កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​ ៤,៣៦៥លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦

រហូតមកដល់ម៉ោងជាង១១៖០០ ថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២​០១៥នេះ សេចក្តីព្រាងច្បាប់ ស្តីពីថវិកាជាតិឆ្នាំ២០១៦ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងហើយ ដោយសំឡេងកូរ៉ុម ៦៦លើ៦៦ដែលបានចូលរួមប្រជុំ។ ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មិនមានវត្តមានតំណាងរាស្ត្រ របស់គណបក្សសង្រ្គោះជាតិនោះទេ។

សូមបញ្ជាក់ថា តាមគម្រោងក្នុងឆ្នាំ២០១៦ខាងមុខនេះ កម្ពុជាគ្រោងនឹងចំណាយ ថវិកាសរុបសម្រាប់ ក្នុងរង្វង់ទឹកប្រាក់១៧.៤៦២.៤៧៧លាន រៀល (ប្រហែល៤.៣៦៥លាន ដុល្លារអាម៉េរិក) ដែលចំនួននេះ មានកំណើន១៦,១ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ស្មើនឹង២១,៣១ភាគរយ នៃផលិតផល ក្នុងស្រុកសរុប (ផ.ស.ស) ។

យោងតាមសេចក្តីព្រាងច្បាប់បានឲ្យដឹងថាទៀត ថវិកាថ្នាក់ជាតិឆ្នាំ២០១៦ មានទិសដៅជាយុទ្ធសាស្រ្ត កំណត់ ចំណាយចរន្ត ឲ្យស្ថិតក្នុងកម្រិតចំនួន ១១ ១៥៦ ៩៨៩ លានរៀល គឺមានកំណើន២០,៣ភាគរយ ធៀបនឹងច្បាប់ឆ្នាំ ២០១៥ ត្រូវជា១៣,៦២ភាគរយនៃផ.ស.ស ដែលក្នុងនោះរួមមាន៖ ក្នុងនោះចំណាយលើបន្ទុកបុគ្គលិក រួមមាន បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ ប្រាក់ឧបត្ថម្ភនិវត្តជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិកក្របខណ្ឌ អចិន្រ្តៃយ៍ មន្រ្តីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន ៥ ៦៣៦ ៣៣៩លានរៀល មានសមាមាត្រ៥០,៥២ភាគរយ នៃចំណាយចរន្តថវិកាជាតិ គឺមានកំណើន២៣,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ក្នុងនោះបានគ្រោង ដំឡើង បៀវត្សមូលដ្ឋានក្នុងអត្រា១២ភាគរយ អនុវត្តចាប់ពីខែមករា ឆ្នាំ២០១៦ និងការដំឡើងប្រាក់បំណាចមុខងារ នឹងត្រូវ អនុវត្តន៍ចាប់ពីខែមេសា ឆ្នាំ២០១៦។

ដោឡែក សម្រាប់ចំណាយក្រៅបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន៥ ៥២០ ៦៥០លានរៀល មានសមាមាត្រ ៤៩,៤៨ភាគរយ នៃចំណាយចរន្តថវិកាជាតិ គឺមានកំណើន១៧,២ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ត្រូវជា៦,៧៤ ភាគរយនៃផ.ស.ស។

ចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវបានវិភាជន៍តាមវិស័យ ដោយផ្អែកលើតម្រូវការ និងអាទិភាពចាំបាច់ដូចជា៖

វិស័យរដ្ឋបាលទូទៅ៖ត្រូវបានគ្រោងចំនួន១ ៥៩៧ ១៨០លានរៀល មានសមាមាត្រស្មើនឹង១៤,៣២ភាគរយ នៃ ចំណាយចរន្តថវិកាថ្នាក់ជាតិ មានកំណើន២១,០ភាគរយធៀប នឹងច្បាប់ឆ្នាំ២០១៥ ត្រូវជា១,៩៥ភាគរយនៃផ.ស.ស។ ក្នុងនោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានគ្រោងចំនួន១១៤ ៨៣៩លានរៀល , រដ្ឋសភាត្រូវ បានគ្រោងចំនួន១៤០ ៦២០លានរៀល , ក្រសួងមុខងារសាធារណៈត្រូវគ្រោងចំនួន៣៨ ៣៦៤លានរៀល ។

វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៖ ត្រូវបានគ្រោងចំណាយចំនួន២៧៧២ ៨៥៧ លានរៀល មានសមាមាត្រស្មើនឹង២៤,៨៥ភាគរយ នៃចំណាយចរន្តថវិកាថ្នាក់ជាតិ មានកំណើន១៩,៧ភាគរយ ធៀបនឹងច្បាប់ ឆ្នាំ២០១៥ ត្រូវជា៣,៣៨ភាគរយនៃផ.ស.ស។ក្នុងនោះ ក្រសួងការពារជាតិ ត្រូវបានគ្រោងចំនួន ១ ៥៥១ ២០៧ លានរៀល , ក្រសួងមហាផ្ទៃ ត្រូវបានគ្រោង ១ ១២៧ ៤១១លានរៀល ។

វិស័យសង្គមកិច្ច៖ ត្រូវបានគ្រោងចំនួន៤ ២៩១ ៤៤១ លានរៀល មានសមាមាត្រស្មើនឹង៣៨,៥ភាគរយ នៃចំណាយ ចរន្តថវិកាជាតិ និងមានកំណើន១៩,៧ភាគរយ នឹងច្បាប់ឆ្នាំ២០១៥។ ក្នុងនោះ ក្រសួងអប់រំ ត្រូវបានគ្រោងចំនួន ២ ០២៩ ៨៩៧លានរៀល , ក្រសួងការងារ ត្រូវបានគ្រោងចំនួន ១៧១ ៣០០លានរៀល , ក្រសួងសុខាភិបាល ត្រូវបានគ្រោង១ ១១០ ៧៩១លានរៀល ។

វិស័យសេដ្ឋកិច្ច៖ ត្រូវបានគ្រោងចំនួន ១ ១៤៥ ៥៥៧លានរៀល មានសមាមាត្រស្មើនឹង១០,៣៥ ភាគរយ នៃចំណាយ ចរន្តថវិកាជាតិមានកំណើន១៦,១ភាគរយ ធៀបនឹងឆ្នាំ២០១៥។ក្នុងនោះក្រសួងកសិកម្ម ត្រូវបានគ្រោង ចំនួន ១៨៨ ០២៥លានរៀល , ក្រសួងធនធានទឹកត្រូវបានគ្រោងចំនួន ៩៣ ៤១៧លានរៀល ក្រសួងសាធារណការ ត្រូវបានគ្រោងចំនួន ៣៦៦ ២៨០លានរៀល,ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រោងចំណាយ១៤៦ ១២៥ លានរៀល។

ជាមួយគ្នានេះដែរ សម្រាប់ឆ្នាំ២០១៦ ការព្យាករកំណើនសេដ្ឋកិច្ចរំពឹងថា កម្ពុជានឹងសម្រេចបានក្នុងរង្វង់ ៧,០ ភាគរយ ដែលធ្វើឲ្យផលិតផលក្នុងស្រុកសរុប(ផ.ស.ស) តាមថ្លៃបច្ចុប្បន្នមានចំនួន៨១ ៩៣៤ប៊ីលានរៀល ប្រមាណ ជា២០២៣១លានដុល្លារ។ ប្រការនេះ បានធ្វើឲ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់ៗរំពឹងថា នឹងទទួលបាន១ ៣២៥ដុល្លារ។

សូមបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០១៥ មានប្រមាណជាង៤ពាន់លានដុល្លារអាម៉េរិក ហើយការអនុវត្តថវិកាកម្មវិធី សាកល្បងពេញលេញ នៅក្នុងក្រសួងចំនួន១០ ក្នុងឆ្នាំ២០១៥ ក៏បានជួយជំរុញឲ្យមានការផ្សារភ្ជាប់ថវិកា ទៅនឹង គោលបំណងគោលនយោបាយ របស់សាមីក្រសួងទាំងនោះ ក៏ដូចជាគោលនយោបាយ ជាអាទិភាពរួមរបស់ រាជរដ្ឋាភិបាលផងដែរ៕