តើគេអាចបំប្លែងពីការគិតថាចង់រកស៊ី ទៅជាការរកស៊ីពិតប្រាកដដោយរបៀបណា?

មុខជំនួញដ៏ល្អតូចមួយគឺតែងតែផ្តើមចេញពីគំនិតដ៏ល្អមួយដែរ ប៉ុន្តែលោកអ្នកត្រូវតែចេះបំប្លែងគំនិតនោះទៅជាសកម្មភាព ឬពាក្យសាមញ្ញនិយាយថា បើគ្រាន់តែថា ហើយមិនធ្វើ គឺវាមិនខ្មោច។ នេះគឺជាអ្វីដែលបុគ្គលជោគជ័យម្នាក់ៗតែងតែមិនដែលមើលរំលងនោះឡើយ។

គ្មានចំងាយរាប់ពាន់យោជន៍ណាដែលមិនចាប់ផ្តើមពីមួយជំហ៊ាននោះទេ។ អ្នកដែលប្រាថ្នាសម្រេចនូវគោលគំនិតធំៗ រមែងចាប់ពីផ្តើមធ្វើពីការងារតូចតាច។ ប្រសិនបើចាប់ផ្តើមដោយគិតជាជំហ៊ានៗខ្លីៗឬតូចៗ លោកអ្នកនឹងផ្តើមដោះស្រាយគិតពីការចាប់ផ្តើមធ្វើវាបន្តិចម្តងៗពោលគឺចាប់ផ្តើមពីតូចទៅធំ ហើយវាមិនអាច ចាប់ផ្តើមពីធំទៅធំបាននោះទេ។ នេះគឺជាកូនសោសំខាន់ៗដើម្បីលោកអ្នកពិចារណាឬទាំងនេះគឺជាគំនិតដែល គម្រោងប្រឹក្សាធនធានមនុស្ស និងការងារ ផ្តល់ជូន លោកអ្នកដើម្បីឲ្យលោកអ្នកអាចយកទៅបំប្លែងជាសកម្មភាពដើម្បីសម្រេចគោលបំណងអាជីវកម្មរបស់លោកអ្នក។

1.អង្គុយសរសេរពីផែនការអាជីវកម្ម(Write a one-page business plan)

គន្លឺះដ៏ត្រឹមត្រូវរបស់អ្នករកស៊ីតូចតាចតែងជោគជ័យគឺត្រូវធ្វើអ្វីដែលលោកអ្នកកំពុងរកស៊ី ឬដែលនឹងត្រូវរកស៊ីជាការធ្វើសាមញ្ញៗ និងចំណាយតិចតួច។ ការចំណាយ មិនមែន សំដៅទៅលើតែថវិការទេតែវាក៏សំដៅដល់ពេលវេលាលោកអ្នកផងដែរ។ អ្នករកស៊ីតូចតាចភាគច្រើនតែងតែចង់ឈានជើងក្លាយជាអ្នករកស៊ីដ៏ធំជាងគេ ការរកស៊ីធំដុំនេះពិតជាត្រូវការផែនការអាជីវកម្មត្រឹមត្រូវ។ ហើយវាពិតជាត្រូវការថវិកាឬអ្នកវិនិយោគ លើសពីនោះលោកអ្នក នឹងត្រូវការសំភារៈផ្សេងៗទៀតជាក់ ជាមិនខាន។ ដោយហេតុនេះហើយបានជាជំនួញតូចតាចគឺជាវិជ្ជាសារសាកល្បងគំនិតរបស់លោកអ្នកមុននឹងចំណាយថវិកា និងចំណាយពេលវេលា ដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយជំនួញធំដុំបាន។

ដូច្នេះដើម្បីចាប់ផ្តើមអាជីវកម្មសាមញ្ញដែលជាវិញ្ញាសារសាកល្បងរបស់លោកអ្នក ផែនការអាជីវកម្មគឺចាំបាច់ដើម្បីជាមគ្គុទេសក៍នៃការកស៊ីរបស់លោកអ្នក។ ផែនការអាជីវកម្មគឺត្រូវកំណត់នូវចំណុចដូចខាងក្រោម៖

ត្រូវកំណត់អំពីទស្សនៈវិស័យvision) តើអ្វីជាអាជីវកម្មរបស់លោកអ្នកដែលត្រូវដើរឲ្យដល់ឬសម្រេចឲ្យបាន?។ បន្ទាប់ពីកំណត់ទស្សនៈវិស័យបានហើយ លោកអ្នក ត្រូវកំណត់អំពីបេសកម្មអាជីវកម្មម្តង(mission)។ បេសកម្មគឺលោកអ្នកត្រូវបញ្ជាក់ថាហេតុអ្វីក៏បង្កើតក្រុមហ៊ុននេះ ឬរកស៊ីរបរនេះ?។ បន្ទាប់មកទៀត គឺត្រូវកំណត់ពី គោលបំណង(objectives)អំពីការរកស៊ីរបស់លោកអ្នកឬក្រុមហ៊ុនរបស់លោកអ្នក តើអ្វីដែលលោកអ្នកនឹងធ្វើ អ្វីជាគោលបំណង ឬអ្វីដែលជម្រុញឲ្យលោកអ្នកសម្រេច បាននូវទស្សនៈវិស័យ និងបេសកម្ម។ បន្ទាប់ពីលោកអ្នកកំណត់បានទស្សនៈវិស័យ បេសកម្ម និងគោលបំណងលោកអ្នកត្រូវស្វែងរកយុទ្ធសាស្ត្រ (strategies) ​ថាតើ លោក អ្នកនឹងសម្រេចបានគោលបំណងដែលបានដាក់ចេញដោយវិធីណាឬរបៀបណា? ចុងក្រោយគឺលោកអ្នកត្រូវតែដាក់ចេញផែនការសកម្មភាព(action plan) ដែលសកម្មភាពទាំងនោះគឺជាសកម្មភាពបណ្តាលឲ្យសម្រេចបាននូវគោលបំណងនៃជំនួញឬរបររកស៊ីរបស់លោកអ្នក។

2. ផែនការហិរញ្ញវត្ថុ (Decide on a budget)

គម្រោងប្រឹក្សាធនធានមនុស្ស និងការងារបានប្រាប់លោកអ្នកថា សូមចំណាយតិច ទៅតាមអ្វីដែលលោកអ្នកអាចធ្វើបានក៏ពិតមែនតែលោកអ្នកក៏ត្រូវកំណត់ បន្ថែមអំពីផែនការថវិកាដើម្បីចាប់ផ្តើម និងរយៈដែលលោកអ្នកអាចចំណាយបានសម្រាប់អាជីវកម្មនេះ។ ប្រសិនបើលោកអ្នកមិនសូវមានថវិកាច្រើនទេ គឺលោកអ្នកត្រូវកំណត់ចំនួនថវិកាហើយគិតថាថវិកានោះយកទៅធ្វើអ្វីមុនគេ។ លោកអ្នកត្រូវគិតពីការចំណាយពីមួយខែទៅមួយខែ និងរយៈពេលចាប់ផ្តើម រហូតដល់លោកអ្នកអាចទទួលបានចំនេញមកវិញ ដោយហេតុថា ការរកស៊ីណាមួយវាកម្រណាស់ដែលថាចាប់ផ្តើមភ្លាមចំនេញភ្លាមៗនោះទ។ យ៉ាងតិចណាស់ ពី៣ខែទៅ៦ខែដែលអាជីវកម្មរបស់លោកអ្នកអាចរកចំនេញបានមកវិញ ឬត្រឹមតែទប់ទល់។ លើសពីនេះក៏ត្រូវមានថវិកាបំរុងផងដែរ។

3. សម្រេចចិត្តធ្វើតាមច្បាប់ ឬក្រៅច្បាប់ (Decide on a legal entity)

ការគោរពទៅតាមច្បាប់តម្រូវសម្រាប់អាជីវកម្មទើបចាប់ផ្តើមគឺត្រូវការចំណាយច្រើន។ លោកអ្នកត្រូវតែតម្លាភាពទៅអ្វីដែលអាជ្ងាធរតម្រូវដូចជា ប៉ាតង់ ឬអាជ្ងាប័ណ្ណ ការចុះបញ្ចីក្រុមហ៊ុន ប៉ុន្តែគឺពិតជាចំណាយថវិកាច្រើនដូចជាការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ជួបមេធាវី ឬអ្នកច្បាប់ដើម្បីជួយរៀបចំឯកសារជាដើម។ ការចំណាយទាំងនេះក៏ជាចំណែកមួយនៃផែនការហិរញ្ញវត្ថុដែរ។

ជាទូទៅនៅដំណាក់កាលសាកល្បងការរកស៊ីតូចតាចគឺមិនគួរចាប់ផ្តើមគិតពីការចុះបញ្ជីក្រុមហ៊ុន ឬសុំប៉ាតង់នៅឡើយទេ ពីព្រោះថាវាអាចជួយកាត់បន្ថយការចំណាយ នាគ្រាដំបូងរបស់លោកអ្នក ប៉ុន្តែការធ្វើបែបនេះគឺវាមានហានិភ័យខ្លាំងណាស់សម្រាប់ការទទួលខុសត្រូវផ្ទាល់ខ្លួន និងមុខរបរឬអាជីវកម្មរបស់លោកអ្នក អ្វីដែលសំខាន់គឺ គួត្រូវពិភាក្សាជាមួយមេធាវី ឬអ្នកច្បាប់ឬអ្នកជំនាញខាងពន្ធដារជាមុន។ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើវិស័យឯកជន ហើយរហូតដល់បាននិយាយ ជាសាធារណៈថាវិស័យឯកជនគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិទៀតផង ប៉ុន្តែផ្ទុយទៅវិញទន្ទឹមនឹងការលើកទឹកចិត្តនេះ អ្នករកស៊ីគឺមានឧបសគ្គ ជាច្រើនដូចជា ចំណាយលើការចុះបញ្ចី ស្នើសុំប៉ាតង់ជាដើមប៉ុន្តែអ្វីដែលសំខាន់បំផុតមួយទៀតគឺថា កម្ពុជាត្រូវតែបញ្ចប់ការរកស៊ីបែបជាលក្ខណៈគ្រួសារដោយហេតុថា សមាហរណកម្មអ៊ាននឹងមកដល់ពេលឆាប់ៗ ហើយកម្ពុជាក៏បានបង្កើតនូវទីផ្សារមួលបត្រដែលអនុញ្ញាតដល់អាជីវកម្មវិជ្ជាជីវៈលក់ និងទិញភាគហ៊ុនបាន។

4. រៀបចំថវិកាឲ្យមានរបៀបត្រឹមត្រូវ (Take care of the money)

ការសម្រេចចិត្តប្រែក្លាយរបររកស៊ីរបស់អ្នកឲ្យទៅជាស្ថាប័ន ឬនៅតែជាផ្ទាល់ខ្លួន ឬជាលក្ខណៈគ្រួសារក្តី លោកអ្នកត្រូវបែងចែកថវិកា ឲ្យបានច្បាស់លាស់ និងដាច់ដោយឡែករវាងលុយរកស៊ី និងលុយផ្ទាល់ខ្លួន។ មូលហេតុថាវានឹងមានកំហុសណាមួយនៅពេលដែលអ្នកត្រូវបង់ពន្ធអាករនានា មានន័យថា លោកអ្នកគួរតែមានបញ្ជីស្ថាមត្រឹមត្រូវ មានលក្ខណៈជាជំនាញវិជ្ជាជីវៈ ដែលអាចផ្ទុយពីទម្លាប់រកស៊ីបែ​បលក្ខណៈគ្រួសារ ការធ្វើបែបនេះ គឺវាមានលក្ខណៈងាយ ស្រួលបំផុតនៅពេលដែលអ្នកសម្រេចចិត្ត ជ្រើសរើសប្រែក្លាយ ពីការរកស៊ី មិនពេញលេញតាមលក្ខណៈច្បាប់ទៅ ជាពេញលេញតាមច្បាប់នៅពេលណាមួយ។ លើសពីនេះលោកអ្នក នឹងមានភាពងាយស្រួល នៅពេលត្រូវការហិរញ្ញវត្ថុ ពង្រីកមុខរបរធំជាងមុន ឬអាចលក់ភាគហ៊ុននៅទីផ្សារមូលបត្រក៏បាន។

5. បង្កើតវែបសាយ (Get your website)

មិនថាជំនួញរបស់លោកអ្នកតាមរយៈ online ឬមិនមែន online លោកអ្នកត្រូវតែបង្កើតវែបសាយជាដាច់ខាត ពីព្រោះថា អតិថិជន ឬសាធារណជន អាចពិគ្រោះជាមួយ វែបសាយអំពីជំនួញរបស់លោកអ្នកមុននឹងពួកគេសម្រេចិត្តរកស៊ីជាមួយអ្នក។ ជាពិសេស វាជាមធ្យោបាយដើម្បីផ្សព្វផ្សាយអំពីជំនួញ របស់លោកអ្នកទៅពិភពលោក។

6. លក់សាកល្បង (Test sales)

នៅពេលដែលលោកអ្នករៀបចំបានរួចរាល់ទៅតាមអ្វីដែលរៀបរាប់ខាងលើ ចូរកុំបង្អង់លោកអ្នកអាចលក់សាកល្បងបាន។ប្រសិនបើលោកអ្នកធ្វើជំនួញជាសេវាកម្ម លោកអ្នកត្រូវតែរត់ទៅរកបណ្តាញក្រុមអ្នកជំនួញផ្សេងៗដើម្បីបង្ហាញពីសេវាកម្ម របស់លោកអ្នកទៅពួក គេប្រសិនបើលោកអ្នកធ្វើជំនួញពីផលិតផលសាកល្បង ផលិតផលរបស់លោកអ្នកទៅទីផ្សារដើម្បីដឹងថា តើទីផ្សារគេគិតបែបណាចំពោះផលិតផលរបស់លោកអ្នកការធ្វើរបៀបនេះគឺលោកអ្នកនឹងមិនចំណាយពេលវេលា និងថវិកាច្រើនឡើយ។ តំណាក់កាលទាំង៦នេះគឺលោកអ្នកអាចប្រតិបត្តិតាមហើយវានឹងអាចជួយលោកអ្នកជាគំនិតពិចារណាមុននឹងសម្រេចចិត្តធ្វើពាណិជ្ជកម្ម៕