ទូរសព្ទ​ខ្មែរ​​ដំបូង​​ក្រោយ​សម្ពោធ បែរ​ជា​បង្កើត​ចម្ងល់​ដល់​អ្នក​លក់​ទូរសព្ទ

បន្ទាប់​ពី​​ទូរសព្ទ​ខ្មែរ​ដំបូង​បាន​ប្រកាស​បង្ហាញ​រូបរាង​ជា​ផ្លូវការ និង​ទទួល​ការ​ចាប់​អារម្មណ៍​ប្រិយមិត្ត​មួយ​ចំនួន Sabay បាន​សាកសួរ​នៅ​តាម​បណ្តា​ហាង​លក់​ទូរសព្ទ​មួយ​ចំនួន​ពី​ទូរសព្ទ​ខ្មែរ ប៉ុន្តែ​ពួកគេ​ហាក់​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​ពី​វត្តមាន​របស់​ទូរសព្ទ​មួយ​នេះ ខណៈ​ព័ត៌មាន​ទូរសព្ទ​ខ្មែរ​នៅ​តែ​ជា​អាថ៌កំបាំង។
លោក សុខ លី ម្ចាស់ហាង​លក់​ទូរសព្ទ​សុខលី បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ​លោក​បាន​ទទួល​ព័ត៌មាន​ដែល​ចុះផ្សាយ​ជា​ហូរហែ​ពី​ទូរសព្ទ​ខ្មែរ​តាម​រយៈ​បណ្ដាញ​ព័ត៌មាន​ផ្សព្វផ្សាយ​នានា ជាពិសេស​នៅ​លើ​បណ្ដាញ​សង្គម Facebook។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក​នៅ​តែ​មិន​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​ទូរសព្ទ​ខ្មែរ​នេះ​ទេ ហើយ​ក្រុមហ៊ុន​ដែល​អះអាង​ដែល​បាន​បង្កើត​ទូរសព្ទ​ខ្មែរ​នេះ​ក៏​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​ឬ​ទាក់ទង​អី​នោះ​ដែរ។ “ខ្ញុំ​មិន​ទាន់​ឃើញ​ទូរសព្ទ​ខ្មែរ​ហ្នឹង​រូបរាង​យ៉ាង​ម៉េច​ផង ដោយ​ក្រុមហ៊ុន​ដែល​អះអាង​បង្កើត​ទូរសព្ទ​ខ្មែរ​នោះ​ក៏​មិន​ដែល​ទំនាក់ទំនង​អី​ដែរ”។ លោក​ថា ព័ត៌មាន​ពី​ទូរសព្ទ​ខ្មែរ​នេះ​ហាក់​មិន​មាន​ព័ត៌មាន​ណា​គួរ​ឲ្យ​ទុកចិត្ត​នៅ​ឡើយ​ទេ។ “ខ្ញុំ​មិន​ដឹង​ថា​ទូរសព្ទ​ដែល​គេ​អះអាង​នោះ​ជា​ទូរសព្ទ​ខ្មែរ​ពិត​ប្រាកដ​ឬ​យ៉ាង​ម៉េច​នោះ​ទេ”។ លោក​បន្ថែម​ជាមួយ​ចម្ងល់។ ចំណែក​លោក សុធី ម្ចាស់​ហាង​លក់​ទូរសព្ទ​នៅ​ម្តុំ​ឃ្លាំង​រំសេវ​ក៏​ឲ្យ​ដឹង​ដែរ​ថា ទូរសព្ទ​ខ្មែរ​នេះ​ហាង​លោក នៅ​មិន​ទាន់​មាន​លក់​ទេ។ “ខ្ញុំ​មិន​ទទួល​បាន​ព័ត៌មាន​​​គួរ​ឲ្យ​ទុកចិត្ត​ពី​ទូរសព្ទ​ខ្មែរ​នេះ​ទេ។​ ​ក្រុមហ៊ុន​ដែល​អះអាង​​ផលិត​ទូរសព្ទ​ខ្មែរ​នេះ​ក៏​មិន​ទាន់​​ផ្តល់​ព័ត៌មាន​ឬ​ផ្សព្វផ្សាយ​ឲ្យ​​ទូលំទូលាយ​​ពី​ទូរសព្ទ​ខ្មែរ​នេះ​ដែរ”។ លោក​ថា លោក​ក៏​ចាប់​អារម្មណ៍​ពី​ទូរសព្ទ​ខ្មែរ​នេះ​ដែរ តែ​ក៏​ត្រូវ​មើល​លើ​តម្រូវការ​ទីផ្សារ​តើ​មាន​សក្ដានុពល​កម្រិត​ណា​​​សម្រាប់​ការ​នាំយក​មក​លក់​។ ក្រុមហ៊ុន Jezetek Khmer Comservice ដែល​បាន​អះអាង​ពី​ការ​ផលិត​ទូរសព្ទ​ខ្មែរ​ដំបូង​គេ​បាន​បើក​សម្ពោធ​រូបរាង​ទូរសព្ទ​ខ្មែរ C2 កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​អះអាង​ជា​ស្នាដៃ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ។ ទូរសព្ទ​ខ្មែរ C2 ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​លក្ខណៈ​សម្បត្តិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដូចជា ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2, CPU Quad Core 1.5 GHz Cortex-A7, អេក្រង់ ៥ អ៊ីង​, RAM 2 GB និង​អង្គ​ចងចាំ 32 GB។ ទូរសព្ទ​ដ៏​ទំនើប​នេះ​មាន​កាមេរ៉ា​ក្រោយ 13 Mega Pixel និង កាមេរ៉ា​មុខ 5 Mega Pixel និង​ដែល​មាន​ពុម្ព និង​ក្ដារ​ចុច​អក្សរ​ខ្មែរ​រួច​ជា​ស្រេច។ យ៉ាង​ណា Sabay នឹង​ទាក់ទង​ក្រុមហ៊ុន​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​ជុំវិញ​ការ​ដាក់​លក់​នៅ​តាម​ទីផ្សារ​របស់​ទូរសព្ទ​ខ្មែរ​នេះ។ ចុះ​ប្រិយមិត្ត​បាន​ឃើញ​និង​បាន​ប្រើប្រាស់​ទូរសព្ទ​ខ្មែរ​នេះ​ហើយ​ឬ​នៅ​? បើ​ដឹង​អី​ខ្លះ​ជួយ​ប្រាប់​ប្រិយមិត្ត​យើង​ផង។