Apple ទិញ​បាន Beats ក្នុង​តម្លៃ​៣​ពាន់​លាន​ដុល្លារ

បន្ទាប់​ពី​ព័ត៌មាន​លេច​ឮ​ក្រៅ​ផ្លូវ​ការ​ពី​កិច្ចព្រមព្រៀង​ទិញ​លក់​រវាង Apple និង Beats អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ Apple បាន​បញ្ជាក់​កាល​ពី​យប់​មិញ​នេះ​ថា ខ្លួន​សម្រេច​បាន​កិច្ចព្រមព្រៀង​ទិញ Beats Electronics និង Beats Music ក្នុង​តម្លៃ ៣ ពាន់​លាន​ដុល្លារ។ អាន​អត្ថបទ៖ ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើ iPhone/iPad! Apple ជិត​​ទិញ​បាន Beats Music នេះ​គឺ​ជា​កិច្ចព្រមព្រៀង​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់ Apple ដោយ ២,៦​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បង់​ភ្លាមៗ ហើយ​៤០០ លាន​ដុល្លារ​ផ្សេង​ទៀត​ នឹង​ត្រូវ​បង់​បណ្ដាក់​តាម​ពេលកំណត់​ណាមួយ។
Apple ​ក៏​បាន​ប្រកាស​ថា សហ​ស្ថាបនិក Beats គឺ Jimmy Iovine និង Dr. Dre នឹង​ចូលរួម​បម្រើ Apple បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​នាក់​សម្រេច​លក់​ពាណិជ្ជកម្ម​នេះ។ Beats ល្បី​ល្បាញ​ដាច់​គេ​លើ​លោក​ដោយ​សារ​កាស​ស្ដាប់​ទៅ​ងំ​ពីរោះ​គ្មាន​គូ​ប្រៀបទាំង​ speaker និង audio software ហើយ​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ Beats បាន​បន្ថែម​សេវា​តន្ត្រី​លើ​អនឡាញ Beats Music ទៀត។ ចាប់​ពី​ពេល​នេះ​ត​ទៅ រាល់​អាជីវកម្ម និង​សេវាកម្ម Beats Music គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Apple។ អាន​អត្ថបទ៖ Beat pro ស្ដាប់​ចម្រៀង​តាម​កាស​ដូច​ស្ដាប់​ក្នុង​ស្ទូឌីយោ ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ថា ស្ថាបនិក Beats ទាំង​ពីរ​រូប​នេះ​នឹង​មាន​តំណែង​អ្វី​នោះ​ឡើយ ស្រប​ពេល​ដែល​សារព័ត៌មាន The Wall Street Journal ចេញ​ផ្សាយ​ថា ពួកគេ​នឹង​ធ្វើ​ការងារ​លើ​គម្រោង​ពិសេសៗ។ Apple ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចូល​បច្ចេកវិទ្យា​តន្ត្រី Beats ទៅ​លើ​កាស, iPhone ស៊េរី​ក្រោយ​ៗ និង Apple TV ៕