រង់ចាំ​៤​ឆ្នាំ ទើប​អ្នក​កើត​ថ្ងៃទី​២៩ ខែកុម្ភៈ អាច​ប្រារព្ធ​ខួបកំណើត​

ថ្ងៃទី​២៩ ខែកុម្ភៈ គឺ​ថ្ងៃ​លើក (​អធិកសុរទិន​) ក្នុង​ប្រតិទិន​ហ្គ្រេ​ហ្គ​រ (Gregorian Calendar) ត្រូវបាន​ចាត់ទុកជា​ប្រតិទិន​សកល​ចាប់តាំងពី​ឆ្នាំ​១៥៨២​មក ឬ​គេ​ហៅថា «​ប្រតិទិន​សុរិយគតិ​» ។ ឆ្នាំ​ភាគច្រើន​ដែល​ចែកដាច់​នឹង​៤ ដូចជា​ឆ្នាំ​២០០០, ២០០៤, ២០០៨, ២០១២, ២០១៦, ២០២០, ២០២៤ និង​២០២៨ ជាដើម​នោះ គឺមាន​ថ្ងៃទី​២៩ ខែកុម្ភៈ ពោលគឺ​រៀងរាល់​៤​ឆ្នាំ​ម្តង​។ 

​សម្រាប់​ឆ្នាំ​ដែល​ចែកដាច់​នឹង​១០០ តែ​មិន​ចែកដាច់​នឹង​៤០០ មិន​ត្រូវបាន​រាប់បញ្ចូល​ជា​ថ្ងៃ​អធិកវារៈ​ឡើយ ដួច​ជា​ឆ្នាំ​១៧០០, ១៨០០, ១៩០០, ២១០០, ២២០០ ឬ​២៣០០ ជាដើម ខណៈ​ឆ្នាំ​១៦០០, ២០០០ ឬ ២៤០០ មាន​ថ្ងៃទី​២៩ ខែកុម្ភៈ​។​
 
​បើតាម​ឯកសារ​ស្រាវជ្រាវ​របស់លោក ម៉ី សូ​ភី ប្រតិទិន​សកល (​ហ្គ្រេ​ហ្គ​រ​) ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​សតវត្ស​ទី​១៦​មក បន្ទាប់ពី​សម្តេច​ប៉ាប Gregoire ទី​១០ បានកែតម្រូវ ដោយ​រាប់​ខែមករា ជា​ខែ​ដំបូង​នៃ​ឆ្នាំ ហើយ​បន្ត​ដល់​ខែធ្នូ ជា​ខែ​ទី​១២ ។​
 
​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត អធិកវារៈ ឬ​ពារ​ថ្ងៃ​លើក គឺ​ថ្ងៃមួយ​ដែល​ថែម​ត្រង់​ខែជេស្ឋ​តាម​ចន្ទគតិ (​ខែជេស្ឋ​នោះ​មាន ៣០ ថ្ងៃ​)  ឆ្នាំមាន​អធិកវារៈ  ហើយ​ថ្ងៃ​អធិកសុរទិន ឬ --​សូរ្យ​ទិន​ជា ថ្ងៃមួយ​ដែល​លើក​បន្ថែម​ត្រង់​ខែកុម្ភៈ​តាម​សុរិយគតិ (​តាម​ធម្មតា​, ខែកុម្ភៈ​មាន ២៨ ថ្ងៃ​, កាលណា​មាន​អធិកសុរទិន​ទៅជា​មាន ២៩ ថ្ងៃ​៕