ឈ្មោះរបស់មេដឹកនាំផ្តាច់ការ ហាក់ត្រូវបានគេចងចាំច្រើនជាងមេដឹកនាំធម្មតា។ កាសែត The Independent បានធ្វើការស្រាវជ្រាវទាក់ទងនឹងការងារដំបូងបំផុតរបស់មេដឹកនាំផ្តាច់ការ១៣រូបក្នុងប្រវត្តិសាស្ត្រ។ ក្រោយមកកាសែតបានដកឈ្មោះលោក Jozef Tiso អតីតមេដឹកនាំស្លូវ៉ាគីចេញ ដោយសារតែមិនមានឯកសារច្បាស់លាស។
ក្នុងចំណោមមេដឹកនាំផ្តាច់ការ១២រូប ដែលមានឯកសារយោងគ្រប់គ្រាន់ កាសែត The Independent បានរកឃើញថា អ្នកទាំងនោះ ភាគច្រើនសុទ្ធតែបានចាប់ផ្តើមជាមួយនឹងការងារសាមញ្ញ ដូចជាគ្រូបង្រៀន អ្នកកាសែត ឬសិល្បករ ជាដើម។
Benito Mussolini ដែលធ្វើជានាយករដ្ឋមន្ត្រីទី២៧របស់អ៊ីតាលីពីឆ្នាំ១៩២២ ដល់ឆ្នាំ១៩៤៣ បានចាប់ផ្តើមការងារជាគ្រូបង្រៀន មុនពេលប្តូរអាជីពទៅជាអ្នកកាសែតជំនាញនយោបាយនៅក្នុងប្រទេសស្វ៊ីស។
Kim Il-Sung ស្ថាបនិកកូរ៉េខាងជើង ហើយដឹកនាំពីឆ្នាំ១៩៧២ដល់ឆ្នាំ១៩៩៤ ចាប់តួនាទីជាមន្ត្រីយោធាម្នាក់នៅក្នុងកងទ័ពសូវៀតនាអំឡុងសង្គ្រាមលោកលើកទី២ ។ នាអំឡុងឆ្នាំ១៩៣០ លោកបានចូលរួមក្នុងចលនាតស៊ូរប្រឆាំងនឹងការគ្រប់គ្រងរបស់ជប៉ុន។
Joseph Stalin មេដឹកនាំរបស់អតីតសហភាពសូវៀតពីឆ្នាំ១៩២២ ដល់ឆ្នាំ១៩៤២ បានសិក្សាជំនាញសិក្ខាសាលានៅ Tiflis Theological Seminary ប៉ុន្តែបានចាប់អាជីពជាគ្រូបង្រៀន និងជាស្មៀន ខណៈប្រភពមួយចំនួនបានលើកឡើងថា គាត់មិនមានថវិកាគ្រប់គ្រាន់ដើម្បីទ្រទ្រង់ការសិក្សា។
Adolf Hitler ដែលគ្រប់គ្រងអាល្លឺម៉ង់ពីឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៤៥ ធ្លាប់បានចាប់អាជីពជាវិចិត្រករ។ កាលពីឆ្នាំ១៩៤១ ហ៊ីត្លែរបានអះអាងប្រាប់មហាជនថា ខ្លួនស្រឡាញ់ផ្នែកសិល្បៈ ប៉ុន្តែឪពុកមិនយល់ស្រប។ ជនផ្តាច់ការរូបនេះ ក៏ធ្លាប់ធ្វើកម្មករធម្មតា និងជាជាងគំនូរទឹកនៅទីក្រុងវីយ៉ែន ផងដែរ ហើយធ្លាប់ត្រូវបានសាលាសិល្បៈ Acedemy of Fine Arts បដិសេធរហូតដល់ទៅ២ដង។
ប៉ុល ពត ឈ្មោះដើម សាឡុត សរ គឺជាមេដឹកនាំរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។ ជនផ្តាច់ការរូបនេះធ្លាប់ធ្វើជាគ្រូបង្រៀនប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបារាំងនៅសាលាឯកជនមួយ។ ប៉ុល ពតបានអាហារូបករណ៍រៀនផ្នែកវិទ្យុ និងអគ្គិសនីនៅទីក្រុងប៉ារីស ប៉ុន្តែតែងតែចំណាយពេលវេលាចូលរួមក្នុងចលនាបដិវត្ត។
Idi Amin ប្រធានាធិបតីអ៊ូហ្គង់ដាពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ គឺជាអតីតជំនួយការចុងភៅ ជើងឯកកីឡាប្រដាល់ និងជាអ្នកហែលទឹកដ៏មានសមត្ថភាពម្នាក់។ លោកបានធ្វើជាកូនកាំបិតនៃជួរកងទ័ពអាណានិគមអង់គ្លេស King’s African Rifles នាឆ្នាំ១៩៤៦ ហើយធ្លាប់ឈ្នះជើងឯកប្រដាល់ទម្ងន់ស្រាលចម្លោះពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៦០ ។
François Duvalier ដែលគេហៅថា «Papa Doc» ធ្វើជាប្រធានាធិបតីហៃទីពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៧១ ។ លោកបានរៀនចប់នៅមហាវិទ្យាល University of Haiti School of Medicine ក្នុងឆ្នាំ១៩៤៣ ហើយចាប់ផ្តើមការងារជាគ្រូពេទ្យរហូតដល់ឆ្នាំ១៩៤៣ ។
Nicolae Ceausescu ជាអតីតលេខាធិការបក្សកុំម្មុយនីស្តរូម៉ានីពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៨៩ ហើយក៏ធ្លាប់ធ្វើជាប្រមុខរដ្ឋពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៨៩ផងដែរ។ លោកបានរៀនត្រឹមកម្រិតបឋមសិក្សាប៉ុណ្ណោះ។ បន្ទាប់ពីចេញពីភូមិ លោកបានប្រកបរបរជាអ្នកដេរស្បែកជើង។
Francisco Franco ជាមេដឹកនាំផ្តាច់ការរបស់អេស្ប៉ាញដ៏មានឥទ្ធិពលម្នាក់ចន្លោះពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៧៥ ដែលគេហៅថា Caudillo of Spain។ លោកបានចូលក្នុងជួរកងទ័ព ហើយបានក្លាយជាមេបញ្ជាការដ៏ក្មេងជាងគេនៅអេស្ប៉ាញនាឆ្នាំ១៩១៥ ខណៈលោកមានអាយុ២៣ឆ្នាំ។
Maximilien Robespierre គឺជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅសម័យបដិវត្តបារាំង។ លោកជាប្រធានគណៈកម្មាធិការសាធារណៈ និងសុវត្ថិភាព (ឋានៈដូច ប្រធានាធិបតី) ពីឆ្នាំ១៧៩៣ ដល់ឆ្នាំ១៧៩៤ ។ នៅមុនប្រឡូកនយោបាយ លោករកបានប្រាក់ចំណូលជាមួយនឹងការងារជាមេធាវីម្នាក់។
Augusto Pinochet ជាអតីតមេដឹកនាំផ្តាច់ការស៊ីលីពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៩០ ។ លោកធ្លាប់ធ្វើជាគ្រូបង្រៀនផ្នែកភូមិសាស្ត្រនយោបាយនៅសាលា War Academy បន្ទាប់ពីរៀនចប់សាលាយោធានៅឆ្នាំ១៩៣៧ ។
Jorge Rafael Videla ជាអតីតមេដឹកនាំផ្តាច់ការអាហ្សង់ទីនពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨១ ។ លោកបានចូលរួមក្នុងកងទ័ព បន្ទាប់រៀនចប់នៅសាលាយោធា National Military College ក្នុងឆ្នាំ១៩៤៤ ហើយក៏ឡើងតំណែងកាន់តែធំជាបន្តបន្ទាប់៕