មុនសង់ផ្ទះ អគារ បុរី ត្រូវបំពេញបែបបទអ្វីខ្លះ?

លោក​មេធាវី ខាន់ សិរីវុទ្ធី ជា​សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មជ្ឈត្តករ​ផ្នែក​ពាណិជ្ជកម្ម​នៃ​មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម “ម.ជ.ម"។ 

លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​ជំនាន់​ទី ១ ក្នុង​ឆ្នាំ ១៩៩៧ នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នីតិសាស្ត្រ​ឯកទេស​នីតិឯកជន​ក្នុង​ឆ្នាំ ២០០៧ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ លោក​មេធាវី​ក៏​បាន​ទៅ​សិក្សា​ស្រាវជ្រាវ​ច្បាប់​អន្តរជាតិ​បន្ថែម​នៅ​បរទេស​ដូចជា​ថៃ ម៉ាឡេស៊ី ចិន ជប៉ុន អូស្ត្រាលី និង​នូវែលសេឡង់។

លោក មេធាវី ខាន់ សិរីវុទ្ធី បាន​ប្រឡង​ជាប់​ផ្នែក​ជំនាញ​ច្បាប់​មជ្ឈត្តកម្ម និង​ការ​អនុវត្ត​ដោយ​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​មជ្ឈត្តករ​នៃ​ប្រទេស​សិង្ហបុរី (Singapore Institute of Arbitrators)។

បច្ចុប្បន្ន​នេះ ​លោក ខាន់ សិរីវុទ្ធី ជា​សមាជិក​នៃ​ក្រុម​មេធាវី​ប៊ូនូ&អ៊ុក ដែល​មាន​ការិយាល័យ​នៅ​មជ្ឈមណ្ឌល​ភ្នំពេញ​បន្ទប់​លេខ ៤៨៥ អគារ​ F ​ជាន់​ទី ​៤ ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ 

លោក​ក៏​ជា​អតីត​សមាជិក​ក្រុម​មេធាវី​ការពារ​ក្តី​នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហៅថា​តុលាការ​ខែ្មរ​ក្រហម​ (អវតក​) ផង​ដែរ។ 

លោក ខាន់ សិរីវុទ្ធី បាន​ផ្តល់​បទសម្ភាស​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្តីពី​បែបបទ និង​នីតិវិធី​ក្នុង​ការ​សុំ​ច្បាប់​ដើម្បី​សាងសង់​អគារ ផ្ទះល្វែង បុរី​ ឬ​ខុនដូ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖ 

សំណួរ ១ : យោង​តាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សាងសង់​នូវ​សំណង់​អគារ ផ្ទះល្វែង បុរី ឬ​ខុនដូ​សម្រាប់​លក់ ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​នោះ​តើ​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​សំណង់​នោះ​ត្រូវ​តម្រូវ​ឲ្យ​មាន​អ្វីខ្លះ?

ម្ចាស់​សំណង់​ផ្ទះល្វែង ឬ​សំណង់​បុរី​ត្រូវ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​មុន​នឹង​សាងសង់​សំណង់​អ្វី​មួយ។ តាម​ច្បាប់​ស្តីពី​ការ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​អនុក្រឹត្យ​ស្តីពី​លិខិត​អនុញ្ញាត​សាងសង់​រាល់​ការ​សាងសង់​សំណង់​ណា​មួយ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​វៀរ​លែង​តែ​សំណង់​មួយ​ចំនួន​ដែល​មិន​តម្រូវ​ឲ្យ​សុំ​លិខិត​អនុញ្ញាត​ដូចជា សំណង់​ជា​លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ជនបទ ឬ​ឆ្ងាយ​ពី​ផ្លូវជាតិ និង​ឆ្ងាយ​ពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេតិកភណ្ឌ​ជាតិ និង​តំបន់​រក្សា​ការពារ​ជាដើម។ ចំពោះ​អ្នក​អភិវឌ្ឍន៍​អចលនវត្ថុ​ដែល​គេ​ស្គាល់​ភាគច្រើន​ជា​ម្ចាស់​គម្រោង ផ្ទះល្វែង បុរី ឬ ខុនដូ នោះ ត្រូវតែ​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​អភិវឌ្ឍន៍​អចលនវត្ថុ​ទៅ​តាម​ប្រភេទ ឬ​ទំហំ​នៃ​ការ​អភិវឌ្ឍ​អចលនវត្ថុ​ពី​ក្រុម​ការងារ​អន្តរក្រសួង​ដែល​ស្ថិត​ក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ បុគ្គល​អភិវឌ្ឍន៍​អចលនវត្ថុ​នេះ​ត្រូវតែ​មាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​អចលនវត្ថុ​ទើប​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ប្រកាស​លក់​ផ្ទះ ឬ​សំណង់​អគារ​របស់​ខ្លួន​បាន (ប្រកាស​លេខៈ ១២២២ សហវ.ប្រក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ)។

សំណួរ២: តើ​ម្ចាស់​ផ្ទះ​ល្វែង ឬ​សំណង់​អគារ​ត្រូវ​បំពេញ​បែបបទ​បែប​ណា ឬ​ត្រូវ​រត់​ការ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ណា​ខ្លះ​ដែរ?

ម្ចាស់​សំណង់​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​អនុញ្ញាត​សាងសង់​ហើយ​ពាក្យ​ស្នើសុំ​នេះ​ត្រូវ​មាន​ឯកសារ និង​ប្លង់​ចាំបាច់។ ឯកសារ និង​ប្លង់​ចាំបាច់​សម្រាប់​ភ្ជាប់​ពាក្យ​សុំ​អនុញ្ញាត​សាងសង់​សំណង់​ធំៗ​ត្រូវ​រៀបចំ​ដោយ​ស្ថាបត្យករ​ខ្មែរ​មាន​សញ្ញាបត្រ ឬ​ជន​ណា​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច។ ពាក្យ​ស្នើសុំ​អនុញ្ញាត​សាងសង់​ត្រូវ​យក​មក​ដាក់​សុំ​ដោយ​ម្ចាស់​កម្មសិទ្ធិ​ដី ឬ​អ្នក​បាន​ទទួល​សិទ្ធិ​ពី​ម្ចាស់​កម្មសិទ្ធិ។ ពាក្យ​សុំ​អនុញ្ញាត​នេះ​ត្រូវ​មាន​ភ្ជាប់​មក​ជាមួយ​ផង​នូវ​ឯកសារ​បញ្ជាក់​អំពី​កម្មសិទ្ធិ​របស់​ម្ចាស់​ដី។ ពាក្យ​សុំ​លិខិត​អនុញ្ញាត​សាងសង់ និង​បណ្តា​ប្លង់​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ម្ចាស់​ដី និង​អ្នក​ធ្វើ​គម្រោង។ កាលណា​អ្នក​សុំ​ពុំមែន​ជា​ម្ចាស់​កម្មសិទ្ធិ​អ្នក​សុំ​ដែល​ទទួល​សិទ្ធិ​ពី​ម្ចាស់​កម្មសិទ្ធិ​ក៏​ត្រូវ​ចុះហត្ថលេខា​លើ​សំណុំ​លិខិត​ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត​សាងសង់​ដែរ។ ចំពោះ​សមត្ថកិច្ច​ដែល​ចេញ​លិខិត​អនុញ្ញាត​គឺ​មាន​សាលា​ខេត្ត និង​សាលា​ក្រុង​សម្រាប់​ការ​សាងសង់​សំណង់​ដែល​មាន​ផ្ទៃក្រឡា​កម្រាស់​តិច​ជាង​ពី​ ៣ ០០០ ម៉ែត្រ​ទ្វេគុណ។ ចំពោះ​បណ្តា​សំណង់​ដែល​មាន​ផ្ទៃ​ក្រឡា​កម្រាស់​លើស​ពី ៣ ០០០ ម៉ែត្រ​ទ្វេ​គុណ​គឺជា​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់។ សំណុំ​លិខិត​សុំ​ការ​អនុញ្ញាត​សាងសង់​ចំពោះ​ក្រុង​ភ្នំពេញ និង​ទីក្រុង​ដទៃ​ទៀត​ត្រូវ​ដាក់​នៅ​ការិយាល័យ​សុំ​លិខិត​អនុញ្ញាត​សាងសង់ (មន្ទីរ​រៀបចំ​ក្រុង និង​សំណង់) ហើយ​ចំពោះ​ខេត្ត​ត្រូវ​ដាក់​នៅ​សាលា​ស្រុក ឬ​សាលា​ខេត្ត​ (មន្ទីរ​សំណង់)។

សំណួរ ៣: តើ​ម្ចាស់​អ្នក​ស្នើ​សុំ​សាងសង់​ត្រូវ​មាន​ឯកសារ​អ្វី​ខ្លះ​ដើម្បី​បាន​លិខិត​អនុញ្ញាត​សាងសង់ ឬ​ហៅថា​ច្បាប់​សាងសង់​នោះ?

អ្នក​ស្នើសុំ​ត្រូវ​មាន​ពាក្យ​សុំ​លិខិត​អនុញ្ញាត​សាងសង់​ដែល​ត្រូវ​ធ្វើ​លើ​គំរូ​លិខិត​ជា​ផ្លូវការ​ហើយ​ត្រូវ​មាន​ភ្ជាប់​សំណុំ​លិខិត​មួយ​ចំនួន​ដែល​ចាំបាច់​ដូច​ខាង​ក្រោម ៖

១.វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬ​លិខិត​កាន់កាប់​ដី​បណ្តោះអាសន្ន ២.សលាកបត្រ​ដីឡូត៍ ៣.ប្លង់​ទីតាំង​អគារ​ក្នុង​ដីឡូត៍ ៤.ប្លង់​អគារ​គ្រប់​ជាន់ ៥.ប្លង់​ផ្នែក​បណ្តោយ​ក្រោម​ដី​នានា និង​អាង​បង្គន់​មាត្រដ្ឋាន ១:១០០ ៦.ប្លង់​ពុះ​ពីរ​យ៉ាង​តិច​មាត្រដ្ឋាន ១:១០០ ៧. តារាង​ផ្ទៃ​ក្រឡា​មួយ​សម្រាប់​ជាន់​នីមួយៗ ៨.សាលាកបត្រ​គណនា​ផ្ទៃ​បាត​ផ្ទាល់​ដី​ និង​សន្ទស្សន៍​នៃ​ការ​ប្រើប្រាស់។ អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​តម្រូវ​បន្ថែម​នូវ​ឯកសារ​មួយ​ចំនួន​ទៀត​ទៅ​តាម​ទំហំ ឬ​ផល​ប៉ះពាល់​នៃ​គម្រោង​អគារ។

សំណួរ៤: តើ​អ្នក​ស្នើ​សុំ​លិខិត​អនុញ្ញាត​សាងសង់​អាច​ទទួល​បាន​លិខិត​អនុញ្ញាត​សាងសង់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឬ​ខែ​ដែរ​ទៅ?

អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ពិនិត្យ​សំណុំ​លិខិត​សុំ​លិខិត​អនុញ្ញាត​សាងសង់ និង​សម្រេច​ក្នុង​រយៈពេល ៤៥ ថ្ងៃ​ធ្វើការ។ រយៈពេល​នេះ​គិត​ចាប់ពី​ថ្ងៃ​ដែល​រាល់​លិខិត​ស្នាម​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត​សាងសង់​បាន​បំពេញ​សព្វ​គ្រប់។ ក្នុង​ករណី​គ្មាន​ចម្លើយ​ណា​មួយ​ពី​អាជ្ញាធរ​នោះ​ត្រូវ​ចាត់​ទុក​បាន​ចម្លើយ​ជា​វិជ្ជមាន៕

(សូម​រង់ចាំ​អាន​លេខ​ក្រោយ​ទៀត) ប្រភព postkhmer.com