អូន​ជា​អ្នក​ខុស​ តែ​បង​ត្រូវ​តែ​លួង​អូន​



«​អូន​ជា​អ្នក​ខុស​ក៏ដោយ បង​ត្រូវតែ​លួង​អូន​» នេះ​គឺជា​អ្វីដែល​មនុស្ស​ស្រី​ភាគច្រើន តែងតែ​ចង់​ឲ្យ​គូស្នេហ៍ ឬ​សង្សារ​របស់ខ្លួន ពោល​ពាក្យ​ទន់ភ្លន់ ផ្អែមល្ហែម​មក​លួងលោម នៅពេលដែល​ខ្លួនឯង​មិន​សប្បាយចិត្ត ឬ​បើទោះជា​ធ្វើ​ខុស​ចំពោះ​មិត្ត​ប្រុស​យ៉ាង​ក៏ដោយ​។ 

​វិធី​ដែល​មនុស្ស​ស្រី​ភាគច្រើន​ចង់​ឲ្យ​សង្សារ​របស់ខ្លួន​លួងលោម​នោះ មានដូចជា ប្រើពាក្យ​សុំ​ទោស​ដោយ​ទន់ភ្លន់​, ជូន​ផ្កា​, ជូន​ដើរលេង​, ដើរ​ផ្សារ​, ញ៉ាំ​អាហារ និង​ទិញ​កាដូ​ វត្ថុ​អនុ​ស្សាវរីយ៍​ជាដើម ពោលគឺ​មនុស្ស​ស្រី​ចង់​ឲ្យ​សង្សារ​របស់ខ្លួន ប្រើ​វិធីសាស្ត្រ​យ៉ាងណាក៏ដោយ ឲ្យ​តែ​ខ្លួន​សប្បាយចិត្ត ពេញចិត្ត ហើយ​ឈប់​ខឹង​វិញ គឺ​មនុស្ស​ស្រី​នោះ គិតថា​សង្សារ​របស់ខ្លួន​ ជា​មនុស្ស​ដែល​ពូកែ​យល់ចិត្ត​បំផុត (​បង​ពូកែ​យល់ចិត្ត​អូន​, អូន​ចូលចិត្ត​...!)​។​

​ផ្ទុយ​មកវិញ មាន​មនុស្ស​ប្រុស​តិច​ណាស់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆ្លើយតប​នឹង​ការចង់បាន​ពី​មិត្តស្រី​របស់ខ្លួន​។ ប្រសិនបើ មាន​មនុស្ស​ប្រុស​ច្រើន​ដែល​តែងតែ​ចូលចិត្ត ឬ​លួងលោម ឬក៏​ធ្វើ​អ្វីៗ​ទៅតាម​ការចង់បាន​ពី​មិត្តស្រី​របស់ខ្លួន​គ្រប់ពេល​គ្រប់​វេលា​នោះ ក៏​ព្រោះតែ​មិត្ត​ប្រុស​របស់​អ្នក​នៅ​ស្រឡាញ់​អ្នកខ្លាំង ឬក៏​មានបំណង​អ្វីមួយ​ទៅលើ​អ្នក​វិញ​ដែរ​។

​ម្យ៉ាងវិញទៀត ការអុកឡុក ឬ​ទាមទារ​ឲ្យ​មិត្ត​ប្រុស​របស់​អ្នក​លួងលោម ឬ​យកចិត្ត​ទាំង​ខ្លួនឯង​ធ្វើ​ខុស​ដដែល​ហើយ​ដដែល​ទៀត នោះ​មិត្ត​ប្រុស​របស់​អ្នក​អាច​នឹង​អស់ចិត្ត លែង​ស្រឡាញ់​អ្នក​វិញ​ក៏​អាច​កើតឡើង​ដែរ​។​

​ហេតុផល​នៃ​ការមិនយល់​ចិត្ត​គ្នា​នេះហើយ ជា​មូល​ហេតុដែល​គូសង្សារ ឬ​ប្តី​ប្រពន្ធ​ភាគច្រើន​តែងតែ​បែកបាក់​គ្នា​វិញ​។ មនុស្ស​ស្រី​ចូលចិត្ត​ឲ្យ​មនុស្ស​ប្រុស​លួងលោម តែ​មនុស្ស​ប្រុស​មិនសូវ​ចូលចិត្ត​នៅ​ទ្រ ឬ​ធ្វើ​តែ​តាម​អ្វីដែល​មនុស្ស​ស្រី​ចង់បាន​នោះទេ​៕