គំនិតបង្កើតមុខជំនួយថ្មីមួយ គឺជារឿងដ៏គួរឲ្យរំភើប ហើយអាចមានផលតបស្នងជាទីគាប់ចិត្ត។ ឧទាហរណ៍ លោក Jack Ma ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅក្នុងមហាវិទ្យាល័យក្នុងស្រុកមួយដែលរកចំណុលបានត្រឹមតែ ១២ដុល្លារប៉ុណ្ណោះក្នុងមួយខែ មុនពេលដែលលោកបង្កើតក្រុមហ៊ុន Alibaba Group។ សព្វថ្ងៃ នេះ លោកបានក្លាយជាមហាសេដ្ឋីម្នាក់នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រហែល ២២.៥ ពាន់លានដុល្លារអាមេរិក។
ដូចជាមហាសេដ្ឋីមួយចំនួនធំនៅលើពិភពលោកដែរ លោក Jack Ma បានចាប់ផ្តើមមុខជំនួញរបស់លោកពីតូចឡើងទៅ។ ខាងក្រោមនេះ គឺជាមេរៀនដ៏មានប្រយោជន៍មួយចំនួនពីមហាសេដ្ឋីប្រចាំប្រទេសចិនរូបនេះ ដែលសហគ្រិនទាំងឡាយគួរតែយកជាគំរូតាម។
មុនពេលចាប់ផ្តើមមុខជំនួញ អ្នកត្រូវដឹងថា អ្នកកំពុងតែធ្វើអ្វី
អ្នកមិនគួរយល់ថា អ្នកចង់ធ្វើជាថៅកែដោយខ្លួនឯងព្រោះមិនចង់ធ្វើការឲ្យអ្នកដទៃទៀតនោះឡើយ។ ការធ្វើការឲ្យអ្នកដទៃ ក៏បង្ហាញនូវឱកាសចាប់ផ្ដើមអាជីវកម្មផងដែរ ដោយវានឹងបំពេញចំណុចខ្វះខាតនៅក្នុងទីផ្សារ។
កាលពីឆ្នាំ១៩៩៥ នៅពេលដែលលោក Ma ទៅធ្វើជាអ្នកបកប្រែនៅសហរដ្ឋអាមេរិក មិត្តភក្តិរបស់គាត់ បានបង្ហាញពីរបៀបប្រើប្រាស់អ៊ិនធឺណិត។ ក្រោយមក លោកបានចុចស្វែងរកព័ត៌មានទាក់ទងនឹងស្រាបៀរនៅលើអ៊ិនធឺណិត ហើយលោកបានរកឃើញស្រាបៀររបស់អាមេរិច និងស្រាបៀររបស់អាល្លឺម៉ង ប៉ុន្តែ មិនមានស្រាបៀររបស់ចិននោះឡើយ។
កាលពីឆ្នាំ១៩៩៥ នៅពេលដែលលោក Ma ទៅធ្វើជាអ្នកបកប្រែនៅសហរដ្ឋអាមេរិក មិត្តភក្តិរបស់គាត់ បានបង្ហាញពីរបៀបប្រើប្រាស់អ៊ិនធឺណិត។ ក្រោយមក លោកបានចុចស្វែងរកព័ត៌មានទាក់ទងនឹងស្រាបៀរនៅលើអ៊ិនធឺណិត ហើយលោកបានរកឃើញស្រាបៀររបស់អាមេរិច និងស្រាបៀររបស់អាល្លឺម៉ង ប៉ុន្តែ មិនមានស្រាបៀររបស់ចិននោះឡើយ។
នៅក្នុងភាពយន្តឯកសារមួយ លោក Ma មាននិយាយ៖ «នៅពេលនោះ ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ ខ្ញុំក៏បានចុចស្វែងរកពត៌មានទាក់ទងនឹងប្រទេសចិន។ ប៉ុន្តែគ្រប់ម៉ាស៊ីនស្វែងរកសុទ្ធតែបានឆ្លើយតបថា គ្មានព័ត៌មានទាក់ទងនឹងប្រទេសចិនទេ»។ ជាលទ្ធផល នេះហើយគឺជាមូលហេតុដែលលោកបានបង្កើតក្រុមហ៊ុនគេហទំព័រមួយដែលមានឈ្មោះថា China Page ជាគេហទំព័រប្រមូលផ្តុំនូវព័ត៌មានទាំងអស់ទាក់ទងនឹងប្រទេសចិន និងជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេបង្អស់របស់លោក។
ជួលមនុស្សឆ្លាតមកធ្វើការ មិនមែនមនុស្សល្បីទេ
ក្នុងនាមជាថៅកែម្នាក់ អ្នកគួរតែស្វែងរកបេក្ខជនដ៏សាកសមសម្រាប់ធ្វើការឲ្យក្រុមហ៊ុនរបស់អ្នក ដើម្បីការរីកចម្រើនរបស់ក្រុមហ៊ុន។ ឧទាហរណ៍ នៅពេលធ្វើបទបង្ហាញចែករំលែកបទពិសោធន៍នៅក្រុមហ៊ុន Next Up Asia លោក Ma បានចែករំលែកទៅអ្នកចូលរួមថា ក្រុមហ៊ុនមួយគួរតែជួលបុគ្គលិកដែលសមស្របនឹងកម្រិតតម្រូវការរបស់ក្រុមហ៊ុន។
លោក Jack Ma បាននិយាយថា៖ «ឧបមាថា ក្រុមហ៊ុនរបស់អ្នក គឺជាត្រាក់ទ័រមួយគ្រឿង បើសិនជាអ្នកបំពាក់ម៉ាស៊ីនយន្តហោះប៊ូអ៊ីង ៧៤៧ ត្រាក់ទ័ររបស់អ្នកនឹងខូចនៅពេលដែលបញ្ឆេះម៉ាស៊ីន។ ហេតុនេះ អ្នកពុំចាំបាច់រកមនុស្សល្បី ឬពូកែពេកមកធ្វើការនៅក្រុមហ៊ុនរបស់អ្នកនោះឡើយ។ ក្រុមហ៊ុនតូច គួរតែជួលបុគ្គលិកល្មមៗតែមានសតិអារម្មណ៍នឹងនរមកធ្វើការបានហើយ»។
ស្វែងយល់ពីការបរាជ័យរបស់បុគ្គលដទៃទៀត
មនុស្សយើងភាគច្រើន ផ្តោតតែលើតែការសម្រេចបានរបស់បុគ្គលជោគជ័យ តែយើងបានភ្លេចពីបរាជ័យ និង ឧបសគ្គដែលពួកគាត់ទាំងនោះបានជួបប្រទះ។ ក្រៅពីការយល់ដឹងពីគន្លឹះ និងមេរៀននៃភាពជោគជ័យពីមុខជំនួញ លោក Ma បានធ្វើកំណត់សម្គាល់ថា ម្ចាស់មុខជំនួញក៏គួរសិក្សាពីកំហុសក្នុងការធ្វើជំនួញដែរ។ លោកបាននិយាយថា៖ «មានមនុស្សជាច្រើនដែលទទួលបរាជ័យដោយសារតែហេតុផលដូចៗគ្នា។ ប្រសិនបើអ្នកបានដឹងច្បាស់ពីហេតុផលដែលធ្វើឲ្យពួកគេបរាជ័យ អ្នកអាចសិក្សាវិភាគពីវា និងធ្វើការកែលម្អទៅលើកំហុសទាំងនោះ»។
ត្រូវតែមានគំនិតបង្កើតថ្មី ហើយមិនត្រូវធ្វើតាមគេរហូតទេ
មនុស្សជាច្រើន បានប្រៀបធៀបរវាង Steve Job និង Jack Ma។ លោកទាំងពីរសុទ្ធតែរៀនមិនបានចប់មហាវិទ្យាល័យ ហើយក៏ជាអ្នកបង្កើតបច្ចេកវិទ្យាថ្មីដែលបានផ្លាស់ប្តូរពិភពលោក។ បុគ្គលទាំងពីរ ក៏ជាអ្នកដែលបានមើលឃើញឱកាសមុនអ្នកមានវ័យស្រករនឹងខ្លួនដែរ។ សម្រាប់ Steve Job វាគឺជាកុំព្យូទ័រយួរដៃ និងទូរស័ព្ទស្មាតហ្វូនអេក្រង់ Touchscreen ឯចំណែក Jack Ma វិញ គឺសក្តានុពលនៃអ៊ិនធឺណិត។
ក្នុងកិច្ចសម្ភាសជាមួយនឹងទូទស្សន៍ CNBC លោក Ma បានចែករំលែកបទពិសោធន៍របស់លោកទាក់ទងនឹងការទិញយកក្រុមហ៊ុនEbay ថា៖ « ទីមួយ ខ្ញុំមិនដឹងថា ពួកគេព្រមលក់ឬក៏អត់នោះទេ ហើយទីពីរ ការធ្វើជំនួញមិនមែនចេះតែសាមញ្ញដូចជាការទិញនោះឡើយ។ នៅពេលធ្វើជំនួញ អ្នកចាំបាច់ត្រូវតែបង្កើតអ្វីមួយ ហើយសម្រាប់ពេលអនាគត ដែលមានន័យថា របស់នោះមិនមាននៅក្នុងពេលបច្ចុប្បន្ននេះ»។
ហ៊ានប្រថុយទៅលើអ្វីដែលគួរប្រថុយ
លោក Ma បានបង្កើតក្រុមហ៊ុនអ៊ិនធឺណិតដំបូងដែលមានឈ្មោះថា China Page។ ប៉ុន្តែ វាមិនបានទទួលជោគជ័យឡើយ។ មុខជំនួញនេះ បានដំណើរការអស់រយៈពេលមួយឆ្នាំ តែទីបំផុត លោក Ma បានបាត់បង់ការគ្រប់គ្រងទៅលើ China Page ហើយក្រុមហ៊ុននេះត្រូវបានគេដាក់សម្ពាធឲ្យរួមបញ្ចូលជាមួយក្រុមហ៊ុន China Telecom។ ទោះបីជាមានមនុស្សមួយចំនួន ចាត់ទុកវាជាបរាជ័យក៏ដោយ លោក Ma បានចាត់ទុកវាជាការប្រថុយប្រថានដែលត្រូវបានស្ទាបស្ទង់ដឹង។ នៅទីបញ្ចប់ វាក៏បានក្លាយជាបទពិសោធន៍មួយដែលគួរតែត្រូវយល់ដឹង។ ប៉ុន្តែ វាមិនមែនមានន័យថា បរាជ័យ និងការប្រថុយប្រថានទាំងអស់សុទ្ធតែដូចគ្នានោះទេ ដោយការប្រថុយប្រថានមួយចំនួន នាំឲ្យយើងឈានទៅក្ស័យធនតែម្ដង។
បុគ្គលឆ្នើមនានា ដឹងថា សហគ្រិនអស្ចារ្យ អាចមើលឃើញនូវហានិភ័យឆ្កួតៗ ហើយបន្ថយកម្រិតហានិភ័យឲ្យនៅទាបបំផុត។ មានវិធីច្រើនសម្រាប់ធ្វើបែបនេះ ដូចជា សិក្សាស្រាវជ្រាវពីតម្រូវការទីផ្សា និងឱកាស ព្យាយាមអត់ធ្មត់ និងជៀសវាងការសម្រេចចិត្តប្រញាប់ប្រញាល់ ជឿទុកចិត្តលើខ្លួនឯង និងមានគម្រោងធានារ៉ាបរងក្នុងករណីដែលមានរឿងអ្វីមិនល្អកើតឡើង។ តាមការពិតទៅ មនុស្សយើងពិតជាមានការអល់អែកក្នុងការប្រើប្រាស់វិធីខាងចុងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាមធ្យោបាយមួយសម្រាប់យកឈ្នះហានិភ័យ។
សេវាធានារ៉ាបរងមុខជំនួញដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាបរងដូចជាAXA SME Smart Business Insuranceត្រូវបានបង្កើតឡើងសម្រាប់បំពេញតម្រូវការការការពារទៅដល់សហគ្រាសធុនតូច និងមធ្យម ដែលងាយនឹងទទួលរងការខូចខាតដោយហេតុការណ៍នានាដូចជា ទឹកជំនន់ ចោរកម្មលួចប្លន់ ការបាត់បង់ទំនិញ ការការខូចខាតដែលបង្កឡើងដោយភាគីទីបី ភាពមិនស្មោះត្រង់របស់បុគ្គលិក និងអំពើឆរបោក។
បើសិនជាមានរឿងអកុសលកើតមានឡើង អ្នកនឹងមានថវិការបម្រុងទុកសម្រាប់ការចាប់ផ្តើមឡើងវិញភ្លាមៗ។ តាមរយៈវីធីនេះ អ្នកអាចផ្តោតទៅលើហានិភ័យដទៃទៀត ដែលអ្នកមានសមត្ថភាពអាចទទួលយក និងសមស្របឲ្យទទួលយក។
គន្លឹះនៃភាពជោគជ័យស្ថិតនៅលើមនុស្សជំនាន់ក្រោយ
មិនថាក្នុងមុខជំនួញណាក៏ដោយ វាពិតជាចាំបាច់ណាស់សម្រាប់ការរៀបចំគម្រោងទុកជាមុន ហើយកក្តាដ៏សំខាន់បំផុតនោះ គឺការពិចារណាទៅលើតម្រូវការ និងការចង់បានរបស់អតិថិជននាពេលអនាគត។ ដោយសារតែមុខជំនួញសម័យទំនើបភាគច្រើនផ្តោតទៅលើអតិថិជនក្មេងៗជំនាន់ក្រោយ តើយើងទៅស្វែងយល់ពីនរណាទៅវិញ ដើម្បីរៀបចំបង្កើតក្រុមហ៊ុន?
លោក Jack ma ជាមនុស្សដែលពូកែស្មានដឹងពីថ្ងៃខាងមុខ បានឲ្យដឹងថា ក្រុមក្មេងៗសម័យអ៊ីនធឺណិត គឺជាគន្លឹះដែលដឹកនាំក្រុមហ៊ុនទៅរកភាពជោគជ័យ ហើយលោកគិតថា មុខជំនួញនានាក៏គួរតែសម្របទៅនឹងក្រុមមនុស្សនេះដែរ។ លោក Jack Ma បាននិយាយថា៖ «មនុស្សជំនាន់ក្រោយរមែងគ្រាន់បើជាងមនុស្សជំនាន់មុន។ ប្រសិនបើអ្នកចង់ឲ្យក្រុមហ៊ុនមួយពោរពេញដោយគំនិតបង្កើតថ្មី និងចង់ឲ្យក្រុមហ៊ុនរបស់អ្នកតាមទាន់អនាគត អ្នកត្រូវពឹងផ្អែកទៅលើមនុស្សវ័យក្មេង»៕ The Vulcan Post/ប្រែសម្រួលដោយ តាំង រីនិត្យ
ប្រភព ភ្នំពេញប៉ុស្ដិ៍
ឧបត្ថម្ភដោយ