ឪពុកម្តាយលែងលះ កូនប្រឈមមុខ នឹងអ្វីខ្លះ?


ឆ្លងកាត់ការលែងលះ អាចជាការឈឺចាប់មិនត្រឹមតែគូស្វាមីភរិយានោះទេ ប៉ុន្តែថែមទាំងកុមារដែលជាកូនៗផងដែរ។ ឪពុកម្តាយដែលត្រូវលែងលះ ជាធម្មតាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខុមាលភាពកូនរបស់ពួកគេ ក្នុងអំឡុងពេលមានបញ្ហានេះ។
ឪពុកម្តាយមួយចំនួនទៀត សុខចិត្តរស់នៅក្នុងអាពាហ៍ពិពាហ៍ ដែលគ្មានសុភមង្គល ដើម្បីការពារកូនរបស់ពួកគេ ពីភាពរន្ធត់នៃការលែងលះ។
ខាងក្រោមនេះជា ផលប៉ះពាល់អវិជ្ជមាននៃការលែងលះ ដែលបានរាយការណ៍ថាមានឥទ្ធិពលទៅលើកុមារ៖
# ១. មានកង្វល់
អ្វីៗនឹងក្លាយជារឿងថ្មីសម្រាប់កុមារ។ ការផ្លាស់ប្តូរមួយរំពេចនៃជីវិតរបស់គេ ធ្វើឲ្យមានកង្វល់ និងស្ត្រេសក្លាយទៅជារឿងដែលជៀសមិនរួច។ អ្នកចិត្តសាស្ត្រ និងអ្នកស្រាវជ្រាវជាច្រើនជឿថា ក្មេងដែលជួបប្រទះ ការលែងលះ អាចនឹងមានអារម្មណ៍ ខ្វល់ខ្វាយច្រើន លើទំនាក់ទំនងផ្ទាល់ខ្លួន និងដៃគូនៅពេលអនាគត។
# ២. ទុទិដ្ឋិនិយម
ការលែងលះជាបទពិសោធន៍ដ៏គួរឲ្យខ្លាច ជាពិសេសសម្រាប់កុមារ ដែលមិនស្គាល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពនោះ។ នេះអាចបណ្តាលអោយកុមារ មានចិត្ដគំនិត ទុទិដ្ឋិនិយម ទៅលើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនគេ។
# ៣. បាត់បង់ការទុកចិត្ត
ប្រសិនបើមូលហេតុនៃការលែងលះនេះ មកពីការក្បត់ ឬមានដៃគូទំនាក់ទំនងទីបីមកបន្ថែម លើចំណងអាពាហ៍ពិពាហ៍ ការសំខាន់បំផុតគឺត្រូវរក្សាកិច្ចពិភាក្សាអោយនៅឆ្ងាយពីកូនៗរបស់អ្នក។ ការទុកចិត្តជាបញ្ហាធម្មតា សំរាប់កុមារដែលឃើញ ឪពុកម្តាយរបស់ពួកគេចែកផ្លូវគ្នា ដោយសារតែបញ្ហាទំនាក់ទំនង។ ប្រសិនបើអ្នកចង់ចែកផ្លូវជាមួយនឹងដៃគូរបស់អ្នក ដោយសារតែបញ្ហានេះ ចូរអ្នកពន្យល់កូនរបស់អ្នកដោយប្រុងប្រយ័ត្នបំផុត។
# ៤. ប៉ះពាល់ការសិក្សា និងទំនាក់ទំនងសង្គម
ការសិក្សាមួយបានបង្ហាញថា កុមារដែលមានមាតាបិតាលែងលះ និងបែកបាក់ទំនាក់ទំនង ច្រើនតែសម្តែងការបាក់ទឹកចិត្ត ក្នុងការសិក្សា និងសកម្មភាពផ្សេងទៀតជាច្រើន។ កុមារទាំងនោះ មានចំណាត់ថ្នាក់មិនល្អ ដូចមិត្តរួមថ្នាក់របស់ពួកគេក្នុងការសិក្សាជំនាញគណិតវិទ្យា និងទំនាក់ទំនងសង្គមទេ។ ពួកគេទទួលរងនូវភាពខ្វល់ខ្វាយ ភាពតានតឹង និងអោយតម្លៃខ្លួនឯងទាប។ 
# ៥. ការកើនឡើងនូវកុមារដែលឈប់រៀន
ការសិក្សាមួយបានរកឃើញថា ក្នុងឆ្នាំ ២០១០ មានកុមារ ៧៨ភាគរយ រស់នៅក្នុងគ្រួសារដែលមានឪពុកម្តាយទាំងពីរ បានបញ្ចប់ការសិក្សាពីសាលារៀនជាន់ខ្ពស់នៅអាយុ ២០ឆ្នាំ ប៉ុន្តែអ្នកដែលរស់នៅមានបញ្ហាជាលក្ខណៈគ្រួសារ - រួមមាន ការលែងលះ, ការស្លាប់ ឬការរៀបការម្ដងទៀត - បានបញ្ចប់ការសិក្សា មានតែ ៦០ ភាគរយប៉ុណ្ណោះ។ កុមារដែលមានអាយុកាន់តែតិច នឹងត្រូវរងផលប៉ះពាល់ពីការលែងលះកាន់តែខ្លាំង។
# ៦. ងាយនឹងកើតជំងឺ
នៅឆ្នាំ ១៩៩០ Jane Mauldon នៃសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានរកឃើញថាកុមារដែលធ្លាប់ទទួលរងពីការលែងលះ មានហានិភ័យវិវត្តអោយមានបញ្ហាសុខភាព ៣៥ភាគរយ បើធៀបនឹង ២៦ ភាគរយក្នុងចំណោមកុមារទាំងអស់។ ជំងឺរបស់ពួកគេងាយកើតឡើងដោយសារ "ភាពតានតឹងជាចំបង" ដែលមកពីការផ្លាស់ប្តូរជីវិតរបស់ពួកគេឆាប់រហ័សពេក។ ការលែងលះ កាត់បន្ថយលទ្ធភាពនៃការធានាលើសុខភាព និងនាំអោយមានបញ្ហាមួយចំនួន។ ក្នុងនោះពួកគេនឹងខ្វះការគ្រប់គ្រង ឬយកចិត្តទុកដាក់ពីមនុស្សពេញវ័យ និងមិនមានអារម្មណ៍កក់ក្តៅ ឬសុវត្ថិភាព ពីមាតាបិតាផងដែរ។
# ៧. ឱកាសនៃការលែងលះខ្ពស់
ការស្រាវជ្រាវនៅក្នុងឆ្នាំ ២០០៥ បានបង្ហាញថា កុមារដែលចេញពីគ្រួសារលែងលះគ្នា ច្រើនតែ លែងលះជាមួយដៃគូ នៅពេលគេក្លាយជាមនុស្សពេញវ័យ។ ទោះបីជាទំនាក់ទំនង របស់ពួកគេ មានស្ថេរភាព កុមារដែលរងការលែងលះ ច្រើនតែរៀបការនៅអំឡុងវ័យជំទង់ (នៅវ័យក្មេង)។ ការស្រាវជ្រាវបានបង្ហើបថា គូស្វាមីភរិយាដែលបានជួបប្រទះ ការលែងលះរបស់ឪពុកម្តាយតាំងពីកុមារ គឺអាចនឹងងាយលែងលះគ្នាដែរ។
# ៨. ឆាប់ស្លាប់
ដោយការសិក្សាស្រាវជ្រាវ ជាងប្រាំបីទសវត្សរ៍ និងសៀវភៅ “The Longevity Project” សរសេរដោយលោក Howard Friedman និង Leslie Matin ចាប់ផ្តើមនៅ ឆ្នាំ ១៩២១ ដោយក្រុមអ្នកស្រាវជ្រាវ បានតាមដានកុមារានិងកុមារីចំនួន ១,៥០០នាក់ ពីជីវិតរបស់ពួកគេ។ ច្រើនជាងមួយភាគបី នៃកុមារទាំងនោះបានជួបប្រទះ ការលែងលះរបស់មាតាបិតា ឬការស្លាប់របស់មាតាបិតា មុនអាយុ ២១ ឆ្នាំ, ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់គឺ អ្នកដែលគ្រួសារធ្លាប់លែងលះគ្នា ជាមធ្យមបានស្លាប់ប្រាំឆ្នាំ មុន អ្នកដែលឪពុកម្តាយមិនបានលែងលះគ្នា។
# ៩. បញ្ហាផ្សេងៗ
កុមារដែលរងគ្រោះពីការលែងលះរបស់មាតាបិតា អាចមានបញ្ហាសុខភាពផ្លូវចិត្តនិងផ្លូវកាយធ្ងន់ធ្ងរ។ កុមារទាំងនោះអាចមានបញ្ហាជាច្រើនទៀតដូចជា ៖
• ធ្វើអត្តឃាត
• ប្រព្រឹត្តបទឧក្រិដ្ឋ
• ទទួលរងភាពតានតឹងរ៉ាំរ៉ៃ
• មានហានិភ័យខ្ពស់ប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល
• ទម្លាប់ជក់បារី
ស្ថិតិនេះ គឺជាការពិតដ៏មិនគួរឲ្យជឿ ដែលការលែងលះគ្នា មានផលប៉ះពាល់អាក្រក់ទៅលើសុខុមាលភាពរបស់កូន។ វាគឺជាគំនិតល្អ ក្នុងការគិតរកវិធី ឬដំណោះស្រាយផ្សេងចំពោះបញ្ហាទំនាក់ទំនងដៃគូ។ កូនរបស់អ្នកនឹងអរគុណអ្នក ដែលមិនធ្វើអោយជីវិតរបស់គេរងគ្រោះពីផលវិបាកនៃលែងលះគ្នា៕


ឧបត្ថម្ភដោយ Adbox