ប្រើយុទ្ធសាស្ត្រ​ ៥​យ៉ាង​នេះ ដើម្បី​ធានា​ភាព​ជោគជ័យ​ដ៏​យូរអង្វែង​អាជីវកម្ម

ការ​បើក​ជំនួញ​មិនមែន​ជា​រឿង​លំបាក​ពេក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ត្រូវ​ដំណើរ​ការ​បែប​ណា​ដើម្បី​ជោគជ័យ​យូរអង្វែង។ ​អាជីវកម្ម​ខ្លះ​ តែង​បិទទ្វារ​ទៅវិញ​ក្រោយពេល​បើក​រកស៊ី​បាន​មួយ​រយៈ ខណៈ​អាជីវកម្ម​ខ្លះ​ទៀត​ក៏​អាច​បន្ត​ដំណើរ​ទៅ​មុខ​យ៉ាង​វិជ្ជមាន។​ ​បរាជ័យ ជោគជ័យ​ខ្លី និង ជោគជ័យ​យូរអង្វែង​ វា​អាស្រ័យ​លើ​ម្ចាស់​អាជីវកម្ម​ប៉ុណ្ណោះ ពោល​គឺ​បើ​រៀបចំ​យុទ្ធសាស្ត្រ​ត្រូវ​ នោះ​អ្វីៗ​ក៏​ប្រសើរ​ តែ​បើ​រៀបចំ​ខុស​វិញ​គឺ​ប្រាកដ​អស់​អ្វី​និយាយ​​។


ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ ដើម្បី​ធានា​ថា​អាជីវកម្ម​របស់​អ្នក​អាច​បន្តដំណើរ​ទៅ​មុខ​ប្រកប​ដោយ​ជោគជ័យ​យូរអង្វែង៖

១) ​ជ្រើសរើស​គោលដៅ​ដែល​ខ្លួន​ពេញ​ចិត្ត
​មាន​មនុស្ស​មិន​តិច​ទេ ដែល​ចូលចិត្ត​ផ្អើល​តាម​ហ្វូង ពោល​គឺ​ពេល​ឃើញ​គេ​ធ្វើ​អ្វី​មួយ​ជោគជ័យ​ ក៏​ព្យាយាម​ធ្វើតាម​គេ​ដែរ​​ព្រោះ​ចង់​ជោគជ័យ​ តែ​ភ្លេច​គិត​ហើយ​ថា ខ្លួន​ពេញ​ចិត្ត​ឬ​អត់ ហើយ​មាន​សមត្ថភាព​ធ្វើ​វា​ដែរ​ឬ​ទេ​។ បើកាលណា​អ្នក​គ្រាន់​តែ​ចម្លង​តាម​គេ​ ដើម្បី​ឆាប់​ជោគជ័យ​នោះ វា​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​ ព្រោះ​អ្នក​មិនអាច​សម្រេច​អ្វីមួយ​ ដែល​ខ្លួន​គ្មាន​​សមត្ថភាព និង មិន​ចូលចិត្ត​ឡើយ​។ ផ្ទុយទៅវិញ​ បើ​គោលដៅ​ដែល​អ្នក​ជ្រើសរើស​នោះ គឺ​ស្តែក​ចេញ​ពី​បំណង​ដ៏​មោះមុត​របស់​អ្នក​មែន ទោះបីជា​មាន​បញ្ហា​ច្រើន​ប៉ុណ្ណោះ​ក្តី ក៏​អាច​ដោះស្រាយ​បាន​ដែរ​។

២) ​ព្យាយាម​​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ដៃគូ​
​​គ្មាន​ការ​រកស៊ី​ណាមួយ​ដែល​អាច​ដំណើរការ​ទៅ​បាន​ ដោយ​គ្មាន​ទំនាក់ទំនង​នោះ​ទេ។ ​ទំនាក់ទំនង​ពិតជា​មាន​សារសំខាន់​​ខ្លាំង​ណាស់​ ព្រោះ​វា​កំណត់​នូវ​ភាព​ជោគជ័យ​របស់​អាជីវកម្ម​នីមួយៗ។ ​ដូច្នេះ​ហើយ ​​ក្នុង​នាម​ជា​អ្នក​ជំនួញ​ម្នាក់ អ្នក​មិន​គួរ​មើល​រំលង​ចំណុច​នេះ​ជាដាច់ខាត​ ព្រោះ​វា​ជា​ដង្ហើម​ដ៏​សំខាន់​របស់​អាជីវកម្ម ហើយ​ការ​សាង​ទំនាក់ទំនង​ល្អ​នេះ​ក៏​គ្មាន​ការ​លំបាក​អ្វី​ខ្លាំង​នោះ​ដែរ​ទោះ​បី​ជា​ក្នុង​ស្ថានភាព​ខ្លះ​វា​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ក្តី។

៣) ​​ដាក់ខ្លួន​ដើម្បី​រៀន​សូត្រ​
​ម្ចាស់​អាជីវកម្ម​ខ្លះ​ យល់​ឃើញ​ថា​ខ្លួន​ជា​មនុស្ស​មាន​សញ្ញាបត្រ​ខ្ពស់ បទពិសោធន៍​ច្រើន និង ​មាន​ក្រុមហ៊ុន​ធំ​ ដូច្នេះ​មិន​ត្រូវការ​ការរៀនសូត្រ​ច្រើន​ពេក​នោះ​ទេ​ជាពិសេស​ពី​ក្រុមហ៊ុន​តូចៗ​។​ ការ​គិត​បែបនេះ​ ហាក់ដូចជា​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ព្រោះ​វា​ជា​រនាំង​មួយ​ដែល​រាំង​ខ្ទប់​​ការចេះដឹង​របស់​អ្នក ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ចេះ​ដាក់ខ្លួន​ឲ្យ​ទាប ​ដើម្បី​អាច​ទទួល​បាន​បទពិសោធន៍​ និង ចំណេះដឹង​ថ្មីៗ ពី​អាជីវកម្ម​ផ្សេងៗ​ទោះ​ធំ​ក្តី​តូច​ក្តី ដើម្បី​បង្កើន​គំនិត​ច្នៃ​ប្រឌិត​សម្រាប់​ការអភិវឌ្ឍន៍​ក្រុមហ៊ុន​របស់​អ្នក​។

 ៤) ​ត្រូវ​ហាន​ប្រថុយ
​គ្មាន​ភាព​ជោគជ័យ​ណា​​កើត​ចេញពី​ភាព​ស្ទាក់ស្ទើរ​នោះ​ឡើយ​។ មនុស្ស​ជាច្រើន​ដែល​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​ ព្រោះ​ពួកគេ​ឃើញ​ឱកាស​​ហើយ​ស្រវា​ចាប់​វា​ភ្លាម​ ព្រោះ​ថា ឱកាស​មិន​ងាយ​នឹង​មាន​ឡើយ​ ហើយ​បើ​គិត​យូរ​ខ្លាំង​ពេក​ប្រាកដ​ជា​ហួស​អស់​មិន​ខាន​។ តាមពិត​ទៅ ការ​ប្រថុយ​ក្នុង​បរិបទ​នេះ ​មានន័យថា អ្នក​ត្រូវ​តែ​ហ៊ាន​ធ្វើ​ចំពោះ​អ្វី​ដែល​ខ្លួន​គិត​ថា ត្រឹមត្រូវ ពោល​គឺ​ជៀសវាង​ភាព​ស្ទាក់ស្ទើរ​​​​ដែល​រារាំង​មិន​ឲ្យ​អ្នក​អាច​ទទួល​បាន​ភាព​ជោគជ័យ​ធំធេង​។

​​​​៥) ​ផ្តល់​តម្លៃ​ចំពោះ​អតិថិជន​
​​គ្មាន​ក្រុមហ៊ុន​ ឬ អាជីវកម្ម​ណាមួយ​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​គ្មាន​អ្នកទិញ​នោះ​ទេ ពោល​គឺ​​ត្រូវតែ​មាន​​អ្នកលក់​និង អ្នកទិញ​ជា​ដាច់ខាត។ ​ត្រូវ​ចាំ​ថា អ្នកទិញ​គឺ​មាន​លុយ​មក​ដូរ​ដើម្បី​បាន​ទំនិញ​ ឬ សេវាកម្ម​របស់​យើង មិនមែន​មក​សុំ​ទទេៗ​ឡើយ​។ ដូច្នេះ​ត្រូវ​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​ចិត្ត តាមរយៈ​ភាព​រួសរាយ​រាក់ទាក់​ ការប្រើប្រាស់​សំដី​ប្រកប​ដោយ​ការគោរព​ បើ​ទោះ​បី​ជា​ពួក​គេ​ស្ថិត​ក្នុង​កំរិត​ជីវភាព​អ្វី​ក៏ដោយ​។ ​ការ​ផ្តល់​តម្លៃ​ដល់​អតិថិជន​ ​ មានន័យ​ស្មើ​នឹង​ផ្តល់​ផ្លូវ​រស់​សម្រាប់​អាជីវកម្ម​ទាំង​អស់៕
ឧបត្ថម្ភដោយ Adbox