Facebook កំពុងបង្កើត «Video Channel» ដើម្បីប្រជែង YouTube, ដោយដាក់បញ្ជូលនៅ

បណ្ដាញទំនាក់ទំនងយក្ស Facebook ​បានប្រកាសឲ្យដឹងថា ខ្លួនកំពុងតែតេស្ដទៅលើ​ការ​បង្កើត Video Channel សម្រាប់ផ្ដល់ភាពងាយស្រួលដល់​អ្នក​ប្រើ​ប្រាស់ ហើយវានឹងផ្ដល់ដល់ម្ចាស់វីដេអូនូវប្រាក់ចំណូលវិញ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥នេះ។

Facebook បានប្រកាសឲ្យដឹងថា Video Channel នឹងត្រូវបញ្ចូលទៅក្នុង Home Page របស់​អ្នកប្រើប្រាស់ ដោយក្នុងនោះ អ្នកប្រើប្រាស់អាច Save វីដេអូដែលមាននៅក្នុង News Feed ចូលទៅកាន់ Channel ផ្ទាល់ខ្លួនបាន ហើយ Facebook នឹងណែនាំនូវវីដេអូ​ល្អ​ដល់​អ្នក​ប្រើប្រាស់ ដែលវីដេអូទាំងនោះគឺជាវីដេអូទាំងឡាយណាដែល Friends នៅក្នុង Facebook បាន​បង្ហោះ។

លោក Will Cathcart អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកផលិតផលរបស់ Facebook បាន​ថ្លែងឲ្យដឹងថា ក្នុងមួយឆ្នាំមានក្រុមហ៊ុនជាច្រើនបាន​ចំណាយលុយប្រមាណ ២០០ពាន់លានដុល្លារ​អាមេរិក ដើម្បី​ផ្សព្វផ្សាយពាណិជ្ជកម្មតាម TV ប៉ុន្តែ​សម្រាប់​អនាគត ប្រព័ន្ធ​អនឡាញនឹងក្លាយជាប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មជាវីដេអូខ្លាំងជាង TV ហើយលោក​ជឿជាក់ថា ជាង ៣០ភាគរយនៃក្រុមហ៊ុន ទាំងនោះនឹងងាយមកចាប់យក Facebook ជាដៃគូវិញ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានជាង ៤ពាន់លានវីដេអូត្រូវបានអ្នកប្រើប្រាស់ Facebook ទស្សនា​ជារៀងរាល់ថ្ងៃ៕