ចំនុច​សម្គាល់​របស់​មនុស្ស​ឆ្លាត​

ជា​ការ​ពិត​ណាស់​​មនុស្ស​ជាច្រើន​ ​មាន​ភាព​វៃឆ្លាត​តាំងពី​កំណើត​​មក​ម្ល៉េះ​​។ ប៉ុន្តែ​​យ៉ាងណាក៏ដោយ​ លក្ខណៈ​ពិសេស​ពី​កំណើត​មក​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។ មានន័យថា ​ដើម្បី​ក្លាយ​ជា​មនុស្ស​ឆ្លាតវៃ អ្នក​ត្រូវតែ​ចេះ​រៀបចំ​ឥរិយាបថ​សំខាន់ៗ​មួយ​ចំនួន​ ព្រោះថា រាល់​សកម្ម​ភាព​របស់​យើង​ តែង​ត្រូវ​បាន​វាយតម្លៃ​ដោយ​មនុស្ស​ជុំវិញ​ខ្លួន​​ថា យើង​ជា​មនុស្ស​បែប​ណា។ ​ខាង​ក្រោម​នេះ​ គឺ​ជា​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ឆ្លាត៖​​

១) ​ ដើរ​ក្នុង​ល្បឿន​មួយ​ដែល​ប្រហាក់ប្រហែល​អ្នកដទៃ​
​​បើ​យោង​តាម​​ការស្រាវជ្រាវ​របស់​លោក Carey Morewedge ​សាស្ត្រាចារ្យ​​សាកលវិទ្យាល័យ Boston​ បាន​បញ្ជាក់​ថា ល្បឿន​នៃ​ការ​ដើរ​របស់​មនុស្ស​ម្នាក់ៗ​ អាច​បង្ហាញ​ពី​ទឹកចិត្ត​របស់​ពួកគេ​បាន​។ ដូច្នេះ​ហើយ​ បើកាលណា​អ្នក​ដើរ​លឿន​ ឬ យឺត​ជាង​អ្នកដទៃ​​ក្នុង​ពេល​ដើរ​ជាមួយ​គ្នា​នោះ​ មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា អ្នក​ហាក់ដូចជា ​ល្ងីល្ងើ។

២) សរសេរ​យ៉ាង​សាមញ្ញៗ​
​​​វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​សរសេរ​ឃ្លា ឬ ប្រយោគ​លើ​ប្រធាន​បទ​​អ្វី​មួយ ព្រោះ​ថា ​គោលបំណង​ធំ​បំផុត​ក្នុង​ការ​សរសេរ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកអាន​អាច​យល់​អំពី​គោលបំណង​របស់​អ្នក​សរសេរ​។​ ប៉ុន្តែ​បើ​សរសេរ​វែង​ ហើយ​មាន​ពាក្យពេចន៍​ពិបាកៗ​ច្រើន​ពេក​ ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​អាន​ធុញ​ទ្រាន់​​។​ តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ​​​សរសេរ​អ្វីមួយ​យ៉ាង​សាមញ្ញ​សាមញ្ញ​​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ឆ្លាត​។

៣) និយាយ​ច្បាស់ៗ​ និង មាន​​ថាមពល
​ក្នុង​ការសន្ទនា​គ្នា​ម្តងៗ​ ​មនុស្ស​តែង​មាន​លក្ខណៈ​នៃ​ការ​និយាយ​ផ្សេងៗ​គ្នា។ ​អ្នកខ្លះ​និយាយ​​អ្វីមួយ​ តែង​ធ្វើ​ឲ្យ​អ្នកដទៃ​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​ ខណៈ​អ្នក​ផ្សេង​វិញ​​តែង​ធ្វើ​ឲ្យ​អ្នក​ស្តាប់​មាន​ការ​​ធុញទ្រាន់​។ ​ដោយសារតែ​បែបនេះ​ហើយ​ ពេលខ្លះ​មនុស្ស​ពីរ​នាក់​ដែល​និយាយ​ឃ្លា​តែមួយ​ដូចគ្នា​សោះ​​ តែ​ទាក់ទាញ​ការចាប់អារម្មណ៍​ផ្សេង​ពី​គ្នា​ទៅវិញ​។ ​ដូច្នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ អ្នក​ដែល​និយាយ​ច្បាស់ៗ​ និង ប្រកបដោយ​ថាមពល​​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ឆ្លាត។

​៤) សម្លឹង​ភ្នែក​ដៃគូ​ពេល​កំពុង​និយាយ​
​មាន​មនុស្ស​ជាច្រើន​នៅ​ពេល​ដែល​និយាយ​គ្នា​ម្តងៗ​ ហាក់​ដូចជា​មិន​ហាន​សម្លឹង​ចំមុខ​គ្នា​ប៉ុន្មាន​ទេ។ ការ​ធ្វើ​បែបនេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​មិនទាន់​មាន​សេចក្តី​ក្លាហាន​​គ្រប់គ្រាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​អ្នក​ហាន​សម្លឹង​ចំ​ភ្នែក​ដៃគូ​ក្នុង​ពេល​សន្ទនា​ជាមួយ​គ្នា​នោះ គេ​ចាត់​ទុក​ថា ជា​មនុស្ស​ឆ្លាត​។

៥) ​ការ​ស្លៀកពាក់​សមសួន​​
ការ​ស្លៀកពាក់​ ក៏​ជា​ចំណុច​សំខាន់​ណាស់​ដែរ ព្រោះ​វា​បង្ហាញ​អំពី​អត្តចរិត​ និង សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ផង​ដែរ​។​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​អ្នក​ស្លៀកពាក់​មិនសូវ​សមរម្យ​ ឬ ខុស​គេ​ពេក​ ធ្វើ​ឲ្យ​គេ​វាយ​តម្លៃ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​មិនសូវ​ឆ្លាតវៃ​៕