៨ ចំណុច​ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង

តើ​លោក​អ្នក​ធ្លាប់​បាត់បង់​ទឹកចិត្ត លែង​ចង់​ធ្វើ​អ្វី​ផ្សេង​ៗ​បន្ទាប់​ពី​ជួប​រឿង​មិនល្អ ដូច​ជា​បញ្ហា​បរាជ័យ​នានា​ដែរ​ឬទេ? ហើយ​ពេល​បាត់បង់​ទឹកចិត្ត កើតទុក្ខ គ្មាន​អ្នក​ណា​ជួយ​លើកទឹកចិត្ត តើ​ប្រិ​យ​មិត្ត​មាន​អារម្មណ៍​យ៉ាងណា? បើ​គ្មាន​អ្នក​ណា​ជួយ​ជម្រុញ​ទឹកចិត្ត​ទេ នៅ​ចាំ​កើតទុក្ខ​ដល់​ណា ម៉េច​ក៏​មិន​លើកទឹកចិត្ត​ខ្លួនឯង​វិញ​ទៅ? ដើម្បី​ឱ្យ​ប្រិ​យ​មិត្ត​យល់​ដឹង​ពី​ការ​លើកទឹកចិត្ត​ខ្លួនឯង គេហទំព័រ Everyday សូម​លើកយក​ចំណុច 8 សម្រាប់​លោក​អ្នក​មក​អនុវត្ត​តាម​។

១, ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​សាមញ្ញ និង​នៅ​ជិត​មនុស្ស​ល្អ​ៗ៖

កិច្ចការ​សាមញ្ញ​ងាយ​ៗ និង​នៅ​ក្បែរ​មនុស្ស​ដែល​ល្អ​ៗ អាច​ឱ្យ​លោក​អ្នក​ស្វាង​គំនិត និង​ចាប់ផ្ដើម​ធ្វើ​ឱ្យ​កិច្ចការ​ផ្សេង​ៗ​ដោយ​វិធី​សាមញ្ញ តែ​សប្បាយចិត្ត​។

២, រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ល្អ​ឱ្យ​បាន​ច្រើន​៖ 

លោក​អ្នក​ត្រូវ​បង្កើន និង​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ និង​ល្អ​ជាមួយនឹង​មនុស្ស​ល្អ​ឱ្យ​បាន​ច្រើន ព្រោះថា​មនុស្ស​ល្អ​ៗ​អាច​ជួយ​ជម្រុញ​ឱ្យ​លោក​អ្នក​ធ្វើ​កិច្ចការ​ផ្សេង​ៗ​កាន់តែ​ល្អ​ជាង​មុន​។

៣, រៀន​ជា​និច្ច​៖

អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​សុទ្ធតែ​ជា​មេរៀន​ទាំងអស់​។ លោក​អ្នក​អាច​សិក្សា​វត្ថុ​ទាំងនោះ ឬ​ក៏​អាន​សៀវភៅ​ល្អ​ៗ​។ គំនិត​ដែល​បាន​មក​ពី​ការ​សិក្សា​របស់​ជុំវិញ​ខ្លួន និង​ការ​អាន​សៀវភៅ​ល្អ​ៗ អាច​ជា​ទុន​ដ៏​សំខាន់​ក្នុង​ការ​បង្កើត និង​អនុវត្ត​គម្រោង​ណាមួយ​។

៤, រក្សា​ភាព​សុទិដ្ឋិនិយម​ជា​និច្ច​៖

មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​ក្នុង​ខ្លួន ជា​មនុស្ស​ដែល​រីករាយ​បំផុត​។ ពេល​ដែល​លោក​អ្នក​រីករាយ មិន​ថា​ឧបសគ្គ​នោះ​យ៉ាងម៉េច​ទេ លោក​អ្នក​ប្រាកដជា​អាច​ដោះស្រាយ​បាន​ទាំងអស់​។

៥, ឈប់​គិត​ពី​រឿង​ឥតប្រយោជន៍​៖

ចំណាយពេល​គិត​រឿង​ឥតប្រយោជន៍​មិន​ជួយ​លោក​អ្នក​ទេ តែ​វា​កាន់តែ​ធ្វើ​ឱ្យ​លោក​អ្នក​ស្មុ​គ្រ​ស្មាញ​ទៅ​វិញ​។

៦, ស្គាល់​ខ្លួនឯង​ច្បាស់​៖

មនុស្ស​ដែល​មិន​ស្គាល់​ខ្លួនឯង​ច្បាស់ មិន​អាច​មាន​ថាមពល​លើកទឹកចិត្ត​ខ្លួន​ឡើយ​។

៧, កត់សម្គាល់​ពី​ការ​អភិវឌ្ឍ​កិច្ចការ​៖

រាល់​កិច្ចការ​ដែល​បាន​ធ្វើ លោក​អ្នក​ត្រូវ​កត់ត្រា​វា​ទុក​។ លទ្ធផល​ល្អ​អាច​ធ្វើ​ឱ្យ​លោក​អ្នក​សប្បាយចិត្ត និង​កាន់តែ​ធ្វើ​ឱ្យ​ល្អ​ជាង​មុន​ទៀត​។ ឯ​លទ្ធផល​អវិជ្ជមាន​វិញ​អាច​ធ្វើ​ឱ្យ​លោក​អ្នក​ស្វែង​យល់​ពី​ចំណុច​អវិជ្ជមាន​ទាំងនោះ និង​ខិតខំ​កែ​ច្នៃ​វា​ឱ្យ​ល្អ​ឡើង​វិញ​។

៨, ជួយ​អ្នក​ដទៃ​៖

ការ​ចែករំលែក​គំនិតល្អ​ៗ ជួយ​ទុក្ខ​ធុរៈ​អ្នក​ដទៃ និង​ជួយ​លើកទឹកចិត្ត​អ្នក​ដែល​មាន​បញ្ហា អាច​ធ្វើ​ឱ្យ​លោក​អ្នក​បាន​យល់​ពី​តម្លៃ​នៃ​ការ​លើកទឹកចិត្ត និង​ខិតខំ​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍ល្អ​ថែម​ទៀត​។

ក្រៅពី​ចំណុច​ទាំង 8 ខាងលើ ប្រិ​យ​មិត្ត​ទាំងអស់​គ្នា​ប្រាកដជា​មាន​វិធីសាស្ត្រ​ផ្សេង​ៗ​ទៀត​ជា​មិន​ខាន​ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​នោះ​។ ហើយ​ត្រូវ​ចាំ​ថា “​បើ​គ្មាន​អ្នក​ណា​លើកទឹកចិត្ត​យើង​ទេ យើង​ត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង​” ហើយ​មិន​ត្រូវ​បាក់ទឹកចិត្ត​ឡើយ បើសិនជា​ជួបនឹង​បញ្ហា​ជីវិត​ផ្សេង​ៗ​នោះ​។ ចូរ​បង្កើន​ភាព​សប្បាយ​ក្នុង​ជីវិត និង​កាត់​បន្ថយ​ភាព​សោកសៅ​ឱ្យ​អស់ពី​ជីវិត​៕