T.Harv Eker ៖ អ្នកមានប្រើលុយឲ្យធ្វើការ អ្នកក្រធ្វើការដើម្បីលុយ

លោក T.Harv Eker ប្រើពេលតែ ២ឆ្នាំកន្លះប៉ុណ្ណោះ ដើម្បីប្រែក្លាយខ្លួនជាមហាសេដ្ឋី ហើយបច្ចុប្បន្នលោក ជាពាណិជ្ជករ វាគ្មិន គ្រូបណ្តុះបណ្តាលផ្នែកចិត្តសាស្រ្ត និងជាអ្នកនិពន្ធផងដែរ។ សៀវភៅដែលលោកនិពន្ធ និងលក់ជាងគេ ជាប់លេខ ១ នៅសហរដ្ឋអាមេរិក ដែលមានមានចំណងជើងថា “Secrete of The Millionaire Mind” ហើយសៀវភៅនេះបានលក់អស់ជាង ១លានក្បាល។ សិក្ខាសិលាដែលលោកបានបង្កើតឡើង បានទទួលជោគជ័យទូទាំងពិភពលោកនោះ មានឈ្មោះថា​ Millionaire Mind Intensives។ ពាណិជ្ជកម្ម កម្ពុជា សូមលើកយកផ្នត់គំនិតមួយចំនួនរបស់លោក T.Harv Eker មកចែករំលែកដល់ប្រិយមិត្តអ្នកអាន ដូចខាងក្រោម៖

អ្នកមានប្រើលុយឲ្យធ្វើការ អ្នកក្រធ្វើការដើម្បីលុយ៖ អ្នកមានយកលុយ ទៅវិនិយោគក្នុងអាជីវកម្មផ្សេងៗ ហើយលុយទាំងនោះ អាចបង្កើតលុយបានកាន់តែច្រើនថែមទៀត តែផ្ទុយទៅវិញ ចំពោះអ្នកក្រខំធ្វើការរកលុយ មួយថ្ងៃៗយ៉ាងមមាញឹក តែជីវិតនៅតែមិនអាចផ្លាស់ប្តូរស្ថានភាពលំបាកបាន ហើយអ្នកក្រនៅតែមានផ្នត់គំនិតថា រកប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃតែប៉ុណ្ណោះ។

ជីវិតមានតែឆន្ទៈធ្វើអ្វីស្រួល​ៗ គឺជាជីវិតដែលគ្មានភាពជោគជ័យ៖ លោកអ្នកនឹងមិនអាចទទួលបានរបស់ល្អ ឬជោគជ័យដ៏ធំធេងនោះទេ បើលោកអ្នកធ្វើកិច្ចការតូចតាច និងងាយស្រួលនោះ ព្រោះជោគជ័យធំគឺបានមកដោយសារលោកអ្នកមានគោលដៅច្បាស់លាស់់ និងចង់សម្រេចគោលបំណងនោះយ៉ាងខ្លាំង បូករួមទាំងការខិតខំ និងឆន្ទៈយ៉ាងមុះមុតផងដែរ ពោលគឺ បើលោកអ្នកធ្វើអ្វីមួយទៅតាមទម្លាប់ស្រួលៗនោះ ជីវិតរបស់លោកអ្នក ក៏មិនអាចកែប្រែពីអតីតកាល ហើយកុំរំពឹងថាជីវិតលោកអ្នកនឹងទទួលបានជោគជ័យនៅថ្ងៃអនាគតឲ្យសោះ។

យកក្តីសុបិនមកធ្វើជាការពិត ទើបដឹងពីអ្វីដែលខ្លួនត្រូវការ៖ បើលោកអ្នកប្រាថ្នាចង់បានអ្វីមួយ អ្នកត្រូវតែបង្ហាញក្តីស្រលាញ់របស់នោះ ឲ្យខ្លាំងចេញពីចិត្ដរបស់លោកអ្នក ហើយប្រើក្តីស្រមៃឃើញរូបភាពនៃរបស់នោះ ដូចជាលោកអ្នកកំពុងមានរបស់នោះពិតៗនៅពេលនេះ ព្រោះការធ្វើបែបនេះ នឹងជម្រុញចិត្ដរបស់លោកអ្នក ឲ្យចង់បានវាកាន់តែខ្លាំង នោះលោកអ្នកប្រាកដខ្នះខ្នែង ស្វែងរកនូវ មធ្យោបាយ ដើម្បីសម្រេចក្ដីប្រាថ្នាឲ្យបានជាក់ជាមិនខាន។

ត្អួញត្អែរ ជាដំណើររាំងស្ទះនៃភាពជោគជ័យ៖ អារម្មណ៍នឿយហត់ ធុញទ្រាន់ ឬមិនអាចធ្វើអ្វីមួយបាន គឺការត្អូញត្អែររបស់លោកអ្នក ហើយវានឹងរារាំងចិត្តគំនិតរបស់លោកអ្នក មិនឲ្យធ្វើអ្វីមួយទៅមុខរួច ប៉ុន្តែវាគ្រាន់តែជាលេសមួយដែលថា មិនអាចធ្វើទៅរួចតែប៉ុណ្ណោះ ព្រោះលោកអ្នកដឹងហើយថាគ្មានកិច្ចការអ្វីមួយ ដែលមិនអាចធ្វើទៅរួចនោះទេ គ្រាន់តែវាតម្រូវឲ្យលោកអ្នកប្រើរយៈពេលយូរតែប៉ុណ្ណោះ។

សម្លឹងទៅរកគោលដៅហើយ ត្រូវដើរសំដៅទៅរកវា៖ ​លោកអ្នកត្រូវតែបង្កើតគោលដៅឲ្យបានច្បាស់លាស់ ព្រោះថាគោលដៅជាពន្លឺសម្រាប់ជីវិតលោកអ្នក និង ជាក្តីសុបិនដែលតែងតែដក់ជាប់ក្នុងចិត្ត របស់លោកអ្នកជានិច្ច ហើយលោកអ្នកមិនមែន គ្រាន់តែកំណត់គោលដៅនោះទេ លោកអ្នកត្រូវតែមានឆន្ទៈធ្វើវា និងមានការតាំងចិត្តធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលដៅ មិនថាប្រើរយៈពេលយូរប៉ុណ្ណានោះទេ។

កុំរស់នៅដើម្បីតែខ្លួនឯង ត្រូវចែករំលែកទៅអ្នកដ៏ទៃផង៖ ការរស់នៅប្រាស្រ័យទាក់ទងគ្នា ជាការបង្កើតនូវចំណងមិត្តភាពសម្រាប់ការរស់នៅរបស់លោកអ្នក ពោលគឺថា លោកអ្នកត្រូវតែចេះជួួយចែករំលែក ទៅអ្នកដ៏ទៃតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះថាគ្រប់ជីវិតលើភពផែនដីនេះ មិនអាចរស់នៅដោយឯកោរបាននោះទេ ហើយម្យ៉ាងវិញទៀត ការចេះជួយរំលែកដល់អ្នកដ៏ទៃ ប្រាកដណាស់នឹងទទួលបាន ការតបស្នងមកលោកអ្នកជាក់ជាពុំខាន៕