ទីម័រ​ខាង​កើត​​​​​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​២០១៧

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ខាង​កើត​ (East Timor ឬ​ Timor-Leste ) នឹង​ក្លាយ​ជា​សមាជិក​ថ្មី​​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​​ហៅ​កាត់​​អាស៊ាន (ASEAN) នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​។ នេះ​បើ​តាម​​ការ​​ឲ្យ​ដឹង​ពី​​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី Rahmat Pramono កាល​ពី​ថ្ងៃ​អង្គារ​​កន្លង​ទៅ។

476695_620
ប្រធានាធិបតី​ឥណ្ឌូណេស៊ី  លោក​Joko Widodo (ឆ្វេងចាប់​ដៃ​ជា​មួយ​លោក​​ប្រធានាធិបតី​ទីម័រ​ខាង​កើត​Taur Matan Ruak

“នៅ​ក្នុង​ឆ្នាំ​២០១១​ ពេល​ប្រទេស​ឥណ្ឌូណេស៊ី​​ជា​ប្រធាន​អាស៊ាន ប្រទេស​ទីម័រ​ខាង​កើត​​បាន​​ដាក់​ពាក្យ​​​ស្នើ​សុំ​ចូល​ជា​សមាជិក​​​។ បណ្ដា​​ប្រទេស​សមាជិក​អាស៊ាន​​បាន​​ព្រមព្រៀង​គ្នា​​សិក្សា​លើ​ប្រទេស​ថ្មី​មួយ​នេះ​តាម​ដែល​អាច​ធ្វើ​បាន “។ នេះ​បើ​តាម​សម្ដី​​​លោក​ Rahmat Pramono ​ប្រាប់​ទៅ​​​សារព័ត៌មាន។

ការ​សិក្សា​​​ខាង​លើ​​​ផ្ដោត​សំខាន់​លើ​​​​​សសរ​ស្តម្ភ​ទាំង​បី​របស់​អាស៊ាន​ដើម្បី​វាយ​តម្លៃ​​​​លើ​លក្ខខណ្ឌ​​នៃ​ប្រទេស​ទីម័រ​ដើម្បី​​ក្លាយ​ជា​សមាជិក​គ្រួសារ​​អាស៊ាន។ ចំពោះ​សសរស្តម្ភ​ទាំង​បី​របស់​អាស៊ាន​គឺ​ នយោបាយ​និង​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​។

លោក​ Rahmat Pramono ​បាន​ឲ្យ​ដឹង​ថា៖ “​ការ​សិក្សា​ពី​​នយោបាយ​ សន្តិសុខ និង​​សេដ្ឋកិច្ច​របស់​ទីម័រ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​​ការ​សិក្សា​ពី​សង្គម​វប្បធម៌​​របស់​ប្រទេស​នេះ​​ត្រូវ​រំពឹង​ថា​នឹង​​បញ្ចប់​​​ត្រឹម​ចុង​ឆ្នាំ​នេះ។ ទីម័រ​ខាង​កើត​ត្រូវ​តែ​​អភិវឌ្ឍ​​ធនធាន​មនុស្ស​របស់​ពួក​គេ ដើម្បី​​ជំរុញ​​​សេដ្ឋកិច្ច​ប្រទេស​”។

ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​រូប​នេះ​បន្ថែម​ទៀត​ថា នា​ពេល​ខាង​មុខ​ រាល់​តំណាង​ប្រមុខ​អាស៊ាន​នឹង​ជួប​ពិភាក្សា​​​ពី​ការ​ចូល​ជា​សមាជិក​​អាស៊ាន​របស់​ ទីម័រ​ខាង​កើត​​។ ប្រសិន​បើ​​មាន​ការ​​ស្រុះ​ស្រួល​​យល់​ស្រប ទីម័រ​ខាង​កើត​​នឹង​ក្លាយ​ជា​សមាជិក​ទី​១១​​នៃ​គ្រួសារ​អាស៊ាន។

បច្ចុប្បន្ន​ អាស៊ាន​មាន​ប្រទេស​១០​ជា​សមាជិក​ រួម​មាន​ប្រទេស​​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ​ ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម ឡាវ និង​មីយ៉ាន់ម៉ា៕