ភ្នាក់ងារ​អវកាស​អឺរ៉ុប​ចង់​បង្កើត​ភូមិ​នៅ​ឋាន​ព្រះ​ចន្ទ​


ទីភ្នាក់ងារ​អវកាស​របស់​អឺរ៉ុប (ESA) បានបង្ហាញ​ពី​បំណង​ក្នុង​ការបង្កើត​ភួ​មិ​នៅ​ឋាន​ព្រះ​ចន្ទ​។ ប្រធាន​ទីភ្នាក់ងារ​នេះ លោក Johann-Dietrich Woerner បានបញ្ជាក់​ដូចនេះ ដោយ​និយាយថា ភូមិ​នេះ​នឹង​បម្រើ​ឲ្យ​ការងារ​វិទ្យាសាស្ត្រ ពាណិជ្ជកម្ម ទេសចរណ៍​និង​ការរុករក​រ៉ែ​ផងដែរ​។ នេះ​បើ​យោងតាម CNN Money​។ 
​តាមរយៈ​វីដេអូ​សម្ភាសន៍​បង្ហោះ​លើ​គេហទំព័រ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ប្រធាន​ESA លោក Woerner និយាយ មូលដ្ឋាន​អចិន្ត្រៃយ៍​នៅលើ​ឋាន​ព្រះ​ចន្ទ គឺជា​ជំហាន​ទៅមុខ​មួយទៀត​ក្នង​ការរុករក​ទី​អវកាស​។ លោក​បន្តថា ភូមិ​នេះ​នឹង​ជំនួស​ឲ្យ​ស្ថាន​នី​យ៍​អវកាស​អន្តរជាតិ​នៅ​ថ្ងៃ​អនាគត​។ ស្ថាន​នី​យ៍​នេះ​ត្រូវបាន​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០០០​មក តែ​នឹងត្រូវ​ឈប់​ប្រើ​នៅ​ឆ្នាំ​២០២៤​។

​ទីភ្នាកងារ​ESA បញ្ជាក់ដែរថា វា​អាច​ត្រូវ​ប្រើពេល​ដល់​២០​ឆ្នាំ មុនពេល​បច្ចេកវិទ្យា​មាន​សមត្ថភាព​បង្កើត​ភូមិ​នៅ​ឋាន​ព្រះ​ចន្ទ​បាន​។ ចំណែក​លោក Woerner និយាយថា ESA អាច​នឹង​ប្រើ​ធនធាន​ផ្ទាល់​នៅ​ឋាន​ព្រះ​ចន្ទ​ដើម្បី​កសាង​ភូមិ​នេះ ដោយ​មិន​យក​វត្ថុធាតុដើម​ពី​ផែនដី​ទេ​។ គ្រឿង​បង្គុំ​និង​ផ្នែក​នៃ​អាគារ នឹងត្រូវ​បច្ចេកវិទ្យា​3D ដោយ​ប្រើ​រ៉ូ​បូត​។ លោក​ថា យើង​មិន​ត្រូវការ​ហិរញ្ញវត្ថុ​ច្រើន​ទេ​នៅពេល​ចាប់ផ្ដើម​។ យើង​អាច​ចាប់ផ្ដើម​ជាមួយ​បេសកកម្ម​ចុះចត​ជាមុន ដែល​ប្រទេស​ជាច្រើន​រៀបចំ​ផែនការ​រួចហើយ​។

​យ៉ាងណាក្ដី វត្តមាន​អចិន្ត្រៃយ៍​របស់​មនុស្ស​នៅ​ឋាន​ព្រះ​ចន្ទ​ជា​រឿង​គ្រោះថ្នាក់​មួយ​។ នេះ​ក៏​ដោយសារតែ​វិទ្យុសកម្ម​នៃ​លោកធាតុ អាច​ន៍​ផ្កាយ​តូចៗ ជាពិសេស​ទៅទៀត​នោះ​គឺ​សីតុណ្ហភាព​ដែលមាន​កម្រិត​ពី​១២៣​អង្សា ទៅ​-១៥៣​អង្សា​។

​ទាក់ទិន​បញ្ហា​នេះ លោក Woerner បកស្រាយ​ថា គ្រោះថ្នាក់​ទាំងនេះ​អាច​នឹង​ត្រូវបាន​កាត់បន្ថយ​បាន ដោយ​ការ​រើស​ទីតាំង​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឋាន​ព្រះ​ចន្ទ​។ លោក​និយាយថា ប្រសិនបើ​យើង​បោះ​ទីតាំងនៅ​ចំនុច​ស្រមោល​លើ​ឋាន​ព្រះ​ចន្ទ យើង​នឹងមាន​កន្លែង​ដែល​គ្មាន​វិទ្យុសកម្ម ជាក់ស្ដែង​នៅ​ប៉ូល​ខាងត្បូង​នៃ​ព្រះ​ចន្ទ ដែល​ទីនោះ​ងងឹត​ជា​អចិន្ត្រៃយ៍ និង​អាច​មានទឹក​ផងដែរ​។ 

​សូមបញ្ជាក់ថា សន្ធិសញ្ញា​អវកាស​ឆ្នាំ​១៩៦៧ ចែងថា គ្មាន​ប្រ​ទសណា​មាន​សិទ្ធិ​ធ្វើជា​ម្ចាស់​ឋាន​ព្រះ​ចន្ទ​នោះទេ​។ ប៉ុន្តែ​ទីភ្នាកងារ​អវកាស​អឺរ៉ុប​ចង់​ប​ង្កើ​ភូមិ​នៅ​ឋាន​ព្រះ​ចន្ទ និង​យក​ទីនេះ​ដាក់​ជាទី​តាំង​អន្តរជាតិ​សម្រាប់​ប្រទេស​ដទៃ​ដែល​រុករក​អវកាស​ដែរ​។​លោក Woerner បន្ថែមថា មាន​ប្រទេស​ខ្លះ​ក៏មាន​ចំណាប់អារម្មណ៍​រុករក​ធនធាន​កំរ និង​សារធាតុ​អេ​ល្យ៉ូ​ម​នៅ​ឋាន​ព្រះ​ចន្ទ​ផងដែរ​៕