មានឪពុកជាអតីតឧបនាយករដ្ឋមន្ត្រី និងម្តាយជាស្ត្រីខ្មែរទី១ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា។ ឯកឧត្តម សម រង្ស៊ី បានបង្ហោះឯកសារប្រវត្តិរូប (CV) ខ្លួន នៅតាមបណ្តាញសង្គមហ្វេសប៊ុក (Sam Rainsy) កាលពីថ្ងៃទី២៨ ខែមករា ប៉ុន្តែគេមិនដឹងថា ហេតុអ្វីបានជា ប្រធានគណបក្សប្រឆាំងសម្រេចធ្វើការផ្សព្វផ្សាយយ៉ាងដូច្នេះឡើយ។
គ្មានអ្វីប្លែកនោះទេដែលពលរដ្ឋត្រូវដឹងពីប្រវត្តិរូបរបស់ឥស្សរជននយោបាយកំពូលនៅកម្ពុជា ប៉ុន្តែត្រង់មូលហេតុមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននឹកឃើញបង្ហោះជាសាធារណៈបែបនេះ មិនមានអ្នកណាដឹងច្បាស់នោះឡើយ។
យោងតាមឯកសារប្រវត្តិរូប ឯកឧត្តម សម រង្ស៊ី ដែលឈានចូលដល់វ័យ៦៧ឆ្នាំ មានឪពុកជាអតីតឧត្តមមន្ត្រី និងម្តាយជាបញ្ញវន្តម្នាក់។ ប្រធានគណបក្សសង្គ្រោះជាតិផ្ទាល់ ដែលមានលោកស្រី ជូឡុង សូមួរ៉ា ជាភរិយា និងមានកូនបីនាក់ ជាមនុស្សម្នាក់ដែលឆ្លងកាត់ការអប់រំដ៏ជ្រៅជ្រះ។
ឯកឧត្តម សម រង្ស៊ី ឆ្លងកាត់ការសិក្សាថ្នាក់បឋមសិក្សានៅភ្នំពេញ ប៉ារីស និងក្រុងឡុងដ៍ ថ្នាក់វិទ្យាល័យនៅសាលាដេកាត និងព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ និងសាលា Jason de Sailly ក្នុងក្រុងប៉ារីស ហើយទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតជាច្រើននៅបារាំង លើផ្នែកពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គាត់បាន MBA ពីសាលា INSEAD ដែលបច្ចុប្បន្នជាសាលាបង្រៀនជំនាញគ្រប់គ្រងពាណិជ្ជកម្មលំដាប់លេខមួយលើពិភពលោក ដោយយោងតាមការចាត់ថ្នាក់របស់កាសែត Financial Times។
ក្រៅពីកិច្ចការនយោបាយ ឯកឧត្តម សម រង្ស៊ី ក៏មានបទពិសោធន៍ដឹកនាំក្រុមហ៊ុនធំៗនៅប្រទេសបារាំងផងដែរ។ បន្ថែមពីលើនេះ ប្រធានគណបក្សប្រឆាំងរូបនេះ ធ្លាប់បានទទួលពានរង្វាន់ធំៗចំនួនបីដែលក្នុងនោះមាន Heritage Foundation Prize (ឆ្នាំ១៩៩៨) European Parliament Passport for Freedom (ឆ្នាំ២០០០) និង Liberal International Freedom Award (ឆ្នាំ២០០៧) ។
នៅក្នុងប្រវត្តិរូប ឯកឧត្តម សម រង្ស៊ី ក៏បានសរសេរដែរថា ខ្លួនមានតួនាទីជាប្រធានក្រុមអ្នកតំណាងរាស្ត្រភាគតិចនៅក្នុងរដ្ឋសភា បើគិតចាប់តាំងពីឆ្នាំ២០១៤ មក ខណៈលោកមិនមានអភ័យឯកសិទ្ធិទៀតឡើយនាពេលនេះ៕