ជំងឺស្អូច គេហៅម្យ៉ាងទៀតថា កញ្ជ្រឹលអាឡឺម៉ង់ ដែលជាជំងឺឆ្លងដ៏សាហាវមួយ បង្កឡើងដោយវីរុស ដែលយើងសម្គាល់ដឹង តាមរយៈកន្ទួលក្រហមៗលើស្បែក។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺនេះ បណ្តាលមកពីវីរុសខុសគ្នា ហើយក៏មិនឆ្លង និងធ្ងន់ធ្ងរ ដូចជំងឺកញ្ជ្រឹលដែរ។ ជំងឺស្អូច គឺជាការបង្ករោគដ៏តិចតួចមួយ។ នៅពេលអ្នកឆ្លងជំងឺនេះ អ្នកច្រើនតែមានប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺនេះបានមួយជីវិតតែម្តង។ ស្ត្រីខ្លះ ដែលមានជំងឺស្អូច តែងធ្លាប់មានអាការៈ រលាកសន្លាក់នៅម្រាមដៃ កដៃ និងជង្គង់ ដែលជាទូទៅ វានឹងជាទៅវិញ ក្នុងរយៈពេលមួយខែក្រោយ។ អ្វីដែលកម្រនោះគឺថា ជំងឺស្អូច អាចធ្វើឲ្យមានជំងឺអំបៅអំបែក ឬរលាកខួរក្បាលទៀត។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានផ្ទៃពោះ ក្នុងពេលឆ្លងជំងឺស្អូចនោះ ផលវិបាកចំពោះកូនក្នុងផ្ទៃ ប្រហែលជាធ្ងន់ធ្ងរ។ ៩០ ភាគរយនៃទារកដែលកើតពីម្តាយ មានជំងឺស្អូចក្នុងសប្តាហ៍ទី ១២ នឹងមានជំងឺស្អូចពីកំណើត (Congenital Rubella Syndrome) ដែលអាចនាំឲ្យមានផលវិបាក ដូចជា ៖
• លូតលាស់មិនគ្រប់លក្ខណៈ
• ភ្នែកឡើងបាយ
• ថ្លង់
• ជំងឺខូចបេះដូងពីកំណើត
• ខូចសរីរាង្គផ្សេងៗទៀត
• មិនលូតលាស់ខាងសាតិអារម្មណ៍។
ការប្រឈមមុខខ្ពស់បំផុត ចំពោះទារកនោះ គឺក្នុងត្រីមាសដំបូង ប៉ុន្តែ ទោះផ្ទៃពោះអាយុច្រើនក៏ដោយ ក៏នៅតែគ្រោះថ្នាក់ដែរ៕