តើ​ព្រះ​ពុទ្ធ​ជា​ លោក​វិទូ​ ឬ​ទស្សនវិទូ​?

អ្នកប្រាជ្ញ​ក្នុង​លោក និង​អ្នកសិក្សា​ជ្រៅជ្រះ​មិនតិច​ទេ ជាពិសេស​អ្នក​ចាប់អារម្មណ៍​ផ្នែក​សាសនា និង​ទស្សនវិជ្ជា បានចាត់ទុក​ព្រះសម្មាសម្ពុទ្ធ ជា​ទស្សនវិទូ ដូច​ទស្សនវិទូ​ដទៃទៀត​ដែរ​។ ការយល់​ដូច្នេះ ដោយហេតុ​ផល​ថា ព្រះពុទ្ធ​បាន​បង្រៀន​មនុស្សលោក ឲ្យ​ស្គាល់​មាគ៌ា ទៅកាន់​សុខ​សុភមង្គល ក្នុង​ជីវិត​រស់នៅ​បច្ចុប្បន្ន ដូច​ទស្សនវិទូ​លើ​ពិភពលោក​ដទៃទៀត ដូចជា ឡៅ ជឺ ខុង​ជឺ ពី​តា​ហ្គ័​រ សូ​ក្រា​ត ប្លា​តុង អា​រី​ស្តូ​ត មហា​ត្មៈ គ​ន្ធី ជាដើម​។​


​តាមពិតទៅ​! ឱវាទ​ព្រះសម្មាសម្ពុទ្ធ មួយចំនួន​ពិត​ជាមាន​លក្ខណៈ​ដូច​ទស្សនៈ របស់​ទស្សនវិទូ​ផ្សេងៗ​ទៀត​មែន ដូចជា មង្គល​ទាំង​៣៨​ប្រការ ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ដល់​មនុស្ស ដើម្បី ស្វែងរក​សេចក្តីសុខ សុភមង្គល​ក្នុង​ជីវិត ជាដើម​។ មង្គល​ទាំង​៣៨​ប្រការ​នោះ មានដូចជា ការបម្រើ​នូវ​មាតា និង​បិតា​មួយ​, ការសង្គ្រោះ​កូន និង​ភរិយា​មួយ​, ការជួយជ្រោមជ្រែង​នូវ​ញាតិ​ទាំងឡាយ​មួយ​ជាដើម​។ ទាំងនេះ​លោក​ចាត់ទុកថា​ជា​ទង្វើ​នាំមក​នូវ​សុភមង្គល​ក្នុង​ជីវិត​។ ព្រះ​ពុទ្ធោវាទ​ទាំងនេះ អ្នកប្រាជ្ញ​ជាច្រើន​ក៏បាន​ពោល​ដែរ​។ តួយ៉ាង ដូចជា​ខុង ជឺ ដែល​លោក​អប់រំ​មនុស្ស​ឲ្យ​ចេះ​គោរព និង​សងគុណ​មាតាបិតា ចេះ​ជួយសង្គ្រោះ​បងប្អូន សាច់ញាតិ ឫ​រហូតដល់​ប្រទេសជាតិ​ទៀតផង​។​

​ប៉ុន្តែ ព្រះពុទ្ធ មិនអាច​ត្រូវបាន​គេ​ចាត់ទុក​ត្រឹមតែ​ជា​ទស្សនវិទូ​នោះទេ​។ ព្រះអង្គ​គឺជា លោកវិទូ ឬក៏​ជា​អ្នក​ត្រាស់ដឹង​។ លោកវិទូ ឬក៏​ជា​អ្នក​ត្រាស់ដឹង មានន័យថា អ្នក​ដែល​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​លោក ឬក៏​ជា​អ្នក​ទ្រង់​ញាណ​នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ធម្មជាតិ យើង​នេះ​។ និយាយ​ឲ្យ​ងាយ​យល់ មានន័យថា អ្វីៗ​ក៏​ព្រះអង្គ​ដឹង​ដែរ ក្នុង​ចក្រ​វា​ឡ​នេះ ហើយ​បញ្ញា និង​ការដឹង​របស់​ព្រះអង្គ គ្មាន​ដែន​កំណត់​ឡើយ​។

​ហេតុផល​មួយទៀត​ដែលថា ព្រះពុទ្ធ មិនអាច​ចាត់ទុកថា​ជា​ទស្សនវិទូ​នោះ ព្រោះ​ហេតុថា ព្រះពុទ្ធ​ទ្រង់​ជា​បុគ្គល​ដែល​បាន​រំលត់​នូវ​កិលេស​គ្រប់យ៉ាង ដែល​អ្នកប្រាជ្ញ ឬ​ទស្ស​វិទូ​ទាំងឡាយ មិនអាច​ធ្វើបាន​។ អ្នកប្រាជ្ញ​ទស្សនវិទូ​ទាំងនោះ គ្រាន់តែ​ជា​អ្នកមាន​បញ្ញា​ជ្រាលជ្រៅ ឬ​ជំនាញ​ផ្នែក​អ្វីមួយ ទៅតាម​ទេពកោសល្យ និង​ការព្យាយាម​សិក្សា ពិចារណា​របស់ខ្លួន​ប៉ុណ្ណោះ តែ​មិនមែនជា​ត្រាស់ដឹង ឬក៏​ជា​អ្នក​ទ្រង់​ញាណ នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​លោក ដូច​តួអង្គ​ព្រះសម្មាសម្ពុទ្ធ​នោះឡើយ​។ ហើយ​ជាពិសេស​នោះ ទស្សនវិទូ មិនអាច​លះបង់ និង​រំលត់​នូវ​កិលេស​ទាំងពួង​បាន​ដូច​តួអង្គ​ព្រះសម្មាសម្ពុទ្ធ​នោះទេ​។

​ការពិតទៅ បញ្ញា​ព្រះពុទ្ធ​គ្មាន​ដែន​កំណត់ ដែល​ផ្ទុយ​ពី​បញ្ញា​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ដែន​កំណត់​។ សេចក្តី​ករុណា និង​ការ​អាណិត​ប្រោសប្រណី​របស់​ព្រះពុទ្ធ​ចំពោះ​មនុស្សលោក គ្មាន​ដែន​កំណត់ តែ​សេចក្តី​ករុណា​អ្នកប្រាជ្ញ​ទាំងនោះ​មាន​ដែន​កំណត់​។ គុណ​របស់​ព្រះពុទ្ធ ចំពោះ​មនុស្សលោក ក៏​គ្មាន​ដែន​កំណត់ ចំណែកឯ​គុណ​របស់​អ្នកប្រាជ្ញ​ទាំងនោះ​មាន​ដែន​កំណត់​។​

​ព្រះពុទ្ធ​ជា​បុគ្គល​ត្រាស់ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង ហើយ​ជា​បុគ្គល​ដែល​រំលត់​នូវ​កិលេស​ទាំងពួង ព្រះ​អង្គជា​អ្នក​ដែល​រស់​ទៅ​នូវ​សេចក្តី​ទុក្ខ​គ្រប់យ៉ាង​។ ចំណែក​អ្នកប្រាជ្ញ និង​ទស្សនវិទូ គ្រាន់តែ​ជា​បុគ្គល​ដែលមាន​បញ្ញា​ខ្ពង់ខ្ពស់ មានបទពិសោធន៍ និង​ចំណេះដឹង​ជ្រៅជ្រះ តែ​លោក​ទាំងនោះ​នៅតែ​ជា​បុថុជ្ជន ដូច​មនុស្សលោក​យើង​នេះដែរ​៕