លោកយាយ Colette Bourlier វ័យ៩១ឆ្នាំ បានជាមនុស្សដ៏មានវ័យចំណាស់ជាងគេបំផុតនៅក្នុងប្រទេសបារាំងដោយទើបទទួលបានសញ្ញាបត្រអនុបណ្ឌិត (PhD) បន្ទាប់ពីបានការពារនិក្ខេបបទរបស់ខ្លួនដែលចាប់ផ្តើមតាំងពី៣ទសវត្សមុនប្រកបដោយជោគជ័យ។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ លោកយាយ Colette Bourlier កើតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩២៥ ទទួលបាននូវការវាយតម្លៃខ្ពស់លើស្នាដៃសិក្សាស្រាវជ្រាវពីសំណាក់មេប្រយោគនៃសាកលវិទ្យាល័យ Franche-Comité ។ គាត់បានសរសេរនិក្ខេបបទមួយស្តីពី “ជនអន្តោប្រវេសន៍ដែលធ្វើការនៅ Besancon នៅសតវត្សទី២០។
ក្រោយទទួលបានសញ្ញាបត្រទុតិយភូមិនៅឆ្នាំ១៩៤៤ អ្នកស្រី Colette Boourlier បានក្លាយជាគ្រូបង្រៀនម្នាក់នៅ Besancon ដោយបង្រៀនមុខវិជ្ជាប្រវត្តិ-ភូមិសាស្ត្រ នៅ Poligny បន្ទាប់មកនៅ Lons-le-Saunier, Besancon និង Montjoux។ នេះបើតាមការផ្សាយរបស់កាសែត France 3 ។
បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ១៩៨៣ អ្នកស្រី Colette Bourlier បានចាប់ផ្តើមធ្វើការស្រាវជ្រាវកម្រិតសាកលវិទ្យាល័យស្តីពីបព្ហាពលករអន្តោប្រវេសន៍នៅ Besancon។ អង្គុយក្រោមផ្ទាំងគំនូរស្តេចល្វីសទី១៤ អ្នកស្រី Colette បានប្រើប្រាស់ពេលវេលាជាង២ម៉ោងដើម្បីធ្វើបទបង្ហាញរបស់ខ្លួនដែលមាន៤០០ទំព័រហើយភាគច្រើនសរសេរដោយដៃ។
ជាការងារមួយដ៏ច្បាស់លាស់ និងមានមូលដ្ឋានត្រឹមត្រូវ។ នេះជាការពន្យល់របស់លោក Jacques Fontaine ដែលជាអ្នកដឹកនាំការស្រាវជ្រាវម្នាក់ក្នុងចំណោម៣នាក់ ហើយលោកក៏បានចូលនិវត្តន៍ផងដែរ ប៉ុន្តែលោកបានវិលត្រឡប់ជួយដល់អតីតសិស្សរបស់ខ្លួន។
លោក Serge Ormaux ដែលជាអតីតគ្រូម្នាក់របស់លោកស្រី Colette ផងដែរនោះ បានអះអាងថា និក្ខេបបទរបស់ស្ត្រីវ័យ៩១ឆ្នាំរូបនេះ ផ្តល់ព័ត៌មានស៊ីជម្រៅស្តីពីបញ្ហាអន្តោប្រវេសន៍នៅ Besancon។ លោកបានលើកឡើងថា៖ «មិនត្រឹមតែជាការស្រាវជ្រាវបែបវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែនេះជាការងារផ្នែកភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមសាស្ត្រ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយផងដែរ»៕