វិធីសាស្ត្រ​គេច​ពី​រន្ទះបាញ់​នៅ​រដូវភ្លៀង


រន្ទះ​គឺជា​បាតុភូត​ធម្មជាតិ​អគ្គិសនី​កើត​ចេញពី​ពពក​នៅ​លំហ​អាកាស ។ វា​អាច​កើតឡើង​ក្នុង​ទម្រង់ ផ្សេង​ៗ​គ្នា​ដូច​ជា​កើតឡើង​រវាង​ពពក និង​ពពក និង​រវាង​ពពក​ជាមួយ​ដី ។ ជា​ទូទៅ​រន្ទះ​កើត​មាន​ពេល​ផ្ទៃមេឃ​រកកលភ្លៀង​។ សំឡេង​របស់​រន្ទះ​លាន់ឮ​ពេញ​វេហាស៍ ។ ពេល​រន្ទះ​បញ្ចេញ​អានុភាព ម្តង​ៗ​គេ​ហៅ​ថា «​រន្ទះបាញ់​»​។

រន្ទះបាញ់​អាច​ឆក់​យក​ជីវិត​សត្វ រុក្ខជាតិ​តូច​ធំ សំណង់​អគារ ជា​ពិសេស​គឺ​មនុស្ស​តែ​ម្តង​បើសិនជា​មិន​ប្រុង​ប្រយ័ត្ន ។ រន្ទះ​នឹង​បាញ់​អាស្រ័យ​លើ​ទីតាំង ឬ​កន្លែង​ណា​ដែល​មាន​ម៉ាស់​ខ្ពស់​ដូច​ជាដើម​ឈើ បង្គោល​អគ្គិសនី និង​ម៉ាស់​ដី ។ 

ដោយសារ​តែ​រដូវវស្សា​ចូល​មក​ដល់ សូម​ចែករំលែក​វិធីសាស្ត្រ​ងាយស្រួល​មួយ​ចំនួន​ដល់​ប្រិ​យ​មិត្ត​អ្នក​អាន​ដើម្បី​ការពារ​គ្រោះថ្នាក់​ពី​បាតុភូត​ធម្មជាតិ​រន្ទះបាញ់ ។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ការពារ​រន្ទះ ៖

១-​យកចិត្តទុកដាក់​លើ​អាកាសធាតុ ៖ វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​បញ្ចៀស​រន្ទះ​គឺ​នៅ​ឱ្យ​ឆ្ងាយ​ពី​ព្យុះ ពោល​គឺ​អ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ព្យាករ​អាកាសធាតុ​មុន​ពេល​ធ្វើ​ដំណើ​ទៅ​ទី​ឆ្ងាយ ។

២-​នៅ​ឱ្យ​ឆ្ងាយ​ពី​វត្ថុ​ងាយ​ចម្លង​អគ្គិសនី ៖ វត្ថុ​ងាយ​ចម្លង​អគ្គិសនី​មាន​ដូច​ជា របង​បង្គោល​ដែក​ឬ​ធ្វើ​ពី​លោហៈ​ជាដើម ។ ដោយឡែក គ្រឿង​អេ​ឡិច​ត្រូ​និក​ដូច​ជា ទូរទស្សន៍ ទូរស័ព្ទ​និង​ឧបករណ៍​ផ្សេង​ទៀត ។

៣-​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​មាន​ម៉ាស់​ខ្ពស់​ៗ ៖ ដើមឈើ ធំ​ៗ ឬ​ទីវាល​ជា​កន្លែង​ប្រមូលផ្តុំ​ម៉ាស់​ច្រើន​ជាងគេ ។

៤-​ចូល​ជ្រក​ក្នុង​រថយន្ត ៖ សូម​ចូល​ជ្រក​ក្នុង​រថយន្ត ព្រោះ​វា​គឺជា​កន្លែង​មាន​សុវត្ថិភាព​ប្រសើរ​បំផុត ខណៈ​ពេល​មាន​ព្យុះ និង​ផ្គរ​រន្ទះ ។ ទោះបីជា​រថយន្ត​ចម្លង​អគ្គិសនី​ដោយសារ​តែ​វា​ស្រោប លោហធាតុ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ចរន្ត​នោះ​នឹង​ឆ្លង​តាម​បន្ទះ​រថយន្ត​ផ្នែក​ខាងក្រៅ ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក រួច​ចូល​ទៅ​ក្នុង​ដី ៕