ក្នុងអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ Emile Burbidge ទើបតែទទួលបានការតែងតាំងសម្រាប់តំណែងនាយកប្រតិបត្តិក្រុមហ៊ុន Toys’R’ US ប្រចាំប្រទេសកាណាដា ដែលជាសាខាផលិតសម្ភារក្មេងលេងដ៏ធំនៅសហរដ្ឋអាមេរិក។
មានកំណើតនៅតំបន់ Saint-Bruno ក្រុងកេប៊ិច ប្រទេសកាណាដា កុមារា Emile Burbidge បានឆ្លងកាត់ការសម្ភាសដ៏ជោគជ័យក្នុងចំណោមបេក្ខជនជាង១០០នាក់សម្រាប់តំណែងChief Play Officer (CPO) ប្រចាំសាខាក្រុមហ៊ុនផលិតសម្ភារក្មេងដ៏ល្បី Toys’R’US របស់អាមេរិក។
សម្រាប់យុទ្ធសាស្ត្រឆ្នាំដំបូងនៃការងាររបស់ខ្លួន Emile ធ្វើការពិសោធន៍ពីគុណភាពផលិតផលក្មេងលេងដែលទើបផលិតចេញពីម៉ាស៊ីន ដើម្បីសិក្សាស្វែងពីចំនុចវិជ្ជមាន និងអវិជ្ជមាន ពោលគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
អ្នកគ្រប់គ្រងការចែកចាយផលិតម្នាក់របស់ក្រុមហ៊ុន បានអះអាងថា ការបង្កើតមុខដំណែង Chief Play Officer នេះឡើយសម្រាប់កុមារ គឺដោយសារតែក្រុមហ៊ុនសិក្សាឃើញថា កុមារដឹងច្បាស់ពីតម្រូវការរបស់ក្មេងដូចគ្នា ហើយគេក៏អាចបញ្ចុះបញ្ចូលឪពុកម្តាយឲ្យទិញសម្ភារអ្វីដែលជាប្រយោជន៍សម្រាប់ក្មេងផងដែរ។
Emile មិនត្រឹមតែទទួលបានសម្ភារក្មេងដ៏សម្បូរបែបដាក់ផ្ទះប៉ុណ្ណោះនោះទេ គេក៏ចំណេញផ្នែកហិរញ្ញវត្ថុផងដែរ។ បើតាមសម្តីដែលដកស្រង់ដោយកាសែត Le Parisienថ្នាក់ដឹកនាំក្រុមហ៊ុនដ៏ក្មេងខ្ចីរូបនេះ បានលើកឡើងថា៖ «ខ្ញុំបានក្លាយជាកុមារដែលមានសំណាងបំផុតនៅក្នុងប្រទេស ខ្ញុំមិនជឿសោះថា ក្រុមហ៊ុនបានជ្រើសរើសយករូបខ្ញុំ។ តំណែងនេះសំខាន់ណាស់ ដូច្នេះខ្ញុំនឹងធ្វើឲ្យបានល្អបំផុត»។
Toys’R’USជាក្រុមហ៊ុនផលិតសម្ភារក្មេងលេងដ៏ធំលើពិភពលោក ដោយមានសាខា៨៩៣សាខានៅសហរដ្ឋអាមេរិក ព័រតូរីកូ និងហ្គាម ហើយមានសាខានៅបណ្តាប្រទេសចំនួន៣៦ ហើយនៅកាណាដា មានហាងជាង៨០លក់ផលិតផលរបស់ក្រុមហ៊ុននេះ៕