឹងព្យាយាម​​ប្រកួត​ឲ្យ​អស់​សមត្ថ​ភាព ពីព្រោះ​ការប្រកួត​នេះ​​ជា​ឱកាស​ដ៏​ល្អ​បំផុត​​សម្រាប់​កីឡាករ​របស់យើង​ ពិសេស​កីឡាករ​ក្មេងៗ​ ដើម្បី​បាន​ប្រកួត​ដកស្រង​បច្ចេកទេស ក៏​ដោយ​ជា​ពង្រឹង​សមត្ថភាព​របស់ពួក​គេ​បន្ថែម​ទៀត»។
សម្រាប់​ការ​ប្រកួត 2015 Yunnan, Asean International Football Open Tournament នៅ​ចិន​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណងរឹត​ចំណង​មិត្ត​ភាព​រវាង​ក្រុម​តំណាង​ឲ្យប្រទេស​ស្ថិត​​នៅ​ក្នុង​តំបន់​អាស៊ាន ជាមួយប្រទេស​បង់​ក្លាដេស ពិសេស​​ចិន​តែម្តង ហើយ​បើ​តាម​លិខិត​ផ្លូវការ​របស់​ភាគី​ចិន ដែល​ជា​ម្ចាស់​ផ្ទះ បាន​ផ្ញើ​ឲ្យសហព័ន្ធ​បាល់​ទាត់​កម្ពុជា​ គឺ​ចិន​បាន​អញ្ជើញ​ក្រុមជម្រើស​ជាតិកម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ ឡាវ វៀតណាម និង​បង់ក្លាដេស ​ឲ្យ​ចូល​រួម​ប្រកួត​ជាមួយ​ក្រុម​បាល់​ទាត់​ខេត្ត​យូណាន់ ខណៈ​ការ​ចំណាយ​លើការស្នាក់​នៅ​ ហូប​ចុក និង​ការធ្វើ​ដំណើរ​ក្នុង​ស្រុក ជា​បន្ទុក​របស់​ចិន ចំណែក​សំបុត្រ​យន្ត​ហោះ​ទៅ​មក ជាបន្ទុក​របស់​​ក្រុម​ចូល​រួម​នីមួយៗ៕