អំណោយ១៣យ៉ាង ដែលអ្នកមិនគួរ ជូនគូស្នេហ៍

ថ្ងៃបុណ្យ Valentine's Day ឬជាទិវានៃសេចក្តីស្រឡាញ់ ដែលបណ្តាប្រទេសនានា​ តែងតែរៀបចំ ទិញកាដូ សម្រាប់ ឪពុកម្តាយ គូស្នេហ៍ មិត្តភក្តិជាដើម ដើម្បីអាចបញ្ជាក់ពីការគោរព ស្រឡាញ់ទៅកាន់ពួកគេ។ ងាកមករករឿងជីវិតគូស្នេហ៍វិញ តើបុរសៗដឹងទេថា អំណោយ​​អ្វីខ្លះ ដែលមិនគួរទិញជូនមិត្ដស្រីរបស់អ្នក ក្នុងទិវានៃសេចក្តីស្រឡាញ់ នោះ? ចុះរបស់តំណមទាំងនោះ មានអត្ថន័យបែបណាខ្លះ?
១) ទឹកអប់៖ ប្រសិនបើអ្នក ទិញទឹកអប់ឲ្យគូស្នេហ៍របស់អ្នក នោះនាងប្រហែលជាមិនសូវចូលចិត្តនោះទេ ព្រោះថា មនុស្សម្នាក់ៗ តែងមានចំណង់ចំណូល ក្លិនទឹកអប់ផ្សេងៗគ្នា ហើយជាពិសេស នៅក្នុងថ្ងៃទិវានៃសេចក្តីស្រឡាញ់ បើអ្នកសម្រេចចិត្ត ទិញទឹកអប់ឲ្យមិត្តស្រី គឺនាងនឹងគិតថា វាជាកាតព្វកិច្ចដ៏ធំមួយ ដែលនាងត្រូវតែទ្រាំ ប្រើក្លិនទឹកអប់ ដែលនាងមិនចូលចិត្ត។ ដូច្នេះ​ការជ្រើសរើសក្លិនទឹកអប់ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ដែលអ្នកគួរតែ ជៀសវាងពីការទិញអប់ ជូនគូស្នេហ៍របស់អ្នក។
២)​​គ្រឿងអលង្ការក្លែងក្លាយ រឺផ្កាជ័រ៖ បើអ្នកដាក់ចិត្តថា ចង់ទិញកាដូឲ្យនាង ជាគ្រឿងអលង្ការ រឺក៏ផ្កា ត្រូវប្រាកដក្នុងចិត្តថា របស់ទាំងនោះជារបស់ពិត។ ដូចពាក្យមួយដែលគេ តែងនិយាយថា បើបុរសម្នាក់ស្រឡាញ់មិត្តស្រីខ្លាំងនោះ គឺរូបគាត់ នឹងខិតខំរក និងហ៊ានចំណាយលុយរបស់គាត់ទាំងប៉ុន្មាន ដើម្បីទិញរបស់ដែលនាងពេញចិត្តបំផុត។ ប៉ុន្តែប្រសិនបើអ្នក ទៅទិញគ្រឿងអលង្ការក្លែងក្លាយ  នាងនឹងធ្វើការប្រៀបធៀប ទៅលើគ្រឿងអលង្ការក្លែងក្លាយទាំងនោះ និងរូបនាង ហើយនាងនឹងគិតថា នាងគឺពិតជាគ្មានតម្លៃ ស្មើរនឹងរបស់ពិតនោះទេ។
៣) គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ៖ ប្រសិនបើអ្នក ទិញគ្រឿងប្រើប្រាស់ ក្នុងផ្ទះបាយ ឬឧបករណ៍សម្អាតក្នុងផ្ទះ ជាកាដូក្នុងថ្ងៃទិវានៃសេចក្តីស្រឡាញ់ គឺគូស្នេហ៍របស់អ្នកនឹងយល់ថា អ្នកចង់ឲ្យនាងធ្វើកិច្ចការផ្ទះ ឲ្យបានច្រើន ហើយចំពោះកាដូបែបនេះ វាមិនសូវមានភាពរ៉ូមែនទិចប៉ុន្មានទេ សម្រាប់ឱកាសបុណ្យនៃសេចក្តីស្រឡាញ់នោះ។
៤) កាតសមាជិកហាត់ប្រាណ ឬថ្នាំស្រកទម្ងន់៖ ការផ្តល់ជូនកាដូ ​ជាថ្នាំស្រកទម្ងន់ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ អាចបង្កប់អត្ថន័យជាច្រើននៅ ក្នុងនោះ។ ចំពោះមនុស្សស្រី​ ដែលទទួលបានកាដូ ដូចជា កាតសមាជិកហាត់ប្រាណ ឬថ្នាំស្រកទម្ងន់ ពីមនុស្សប្រុសដែលនាងស្រឡាញ់ វានឹងធ្វើឲ្យនាងអាក់អន់ស្រពន់ចិត្ត ព្រោះនាងយល់ថា អ្នកកំពុងតែគិតថា រូបនាងធាត់​ ទើបទិញរបស់ទាំងនោះឲ្យទៅនាង។​​
៥) នាឡិកា៖ ចំពោះនាឡិកា វាមិនអាចជាកាដូដ៏ល្អបំផុត ដែលអ្នកគួរតែជូនទៅកាន់គូស្នេហ៍ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះទេ ព្រោះថា នាឡិកានឹង អាចធ្វើឲ្យចំណងស្នេហា ត្រូវផ្តាច់ចិត្តចេញពីគ្នា យ៉ាងឆាប់រហ័ស ហើយមួយចំនុចទៀត គឺមិត្តស្រីរបស់អ្នក នឹងគិតថា អ្នកជាមនុស្សប្រុស ដែលចង់ប្រាថ្នាឲ្យនាង ដើរចេញពីជីវិតរបស់អ្នក ឲ្យលឿន ដូចជាទ្រនិចនាឡិកា។ ដូច្នេះហើយ នាឡិកា ពិតជាមិនសាកសម ធ្វើជាកាដូ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នោះទេ។
៦)  ក្រែមការពារស្នាមជ្រីវជ្រួញ៖ ទោះបីជាអ្នក ជាមនុស្សដែលស្រឡាញ់ និងបារម្ភពីសម្រស់របស់ គូស្នេហ៍របស់អ្នក ដល់កម្រិតណាក៏ដោយ តែអ្នកមិនគួរទិញ ក្រែមលាបបំបាត់ជ្រួញដែរ។ សម្រាប់មនុស្សស្រី តែងតែផ្តោតសំខាន់ទៅលើ រឿងកាដូនៅថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់ ហើយបើអ្នក បែរជាជូននាង ជាក្រែមបំបាត់ជ្រីវជ្រួញ វានឹងធ្វើឲ្យនាងមិនស្រណុកចិត្ត ហើយអន់ចិត្តយ៉ាងខ្លាំង ព្រោះរាល់ថ្ងៃនេះ  រូបអ្នក កំពុងតែគិតថា មុខរបស់នាងជ្រួញខ្លាំងហើយ ទើបទិញអំណោយជារបស់នេះ។

៧) កាដូដដែលៗ៖ អ្នកមិនគួរទិញកាដូដដែល ឲ្យនាង សម្រាប់បុណ្យនៃសេចក្តីស្រឡាញ់ ព្រោះថានាងនឹងមានអារម្មណ៍ថា ធុញទ្រាន់។ ដូច្នេះអ្នកគួរតែចេះច្នៃប្រឌិត និងទិញអំណោយថ្មីៗ សម្រាប់ជូនគូស្នេហ៍របស់អ្នក។
៨) កាដូជារបស់ស្រួចៗ៖ ប្រសិនបើអ្នក ចង់ទិញកាដូជារបស់ស្រួចៗ ទៅកាន់មិត្តស្រីរបស់អ្នក គឺវាពិតជាមិនសាកសមនោះទេ ព្រោះថា អំណោយជារបស់ស្រួចៗ ដូចជា កាំបិត វានឹងធ្វើឲ្យជីវិតរបស់អ្នកទាំងពីរ នឹងទទួលបានសំណាងអាក្រក់​ និងគ្មានសុភមង្គល។
៩) កាដូជាសំបុត្រចូលរួមមើលកីឡា៖ សម្រាប់មនុស្សប្រុសភាគច្រើន គឺពេញចិត្ត និងស្រឡាញ់ ទៅលើវិស័យកីឡា ដូចជា បាល់ទាត់ និងប្រដាល់ជាដើម។ តែសម្រាប់នារីវិញ គឺមិនសូវមានចំណង់ចំណូលចិត្ត ខាងកីឡានោះទេ។ ដូច្នេះវាមិនមែនជាជម្រើសល្អ ក្នុងការទិញសំបុត្រចូលរួមមើលកីឡា ឲ្យមិត្តស្រីរបស់អ្នក នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះឡើយ។
១០) រូបត្លុកកំប្លែង៖ ចំពោះកាដូជា រូបត្លុកកំប្លែង វាប្រហែលជាមិនធ្វើឲ្យគូស្នេហ៍របស់អ្នក សប្បាយចិត្ត និងអស់សំណើចនោះទេ វានឹងអាចធ្វើឲ្យនាង មានអារម្មណ៍តានតឹងថែមមួយកម្រិតទៀត ដែលអ្នកជូនកាដូ ជាត្លុកកំប្លែង ក្នុងថ្ងៃបុណ្យសេចក្តីស្រឡាញ់បែបនេះ។
១១)ជាតិអាកុល៖ កាដូជាជាតិអាល់កុល វាសាកសមតែជាអំណោយ ក្នុងកម្មវិធីឡើងផ្ទះ តែវាមិនសាកសមជាកាដូ សម្រាប់ផ្តល់ជូននារី ក្នុងថ្ងៃខួបកំណើត និងបុណ្យនៃក្តីស្រឡាញ់នោះទេ។


១២) ឲ្យរូបថតខ្លួនឯង៖ នេះជាកាដូដ៏ចម្លែកបំផុត​ សម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់។ ទោះបីជារូបថតរបស់អ្នក តែងខ្លួន និងធ្វើស្ទាយដូច តារាម៉ូដែលក៏ដោយ ក៏វាជាកាដូមួយ មិនសាកសម សម្រាប់ធ្វើឲ្យនាង រំភើបចិត្តនោះដែរ។ ប៉ុន្តែអ្នកអាច ឲ្យកាដូជារូបថតគូ ជាមួយមិត្តស្រីរបស់អ្នក ដើម្បីទុកជាអនុស្សាវរីយ៍ និងជាការចងចាំដ៏ល្អ សម្រាប់អ្នកទាំងពីរ។
១៣) ស្បែកជើង៖ ការទិញស្បែកជើង ដូចជា តំណាងឲ្យអ្នកមានបំណងឲ្យមិត្ដស្រី ឬដៃគូរបស់អ្នក ដើរចាកចេញពីអ្នក ដូចនេះអ្នកអាចស្វែងរក នូវអំណោយផ្សេងៗ មកជំនួស៕