ប្រវត្តិ​អ្នកតា​ព្រៃ​តាម​ជំនឿ​របស់​ជនជាតិ​ខ្មែរ

យោង​តាម​សៀវភៅ «​កម្រង​ឯកសារ​ស្តី​ពី​ប្រពៃណី​និង​ទំនៀមទម្លាប់​ខ្មែរ​» របស់​លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា អ្នកតា​ព្រៃ​ពុំ​មែន​កើតឡើង​ដោយ ឯង​ៗ ឬ​ក៏​មាន​ស្រាប់​ដូច​ផ្កាយ ព្រះ​ចន្ទ ព្រះអាទិត្យ​នោះ​ឡើយ គឺ​កើតឡើង ឬ​ឧ​ប្ប​តិ្ត​ក​ឡើង​តាម​ការ​សន្មត​របស់​មនុស្ស​មិន​ខុស​គ្នា​ពី​ព្រះ​អាទិទេព​ឡើយ ។ មនុស្ស​បង្កើត​អាទិទេព ឬ​អ្នកតា ហើយ​មនុស្ស​នាំ​គ្នា​ជឿ គោរព អាទិទេព អ្នកតា​នោះ​វិញ ។ ចាស់​ៗ​តែង​បាន​តំណាល​ប្រាប់​ថា នៅ​ក្នុង​ព្រៃហ័ត ព្រៃហោង​ដែល​មាន​ដើមឈើ​ក្រាស់​ជិត​ស្ទើរ​មើល​មិនឃើញ​ពន្លឺ​ថ្ងៃ គឺ​តែងតែមាន​ទេ​ព្រ័​ក្ស ទេព្តា អ្នកតា​នៅ​ចាំ​ថែរក្សា​ព្រៃ​នោះ ។ ប៉ុន្តែ​អ្នកស្រុក​នៅ​តំបន់​ជិតខាង​នោះ ពុំ​ដឹង​ច្បាស់​អំពី​ទីកន្លែង​ដែល​ពពួក​អមនុស្ស​ទាំងនោះ​តាំង​នៅឡើយ ។ គេ​ច្រើន​នាំ​គ្នា​សន្មត​ថា ទេ​ព្រ័​ក្ស អ្នកតា​ទាំងនោះ​ស្នាក់​នៅ​អាស្រ័យ​នៅ​លើ​ដើមឈើ​ធំ​ខ្ពស់​ជាងគេ នៅ​លើ​ថ្ម​ធំ នា​កំពូលភ្នំ ឬ​នៅ​ត្រពាំង​ធំ​នៅ​ក្នុង​ព្រៃ​នោះ ។ ការ​សន្មត​នេះ​ពុំ​មាន​កិច្ចធានា​ជាក់លាក់ ធ្វើ​ឱ្យ​អ្នកស្រុក​កត់ សម្គាល់​ច្បាស់លាស់​ថា កន្លែង​នោះ ពិតជា​លំនៅ​ឋាន​របស់​អ្នកតា​នោះ​ឡើយ ។ គេ​នៅ​តែ​មានការ​សង្ស័យ​ជាប់​ជា​និច្ច​។ គឺ​ក្នុង​ស្មារតី​ចង់​ដឹង​ច្បាស់លាស់ ចង់​ឃើញ​ទីតាំង​ពិតប្រាកដ​របស់​ទេ​ព្រ័​ក្ស អ្នកតា​នេះ​ហើយ បានជា​មាន​ដុះ​គំនិត​ឧបកិច្ច​ឱ្យ​កើត​មាន​ទីលំនៅ​របស់​អ្នកតា​ព្រៃ​ដូច​របៀប​តទៅ​នេះ ៖
ថ្មើរព្រៃ​មួយ​ក្រុម​បាន​ឈប់​សំរាក​រក​កន្លែង​ហូប​បាយ​កញ្ចប់​ក្រោម​ដើមឈើ​ធំ​មួយ នៅ​ក្បែរផ្លូវ ដែល​ជា​ធម្មតា តែង​ផ្តល់​នូវ​ម្លប់​ដ៏​ត្រជាក់ ហើយ​ជា​កន្លែង​ស្ថិត​នៅ​ជិត​ប្រភព​ទឹក​ផង ។ ពេល​អង្គុយ​ដំកង់​ជា​វង់ ក៏​បាន​ប្រទះ​ឃើញ​អាចម៍ឆ្កែ​មួយ​ដុំ​នៅ​ក្បែរ​នោះ ។ ដើម្បី​បិទ​បាំង​កុំឱ្យ​ឃើញ​ទិដ្ឋភាព​គួរ​ឱ្យ​ខ្ពើម​ឆ្អើម​នៅ​ពេល​បរិភោគ​បាយ​កញ្ចប់ គេ​ក៏​កាច់​ស្លឹកឈើ ៤​ទៅ​៥​មែក​គ្រប​អាចម៍ឆ្កែ​នោះ​ដរាប​ទាល់តែ​ជិត​បាត់​ទាំង​រូបរាង បាត់​ទាំង​ក្លិន ។ គេ​នាំ​គ្នា​បរិភោគ​ដោយ​ក្សេមក្សាន្ត ដេក​សំរាក​យក​កម្លាំង​បន្តិច រួច​ក៏​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ថ្ងៃ​ក្រោយមក​មាន​ថ្មើរព្រៃ​ក្រុម ផ្សេង​ៗ​ទៀត បាន​ទៅ​ដល់ទី​នោះ ឃើញ​គំនរ​ស្លឹកឈើ​ក៏​គិត​ស្មានថា ទីនោះ​ជា​ទីស្នាក់អាស្រ័យ​នៅ​របស់​អ្នកតា ដោយ​ឃើញ​គេ​កាច់​ស្លឹកឈើ​ថ្វាយ ក៏​នាំ​គ្នា​ធ្វើ​តាម ។ លុះ យូរ​ៗ​ទៅ នៅ​ត្រង់​កន្លែង​នោះ​មាន​គំនរ​ស្លឹកឈើ​យ៉ាង​ខ្ពស់​ដែល​ធ្វើ​ឱ្យ​អ្នកផង​យល់ ដូច​ៗ​គ្នា​ថា ជា​លំនៅ​ឋាន​របស់​អ្នកតា​ព្រៃ ។
តំណ ក្រោយ​ៗ មក​ទៀត ប្រហែលជា​មាន​អ្នក​ណា​ទៅ​បែ​បន់​នៅ​កន្លែង​នោះ​ដើម្បី​សុំ​អ្វី ហើយ​អ្វី​ដែល​គេ​សុំ​នោះ​បាន​សម្រេច​តាម​បំណង គេ​ក៏​នាំ​គ្នា​សង់​ខ្ទម​ត្រង់​គំនរ​ស្លឹកឈើ​នោះ ទុក​ជាទី​ស្នាក់​នៅ​ដ៏​សមរម្យ​របស់​អ្នកតា ហើយ​ដើម្បី​ឱ្យ​មាន​ជា​រូបតំណាង​អ្នកតា គេ​ក៏​យក​ដុំ​ថ្ម​មួយ​មក​ដាក់​នៅ​លើ​ខ្ទម​នោះ ទុកជា​និមិត្តរូប ។
ចំណេរ​តម​ក​ក្រោយ​ទៀត អាច​មាន​រូបចម្លាក់​ធ្វើ​ពី​ឈើខ្លឹម​តំណាង​ឱ្យ​អ្នកតា ត្រូវ​បាន​ដាក់​ជំនួស​ថ្ម​ឥត​រាងរៅ​នោះ​វិញ ។  មាន​ខ្ទម មាន​ម្ចាស់​ខ្ទម មានការ​គោរព​បូជា មាន​បរិស័ទ​អ្នក​ជឿ អ្នកគាំទ្រ ទី​ស្ថាន​មួយ ដែល​កាលពីមុន​គ្មាន​អ្វី​ទាល់តែ​សោះ​នោះ ក៏​ក្លាយទៅជា​អាសនៈ​របស់​អ្នកតា ។ ចាប់ពី​ពេល​នោះ​មក ផ្សែង​ធូប​ហុយ​ស្ទើរ​មិន​ដាច់​រយៈ តង្វាយ ផ្សេង​ៗ មាន​ចេកទុំ ពងមាន់ បំពង់​ទឹក បាយ​ពំនូត ផ្លែ​ឈើ ស្លា បារី ផ្កា មាន​ជា​ប្រចាំ​នៅ​ទីនោះ ។ 
អ្នក​ជឿ អ្នក​គោរព គេ​បន់ស្រន់​សុំ​ឱ្យ​ដេញ​សត្វ​បាន សូម​កាប់​ឈើ​បាន​សុខសាន្ត​ឥត​គ្រោះថ្នាក់ អ្នកស្រុក​បន់​សុំ​សុខ​សប្បាយ សុំ​ឱ្យ​ជា​ពី​ជំងឺ​រោគា ផ្សេង​ៗ ។​ល​។
នោះ​ហើយ​ជា​ប្រវត្តិ​របស់​អ្នកតា​ព្រៃ តែ​អ្នកតា​ព្រៃ មិនមែន​សុទ្ធតែ​មាន​ប្រវត្តិ​ដូច​ពោល​ខាងលើ​ទាំង​អស់នោះ​ទេ ។ មាន​អ្នកតា​ខ្លះ​ទៀត​អាច​មាន​ប្រវត្តិ​ផ្សេង​ពី​នេះ​ដែរ ។ គឺ​យ៉ាង​ដូច្នេះ​ហើយ បានជា​អ្នកស្រុក​ខ្លះ​និយាយ​ថា «​អ្នកតា​កើត​ពី​អាចម៍ឆ្កែ !» ៕