Twitter យល់ព្រមបន្ថែមមុខងារ «Edit» តាមការស្នើសុំរបស់តារាសម្តែង Kim Kardashian

បណ្ដាញទំនាក់ទំនងសង្គម Twitter បានយល់ព្រមបន្ថែមមុខងារ «Edit» ចូលទៅក្នុងបណ្ដាញសង្គម​របស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ អាចធ្វើការ Edit នូវអ្វីដែលគេបានបង្ហោះ ដោយ​បានបន្ថែមមុខងារនេះ ត្រូវបានធ្វើឡើងក្រោយពេលមានការស្នើសុំ និងលើកឡើងពីសំណាក់តារាសម្ដែង Kim Kardashian ភរិយារបស់តារាចម្រៀងរ៉េប Kanye West នេះបើយោងតាមការចុះផ្សាយ​របស់ Business Insider ចុះផ្សាយនៅថ្ងៃអាទិត្យនេះ។

លោក Jack Dorsey សហស្ថាបនិក និងជានាយកប្រតិបត្តិ Twitter បណ្ដោះអាសន្ន បានឲ្យដឹងថា សំណើរបស់ Kim Kardashian គឺជាចំណុចមួយដែលល្អបំផុត ខណៈដែលក្រុមហ៊ុនកំពុងតែ​សំឡើង​រកវិធីសាស្ត្រទាក់ទាញអ្នកប្រើប្រាស់។ Kim Kardashian បានបង្ហោះសារនៅលើ Twitter របស់​នាងថា «បើសិនជា Twitter អនុញ្ញាតឲ្យអ្នកប្រើអាចធ្វើការកែប្រែនូវសារដែលបង្ហោះនោះពិតជាល្អ»

គួរបញ្ជាក់ផងដែរថា មានបុគ្គលិកដែលបម្រើការងារនៅក្នុងបណ្ដាញ Twitter ក៏ធ្លាប់បានលើកយកចំណុចនេះទៅប្រាប់លោក Jack Dorsey ផងដែរ កាលពីឆ្នាំ ២០១៣ ហើយមាន​អ្នកប្រើជាច្រើនក៏បាន​រអ៊ូពីបញ្ហានេះ ប៉ុន្តែទើបតែពេលនេះ នៅពេលដែល Kim Kardashian បង្ហោះសារ លោក Jack Dorsey ក៏បានទទួលយក និងនិយាយថា វាគឺជា​គំនិតដ៏អស្ចារ្យបំផុត៕