៣៦ ចំណុចដើម្បី​រក្សា​ស្នេហា​ប្ដី​ប្រពន្ធ​អ្នក​ឲ្យ​ផ្អែម​ល្ហែម​ដល់ចាស់

ពាក្យ​ស្លោក​ដែល​ថា «ស្នេហា​ដ៏​ក្ដៅ​គគុក​កើត​ចេញ​ពី​ចង្ក្រាន​បាយ» នោះ​ប្រហែល​ជា​មិន​សូវ​ស៊ាំ​ត្រចៀក​សម្រាប់​អ្នក​ដែល​មិន​ទាន់​រៀប​ការ ឬ​អ្នក​ដែល​ទើប​នឹង​រៀប​ការ​ថ្មី​ថ្មោង​នោះ​ទេ។ យ៉ាង​ណា​មិញ ប្ដី​ប្រពន្ធ​ដែល​រៀប​ការ​យូរ​ឆ្នាំ​ហើយ មុខ​ជា​យល់​ស្ថានភាព​នេះ​ជាក់​ជា​មិន​ខាន។ នៅ​ពេល​ដែល​គូ​ស្នេហ៍​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ដំបូង ភាព​ផ្អែម​ល្ហែម​ប្រហែល​ជា​តម្រូវ​ឲ្យ​មាន​បាច់​ផ្កា អាហារ​ពេល​ល្ងាច​ក្រោម​ពន្លឺ​ភ្លើង​ទៀន និង​ការ​រួម​មេត្រី​គ្នា​យ៉ាង​ស្អិត​ល្មួត​។ ប៉ុន្តែ នៅ​ពេល​រួម​រស់​ជាមួយ​គ្នា​យូរ​ៗ​ទៅ នីតិ​វិធី​នៃ​ការ​បង្ហាញ​ក្ដី​ស្រឡាញ៉​ក៏មាន​ការ​វិវត្ត​ទៅ​តាម​នោះ​ដែរ។

ដើម្បី​ស្វែង​រក​ចម្លើយ​ឆ្ពោះ​ទៅ​រក​ភាព​ផ្អែម​ល្ហែម​បាន​យូរ​អង្វែង ភ្នំពេញ​ ប៉ុស្ដិ៍ ព្យាយាម​លើក​យក​ចំណុច​ណែនាំ​ល្អៗ​ចំនួន ៣៦ ចំណុច ដែល​ចម្រាញ់​ចេញ​ពី​ការបទ​ពិសោធ​គូ​ស្វាមី​ភរិយា​មួយ​ចំនួន​ ដែល​បាន​រួម​រស់​ជា​មួយ​គ្នា​ចាប់​ពី​ប្រាំ​ឆ្នាំ​ឡើង​ទៅ។ ការ​ថែ​រក្សា​ចំណង​ស្នេហា​ឲ្យ​នៅ​ល្អិត​ល្មួត គឺ​អាស្រ័យ​លើ​ពេលវេលា និង​ការ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាង​ណា​មិញ គ្រាន់​តែ​និយាយ​តែ​មាត់ វា​គ្មាន​ខ្លឹម​សារ​ដូច​ទង្វើ​ជាក់​ស្ដែង​នោះ​ទេ។ ខាង​ក្រោម​នេះ ​គឺ​ជា​បទ​ពិសោធ​ល្អ​ៗ​ ៣៦ ចំណុច​ ដែល​អ្នក​អាច​ដក​ស្រង់​ខ្លះ​ៗ​យក​មក​ប្រើ​ប្រាស់​ទៅ​តា​ម​ស្ថាន​ភាព​ជាក់​ ស្ដែង មិន​ថា​ ចំពោះ​ភាគី ស្វាមី ឬ​ភរិយា​នោះ​ទេ។
​នៅ​ពេល​ដែល​ស្វាមី ឬ​ភរិយា​របស់​អ្នក កំពុង​ធ្វើ​ការ​នៅ​មុខ​កុំព្យូទ័រ ឬ​ធ្វើ​កិច្ចការ​ផ្ទះ​ផ្សេង​ៗ អ្នក​អាច​យក​អាហារ​សម្រន់ និង​ទឹក​ទៅ​បញ្ចុក​ ដើម្បី​បង្ហាញ​ពី​កម្លាំង​ចិត្ត​ដែល​អ្នក​ចង់​ផ្ដល់​ឲ្យ​គាត់។

២​. នៅ​ពេល​ដែល​ស្វាមី ឬ​ភរិយា​របស់​អ្នក​ឈឺ ឬ​មិន​ស្រួល​ខ្លួន នោះ​គឺ​ជា​វេលា​ដ៏​សំខាន់​បំផុត​ ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន។ ការ​ថ្នាក់​ថ្នម មើល​ថែ​គាត់​ឲ្យ​បាន​ល្អ គឺ​ជា​ឱសថ​ដ៏​ឆាប់​ឆុត​ជាង​ថ្នាំ​វិទ្យាសាស្ត្រ​ទៅ​ទៀត ហើយ​វា​ក្លាយ​ជា​គុណ​សម្បត្តិ​ពិសេស​មួយ​ ដែល​មាន​តម្លៃ​ធ្វើ​ឲ្យ​គាត់​មិន​អាច​ដក​ចិត្ត​ពី​អ្នក​បាន។

៣. យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ អ្នក​គួរ​តែ​សហការ​គ្នា​ចម្អិន​អាហារ​នៅ​ចង្ក្រាន​បាយ​ ដោយ​​មាន​ចាក់​បទ​ចម្រៀង​ ដែល​ទាំង​ពីរ​នាក់​ចូល​ចិត្ត​ស្ដាប់​បង្ហើរ​មក​ល្វើយ​តាម​វាតា។

៤. ការ​ផ្ញើ​សារ​សាសង​គ្នា មិន​មែន​សម្រាប់​តែ​សង្សារ​ថ្មី​ថ្មោង​នោះ​ទេ។ អ្នក​ក៏​អាច​បង្ហើរ​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​ទៅ​ស្វាមី ឬ​ភរិយា​របស់​អ្នក​ម្ដង​ម្កាល​ដែរ។ វា​នឹង​ធ្វើ​ឲ្យ​ស្វាមី ឬ​ភរិយា​របស់​អ្នក ​ព្រឺ​សម្បុរ អស់​សំណើច និង​ចម្លែក​ក្នុង​ចិត្ត។ អារម្មណ៍​ទាំង​នេះ ពិត​ជា​ពិបាក​លប់​ចេញ​ពី​ខួរ​ក្បាល​ណាស់។

៥. ដៃ​គូ​​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា ត្រូវ​ស្វែង​យល់​ពី​ចំណូល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា ឈ្មោះ​ស៊ីឌី​ចម្រៀង ភាពយន្ត សៀវភៅ និង​ម៉ាក​ផលិត​ផល ​​ដែល​ស្វាមី ឬ​ភរិយា​របស់​អ្នក ​ចូល​ចិត្ត។ បើ​​អ្នក​ចម្រៀង​សំណព្វ​របស់​ស្វាមី ឬ​ភរិយា​របស់​អ្នក មាន​ចេញ​វ៉ុល​ថ្មី​នោះ តើ​អ្នក​ចាំ​អី​ទៀត​ ម៉េច​ក៏​មិន​ទិញ​យក​ទៅ​ផ្គាប់​ចិត្ត​គាត់?

៦. ក្រៅ​ពី​សារ​អេឡិច​ត្រូនិក កាត​សរសេរ​ដោយ​ដៃ​ផ្ទាល់​ពិត​ជា​មាន​អត្ថ​ន័យ​ណាស់។ បន្ទាប់​ពី​អ្នក​លុប​លាង​មុខ​ពេល​ព្រឹក​រួច សរសេរ​ភាសា​ផ្អែម​ល្ហែម​ដូច​ជា «ឆ្លុះ​កញ្ចក់​មើល មុខ​អូន​ (ឬ​បង) ចុះ ​មាន​ស្នាម​ទឹកមាត់ គួរ​ឲ្យ​ស្រឡាញ់​​ណាស់» ហើយ​យក​វា​បិទ​លើ​កញ្ចក់​បន្ទប់​ទឹក។ សាក​ទាយ​ទៅ​មើល ពេល​ដែល​​ស្វាមី ឬ​ភរិយា​របស់​អ្នក ចូល​ទៅ​ឃើញ តើ​គាត់​នឹង​មាន​អារម្មណ៍​រីករាយ​ចម្លែក​ក្នុង​ចិត្ត​យ៉ាង​ណា។

៧. ការ​លាង​ចាន បោក​គក់​ខោអាវ រលាស់​កម្រាល​ពូក​ហាល ឬ​រៀប​គ្រែ​ជាមួយ​គ្នា​បណ្ដើរ ប្រឡែក​គ្នា​បណ្ដើរ ពិត​ជា​សកម្មភាព​ ដែល​អាច​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ដទៃ​ច្រណែន​មែន។

៨. នៅ​ល្ងាច​សម្រាក​ពី​ការងារ អ្នក​អាច​ដឹក​ដៃ​ស្វាមី ឬ​ភរិយា​របស់​អ្នក ទៅ​រក​ជួល​ឌីស​ភាពយន្ត​ និង​ទិញ​ចំណី​ឆ្ងាញ់​ៗ ​ទុក​គ្រាន់​ញ៉ាំ​ក្លែម​សាច់​រឿង​នៅ​នៅ​រាត្រី​យប់​ស្ងាត់។

៩. ជំនឿ​សាសនា គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​។ ការ​ទៅ​វត្ត​ថ្វាយ​ព្រះ​ ឬ​វិហារ​បួង​សួង​ជាមួយ​គ្នា​ជា​ទម្លាប់​នោះ ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ស្រស់​ថ្លា គេច​ផុត​ពី​ភាព​ល្អក់​កករ។

 ១០. ទោះ​បី​ជា​រៀប​ការ​ច្រើន​ឆ្នាំ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ ចាស់​ទុំ​មែន ប៉ុន្តែ​ចូរ​ចាស់​ទុំ​តែ​ចិត្ត​គំនិត ​បាន​ហើយ ឯ​រឿង​ស្នេហា​ប្ដី​ប្រពន្ធ ត្រូវ​ចាត់​ទុក​វា​ថា​ជា​រឿង​មិន​ចេះ​ចាស់ ដោយ​យ៉ាង​ហោច​ណាស់​មួយ​ខែ​ម្ដង គួរ​ណាត់​គ្នា​ដើរ​លេង​ដូច​កម្លោះ​ក្រមុំ​ ដែល​ទើប​តែ​ស្រឡាញ់​គ្នា​ថ្មី​ថ្មោង​អ៊ីចឹង។

១១. នៅ​លើ​សាឡុង​ ឬ​គ្រែ​ដ៏​ទន់​ល្មើយ តើ​មាន​អ្វី​ផ្អែម​ល្ហែម​ជាង​កាល​ដែល​អ្នក និង​ស្វាមី ឬ​ភរិយា​កៀក​កើយ​គ្នា​អាន​សៀវភៅ​ឬ​ក៏​ទស្សនា​វដ្ដី​ឮ​ៗ​ឲ្យ​គ្នា​ស្ដាប់​ទៅ​ វិញ​ទៅ​មក​មុន​នឹង​ចូល​គេង​។ ជួន​កាល​វា​រ៉ូមេន​ទិក​ជាង​ការ​មើល​ទូរទស្សន៍​ផង។

១២. ប្រសិន​បើ​ស្វាមី ឬ​ភរិយា​របស់​អ្នក ចូល​ចិត្ត​លេង​កីឡា តន្ត្រី ឬ​ប្រភេទ​សិល្បៈ​ណា​មួយ​នោះ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​សុំ​គាត់​ធ្វើ​គ្រូ​ទៅ? ដូច្នេះ នៅ​ ថ្ងៃ​ក្រោយ ​អ្នក​អាច​ធ្វើ​អ្វីៗ​រួម​គ្នា​ជាមួយ​គាត់​​បាន ហើយ​អារម្មណ៍​ស្និទ្ធ​ស្នាល​នឹង​មិន​ទៅ​ណា​ចោល​អ្នក​នោះ​ទេ។

១៣. គេ​ថា​មាន​តែ​សង្សារ​ទេ ដែល​ដើរ​កាន់​ដៃ​គ្នា​ដើរ​នៅ​ទី​សាធារណៈ​ រីឯ​ប្ដី​ប្រពន្ធ​គឺ​ជាប់​ដៃ​យួរ​ឥវ៉ាន់ និង​ពរ​កូន។ ប៉ុន្តែ​រឿង​នេះ​មិន​ពិត​នោះ​ទេ។ ដរាប​ណា​អ្នក​ទាំង​ពីរ​នៅ​តែ​ស្រឡាញ់​គ្នា ប្ដី​ប្រពន្ធ​គួរ​តែ​កាន់​ដៃ​គ្នា​ដើរ​ឲ្យ​ជាប់​។

១៤. ថ្វី​ត្បិត​តែ​អ្នក​រៀប​ការ​មាន​កូន​ក្នុង​បន្ទុក​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​មួយ​ឆ្នាំ ប្ដី​ប្រពន្ធ​គួរ​តែ​ឆ្លៀត​ឱកាស​ដើរ​លេង​តែ​ពីរ​នាក់ ដើម្បី​រំឭក​អនុស្សាវរីយ៍​ដូច​កាល​​នៅ​កម្លោះ​ក្រមុះ​អ៊ីចឹង។ ប្រសិន​បើ​អ្នក​រស់​នៅ​ឆ្ងាយ​ពី​ឪពុក​ម្ដាយ ឬ​សាច់​ញាតិ ហើយ​ពិបាក​យក​កូន​ទៅ​ផ្ញើ​ពួក​គាត់​នោះ អ្នក​អាច​ពិភាក្សា​ជាមួយ​មិត្ត​ភ័ក្តិ​ដែល​រៀប​ការ​រួច ដោយ​ផ្លាស់​ប្ដូរ​វេន​មើល​កូន​ឲ្យ​គ្នា​ម្នាក់​ម្ដង។

១៥. ប្ដី​ប្រពន្ធ​គួរ​តែ​ចាប់​ដៃ​គ្នា រួច​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កាន់​កូន នៅ​ពេល​ដែល​​ដាក់​​ឲ្យ​ពួក​គេ​ចូល​គេង​ មុន​នឹង​ដណ្ដប់​ភួយ បិទ​ភ្លើង​ដើរ​ចេញ​មក​ធ្វើ​កិច្ចការ​តទល់​តែ​ពីរ​នាក់។

១៦. បន្ទាប់​ពី​កូន​ៗ​គេង​លក់​អស់​នោះ អ្នក​ និង​ស្វាមី ឬ​ភរិយា​របស់​អ្នក ​អាច​អង្គុយ​លើ​សាឡុង​ មើល​ទូរទស្សន៍ ឬ​វីដេអូ ដោយ​ដង​ខ្លួន​ត្របាញ់​ចូល​គ្នា​យ៉ាង​កក់​ក្ដៅ។

១៧. កំណាព្យ​ស្នេហ៍​ហាក់​បី​ដូច​ជា​រឿង​ចាស់​គំរឹល​បន្តិច​មែន​ ប៉ុន្តែ​បើ​អ្នក​និពន្ធ​ត្រឹម​តែ​ពីរ​បី​កថា​ខណ្ឌ​ ​ជា​ពិសេស​សម្រាប់​គាត់​នោះ វា​ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។

១៨. ធ្វើ​ដំណើរ​ចេញ​ទៅ​ពិកនិក​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​ឆ្លៀត​ឱកាស​មួយ​សន្ទុះ​ ដក​ខ្លួន​ទៅ​រក​ «ពិភព​លោក​នេះ​មាន​តែ​យើង​ពីរ​នាក់»។

១៩. ការ​ចេះ​រាំ និង​ច្រៀង គឺ​ជា​សិល្បៈ​ដែល​ផ្សារ​ភ្ជាប់​គូ​ស្នេហ៍​ឲ្យ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ ចូល​រួម​កម្មវិធី​សង្គម និង​ជប់​លៀង និង​ធ្វើ​ឲ្យ​មនោ​សញ្ចេតនា​ពួក​គេ​កាន់​តែ​រលាយ​ចូល​គ្នា​មិន​អាច​កាត់​ ផ្ដាច់​ បាន។ សាក​ស្រមៃ​ទៅ​មើល ប្ដី​ប្រពន្ធ​ច្រៀង​ផ្ដោះ​ផ្ដង ហើយ​កាន់​ដៃ​គ្នា​រាំ​នៅ​លើ​ឆាក​នោះ តើ​ភ្នែក​មហាជន​​ច្រណែន​ពួក​គេ​ប៉ុនណា​ទៅ?

២០. យូរ​ៗ​ម្ដង​ម្កាល អ្នក​គួរ​តែ​ក្រោក​ពី​ព្រលឹម​រៀប​ចំ​អាហារ​ពេល​ព្រឹកដាក់​ថាស​យ៉ាង​រៀប​រយ រួច​លើក​យក​មក​ដល់​លើ​គ្រែ បញ្ចុក​គាត់។

២១. ប្រសិន​បើ​នៅ​ផ្ទះ មាន​អាង​ងូត​ទឹក​នោះ អ្នក​អាច​បើក​ទឹក​ឲ្យ​ពេញ រួច​ចាក់​សាប៊ូ ស្រទាប់​ផ្កា ឬ​ទឹក​រ៉ែ ឲ្យ​គាត់​ត្រាំ​​​លម្ហែ​កាយ នៅ​ក្រោម​ពន្លឺ​ទៀន លាយ​ជាមួយ​សូរ​តន្ត្រី​ល្វើយៗ។

២២. យូរៗ​ម្ដង នៅ​ចន្លោះ​ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ​ដែល​ជា​ថ្ងៃ​ធ្វើ​ការ កុំ​ភ្លេច​ទូរស័ព្ទ​ទៅ​ណាត់​ស្វាមី ឬភរិយា​របស់​អ្នក ញ៉ាំ​បាយ​ល្ងាច ឬ​ប្រាប់​គាត់​ថា ​អ្នក​នឹង​ទិញ​អាហារ​ឆ្ងាញ់​ៗ​ពី​ហាង ទៅ​ញ៉ាំ​នៅ​ផ្ទះ​ជុំ​គ្នា។

២៣. បើ​ទោះ​ជា​ប្ដី​ប្រពន្ធ​រៀប​ការ​ហើយ ទាមទារ​ការ​សន្សំ​សំចៃ​ដើម្បី​ផ្គត់​ផ្គង់​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​ម្ដង​ ឬ​ពីរ​ដង​មួយ​ឆ្នាំ គួរ​តែ​នាំ​គ្នា​ចេញ​ទៅ​ញ៉ាំ​បាយ​បែប​សេដ្ឋី នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​ម្ដងឲ្យ​បាន​សប្បាយ​ចិត្ត។

២៤. នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មិត្ត​ភ័ក្តិ កុំ​ភ្លេច​និយាយ​សសើរ​ស្វាមី ឬ​ភរិយា​របស់​អ្នក​យ៉ាង​ខ្លី នៅ​ចំពោះ​អ្នក​ដទៃ។

២៥. ស្នាម​ថើប​នៅ​ពេល​ចេញ​ទៅ​ធ្វើ​ការ និង​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ជា​មួយ​នឹង​ពាក្យ​ថា «អូន​ស្រឡាញ់​បង» ឬ «បង​ស្រឡាញ់​អូន» នោះ​ គឺ​ជា​គ្រឿង​ផ្សំ​ដែល​ធ្វើ​ឲ្យ​រសជាតិ​ស្នេហ៍​រឹត​​តែ​ឆ្ងាញ់​មុត​ជាប់​ ចិត្ត ​។

២៦. អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ពេល​ដែល​ដៃ​គូ​វិល​ត្រឡប់​មក​ពី​ពិធី​ជប់​លៀង​ វិញ ដោយ​អាការៈ​ស្រវឹង​។ ចូរ​កុំ​ឆោរឡោ​ខឹង ហើយ​យក​ក្រណាត់​ក្ដៅ​ជូត​ខ្លួន និង​ចុង​ដៃ​ជើង ជួយ​ផ្លាស់​សម្លៀក​បំពាក់ ព្រម​ទាំង​យក​តែ​ក្ដៅ​មក​ព្យាបាល​ដៃគូ​ឲ្យ​ស្វាង​ស្រា។

២៧. អ្នក​គួរ​ឆ្លៀត​ធ្វើ​ការងារ​តិច​តួច ដូច​ជា​កាត់​ក្រចក ដាក់​ថ្នាំ​ដុះ​ធ្មេញ ងូត​ទឹក បោក​ខោអាវ ជូត​សម្ងួត​សក់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ទន់​ភ្លន់។

២៨. ប្ដី​ប្រពន្ធ​យូរ​ឆ្នាំ​ក៏​អាច​វិល​ទៅ​រក​យុវភាព​ម្ដង​ម្កាល ដោយ​ស្លៀក​ពាក់​ដូច​កាល​ពី​ជួប​គ្នា​ដំបូង រួច​នាំ​គ្នា​ទៅ​កន្លែង​ធ្លាប់​មាន​អនុស្សាវរីយ៍។

២៩. កុំ​ភ្លេច​ឥទ្ធិពល​នៃ​ការ​ថ្នាក់​ថ្នម​បែប​កក់​ក្ដៅ ដោយ​ការ​ក្ដិច​ថ្ពាល់​ខ្នាញ់ ថើប​ថ្ងាស និង​អង្អែល​សក់​ក្បាល​ថ្នម ដើម្បី​ជំនួស​ការ​អរគុណ។

៣០. ប្រារព្ធ​ទិវា​ឯក​ជន ដូច​ជា​ថ្ងៃ​ជួប​គ្នា​ដំបូង ថ្ងៃ​សារភាព​ប្រាប់​ស្នេហ៍ និង​ខួប​អាពាហ៍​ពិពាហ៍​ជា​ដើម។

៣១. ពេល​ចេញ​ទៅ​បេសក​កម្ម​នៅ​ឆ្ងាយ កុំ​ភ្លេច​អំណោយ​ផ្ញើ​អ្នក​នៅ​ផ្ទះ។ កុំ​ខ្មាស​អៀន​នឹង​ទិញ​របស់​​​អាថ៌កំបាំង ដូច​ជា​ខោអាវ​ក្នុង ទឹក​អប់ ឡាមកោរ​ ជា​ដើម ឲ្យ​គ្នា​ទៅ​វិញ​ទៅ​​មក​។

៣២. ឧស្សាហ៍​ផ្លាស់​ប្ដូរ​បរិយាកាស​ក្នុង​ផ្ទះ​ ដូច​ជា​ ប្ដូរ​កម្រាល​ពូក ប្ដូរ​តុកទូ ឬ​គ្រែ​ដាក់​កន្លែង​ផ្សេង​ៗ​ខុស​ពី​មុន ដើម្បី​ឲ្យ​មាន​អារម្មណ៍​ថា «ផ្ទះ​ចាស់​បរិយាកាស​ថ្មី»។

៣៣. មើល​សៀវភៅ តាម​ដាន​ភាពយន្ត និង​ចម្រៀង​ដូច​គ្នា ដើម្បី​មាន​រឿង​ជជែក​គ្នា​លេង​ច្រើន​។

៣៤. ម្ដងម្កាល ផ្អិប​ចោល​ងារ​ជា​ប្ដី​ប្រពន្ធ​មួយ​រយៈ ហើយ​សម្ដែង​ធ្វើ​ជា​មិត្ត​ភ័ក្តិ ឬ​សង្សារ​គ្នា​សា​ឡើង​វិញ ដើម្បី​រំឭក​ដៃគូថា «ទោះ​ជា​យូរ​យ៉ាង​ណា ក៏​​យើង​នៅ​តែ​ស្រឡាញ់​គ្នា​ដូច​មុន»។

៣៥. នៅ​ពេល​ចេញ​ទៅ​ចូល​រួម​ពិធី​នានា កិច្ចការ​ដូច​ជា បិត​ឡេវ​ខោ​អាវ ពាក់​គ្រឿង​អលង្ការ​ និង​ចង​ក្រវ៉ាត់​ក​ គួរ​តែ​ធ្វើ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ស្វាមី ដែល​ឈរ​នៅ​ពី​ក្រោយ​ជួយ​សិត​សក់ និង​ពាក់​ខ្សែ​កឲ្យ​ភរិយា​ដែល​កំពុង​អង្គុយ​មុខ​កញ្ចក់​នោះ ពិត​ជា​ឧត្តម​ស្វាមី​ដែល​ពិបាក​រក​មែន។

៣៦. ដើម្បី​ឲ្យ​ជា​ភស្ដុក​តាង​នៃ​សម្ព័ន្ធ​ស្នេហា​យូរ​អង្វែង ការ​ចង​ក្រង​ឯកសារ រូប​ថត និង​វត្ថុ​បញ្ចាំ​ចិត្ត​នានា ហើយ​ទុក​នៅ​កន្លែង​មួយ​ដើម្បី​បង្ហាញ​គាត់​ក្នុង​ឱកាស​ពិសេស​ពេល​ក្រោយ​នោះ នឹង​ជួយ​ឲ្យ​​អាច​​បង្ហាញ​អំពីការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ជ្រុង​ជ្រោយ ចំពោះ​៕