វិធី ៣ យ៉ាងដែលអាចជួយ ព្យាបាលការរបួសរបស់អ្នក

ការបែកបាក់គឺ ជៀសមិនផុត។ គ្រាន់តែការបែកគ្នា ដោយហេតុផលផ្សេងៗគ្នា ប៉ុន្តែការឈឺចាប់មិនខុសគ្នាទេ។ ពាក្យថា «បំភ្លេច និង កាត់ចិត្ត» គឺងាយស្រួលក្នុងការនិយាយ ប៉ុន្តែវាពិបាកណាស់ នៅពេលដែលអ្នកអនុវត្តន៍។ ទោះជាយ៉ាងណា, ក៏អ្នកត្រូវតែទទួលយកការពិតដែរ ហើយមានតែខ្លួនអ្នកទេ ទើបអាចជួយខ្លួនអ្នកបាន។ ប្រសិនបើអ្នកចង់អោយរបួសអ្នកឆាប់ជា អាចសាកល្បងអនុវត្តន៍វិធីទាំង ៣ ខាងក្រោមនេះ៖

១. កុំគេចវៀសការពិត
ធ្វើតាមធម្មតា, កុំគេចវៀសការពិត។​ អ្នកឈឺ អ្នកត្រូវទទួលស្គាល់ អ្នកចង់យំត្រូវតែយំ។ បញ្ចេញអារម្មណ៍ឈឺចាប់របស់អ្នកអោយអស់។​ កុំបង្ខំខ្លួនឯង អោយគេចវៀសការពិត កុំព្យាយាមសើចនៅចំពោះមុខគេ។ ពេលណាដែលអ្នកបញ្ចេញវាមកក្រៅអស់ហើយ ខាងក្នុងរបស់អ្នកនឹងធូរស្រាលជាងមុន។

២. សិក្សាពីការឈឺចាប់របស់អ្នក
ជាធម្មតាទេ អ្នកដែលចាកចេញ អាចចាត់ទុកថាខុស។​ ខុសព្រោះធ្វើអ្នកឈឺចាប់ ប៉ុន្តែអ្នកក៏ត្រូវសិក្សាអំពីស្នេហាចាស់មួយនោះដែរ ថាតើអ្នកមានកំហុសទេ ហើយកំហុសនោះមកពីអ្វី? មនុស្សយើងម្នាក់ៗគ្មានអ្នកណាដែលមិនធ្លាប់ខុសទេ អ្នកអាចខុសត្រង់អ្នកឆាប់ជឿទុកចិត្តគេពេក អ្នកខុសត្រង់អ្នកស្រលាញ់គេពេក​ បញ្ចេញអារម្មណ៍ស្រលាញ់ជ្រុលពេក ធ្វើអោយគេបានចិត្ត រហូតធ្វើអោយគេគិតថាការស្រលាញ់របស់អ្នកគឺ គ្មានតំលៃទាល់តែសោះសំរាប់គេ។ ដូច្នេះវាជាមេរៀនមួយសំរាប់អ្នក លើកក្រោយពេលជួបអ្នកថ្មី អ្នកមិនគួរឆាប់ទុកចិត្តគេពេកទេ រឹតតែមិនគួរប្រគល់អ្វីៗគ្រប់យ៉ាងអោយទៅគេ ព្រោះពេលដែលគេចាកចេញទៅ អ្នកនឹងមិនសល់អ្វី។

៣. ឈប់កុហកខ្លួនឯង
បន្ទាប់ពីបែកគ្នារួច អ្នកច្បាស់ជារំពឹងថា «គេនឹងត្រលប់មករកអ្នកវិញ នៅពេលដែលគេគិតឃើញពីកំហុសរបស់គេ រឺពេលដែលគេដឹងថាអ្នកជាមនុស្សសំខាន់សំរាប់គេ» បំភ្លេចចោលនូវគំនិតនេះទៅ។ រឿងដែលអ្នកត្រូវធ្វើនោះគឺ អ្នកត្រូវរស់នៅអោយបានល្អប្រសើរ ជាជាងរស់នៅតោកយាក រង់ចាំតែគេម្នាក់នោះ។ អ្នកត្រូវតែប្រាប់ខ្លួនឯងថា អត់គេក៏អ្នកអាចរស់បានដែរ ហើយអាចរស់នៅយ៉ាងមានក្តីសុខទៀតផង។ មានគេទើបអ្នកលំបាក ព្រោះគេធ្វើអោយអ្នកខ្វល់ចិត្តស្ទើររាល់ថ្ងៃ។ អ្នកព្រួយពីគេ តែគេវិញសោយសុខជាមួយគូកនរបស់គេ។ ដូច្នេះអ្នកត្រូវតែរៀនរស់នៅដោយគ្មានគេ។