ប្រវត្តិ​នៃ​ស្រុក​ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ : ស្រុក​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំ ជា​ខេត្ត ឬ​ភូមិភាគ ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​…​។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សម្បុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ពីលើ​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធុំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។


បើ​យោង​តាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាងនេះ​ដែរ សូ​ម្បី​តែ​កាលពី​សម័យ​លង្វែក​ក្នុង​ពេល​យាយ​ផា​ន់ កុហក​នាង​ទាវ ជា​កូនស្រី ឲ្យ​មក​រៀប​ការ​ជាមួយ ម៉ឺន​ងួ​ន ក៏​ឧកញ៉ា​អរជូន បាន​ចាត់​បរិវារ​ឲ្យ​បររទេះ​គោ រទេះក្របី ដឹក​ភ័ស្តុភារ​ដង្ហែ​តាម​ផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀប​ការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់​បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នក​សិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់​គ្នា​។​ដោយឡែក​យោង​តាម​ឯកសារ​ខ្លះ បាន​សរសេរ​ថា ដើម​ឡើយ​នៅ​ទី​អារាម​ចាស់ ដែល​មា​នទី​តាំងនៅ​លើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់​នៅទេ គឺ​មាន​តែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សម្បុក​ទំ​នៅ​លើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាងត្បូង​ឃ្មុំ​” ក៏​ហៅ​យារ​ៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំ​មែន​គជ់​ឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះ​ទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មាន​ជំនឿ​ថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិ ដើរ​កាត់​មិន​បាន​ឡើយ​ច្បាស់ ជា​ធ្លាក់បុណ្យ​ស័ក្តិ​។


គួរ​បញ្ជាក់​ថា ឃ្មុំ​មាន​ច្រើន​ប្រភេទ ដូច​ជា ឃ្មុំផ្លិត ឃ្មុំ​ធំ ឃ្មុំបូកគោ ជាដើម​។ ដោយឡែក ឃ្មុំ​ធំ មាន​សម្បុក​ធំ​ណាស់ វា​ចូល​ចិត្ត​នៅ​ក្នុង​ល្អាង​ភ្នំ ឬ​លើ​មែកឈើ​ធំ​ៗ​។ របៀប​បេះ​ឃ្មុំ​ធំ ចាស់​ៗ​នៅ​តំបន់​ភ្នំ ចេះ​ស្ទាត់ ណាស់ គឺ​បើ​រក​ឃើញ​សម្បុក​វា​នៅ​លើ​ដើមឈើ​ណា គេ​ត្រូវ​យក​ប្ញ​ស្សី​សម្រួច​ចុង ធ្វើ​ជា “​ពួយ​” ដើម្បី បោះ​ភ្ជាប់​នឹង​ដើមឈើ ធ្វើ​បង្អោង​ឡើង​ទៅ​យក​ឃ្មុំ​។ គេ​កាន់​ត្រណម​តឹងរ៉ឹង​ណាស់ ព្រោះ​ពេល​បោះពួយ​លើ​សំបកឈើ គេ​វាយ​តែ​៣​អន្លូង​ប៉ុណ្ណោះ ហើយ​បើ​ខុសមាត់ខុសក នឹង​ភ្លាត់ដៃ​ធ្លាក់​ពីលើ​ដើមឈើ​មិន​ខាន​។ ឃ្មុំ​ធំ​១​សម្បុក គេ​យក​ផ្លិត និង​ទឹក​វា​បានជា​ច្រើន​លី​ត្រ ដែល​កាលពី សម័យ​អង្គរ តែងតែមាន​សំពៅ​ចិន ចូល​មក​ស្រុក​ខ្មែរ រក​ទិញ​ឃ្មុំ ទៅ​ស្រុក​គេ សម្រាប់​ផ្សំ​ឱសថ ព្រោះ​ស្រុក​ចិន មិនសូវ​មាន​ឃ្មុំ​ទេ សឹង​មាន​ចែង​ទុក​យ៉ាង​ច្បាស់​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​។

ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អរជូន​”​។ ស្តេចត្រាញ់ មាន​អំណាច អាច​កាប់សម្លាប់​ជន​ណា​ក៏​បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តង​ៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សម្លាប់ និង​អតីត​ផ្ទះ​យាយ​ផា​ន់ ជា​តឹកតាង​ស្រាប់​៕