ប្រាកដណាស់ បុរសចូលចិត្ដសិច គិតពីសិច មើលរឿងសិច និងអនុវត្ដសិច។ ពេលវេលាពេញមួយថ្ងៃរបស់អ្នកប្រហែលជាពោរពេញទៅដោយសិច។ តើអ្នកគិតពីរឿងនេះញឹកញាប់ដែរឬទេ? ១០ ដង ២០ ដង ឬ ៥០ ដង ក្នុងមួយថ្ងៃ? បើគិតបែបនេះរៀងរាល់ ១០ នាទីម្ដង តើជាចំណុចគួរឲ្យបារម្ភដែរទេ? តើកម្រិតណាដែលចាត់ទុកថាញៀននឹងសិច ហើយតើចំណុចណាដែលជាភាពផ្អែមល្ហែមនៃរសជាតិជីវិត?
ការសិក្សាជាច្រើនបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម ២៥ នាក់បានថ្លែងពីអារម្មណ៍ដ៏រោលរាលដែលគិតតែពីរឿងសិច និងចង់តែប្រព្រឹត្ដសិចរហូតដល់គ្រប់គ្រងមិនបាន។ ប៉ុន្ដែមិនថាជាការញៀនសិចនោះទេ សូម្បីតែសិចធម្មតាក៏ក្លាយជាប្រធានបទជជែកដេញដោលដែរ។ ពាក្យថា «ចំណង់ផ្លូវភេទមិនចេះឆ្អែតឆ្អន់» មិនត្រូវបានរួមបញ្ចូលក្នុងការសិក្សាថ្មីបំផុតរបស់ Diagnostic and Statistical Manual of Mental Disorders (DSM) សៀវភៅវិនិច្ឆ័យជំងឺផ្លូវចិត្ដ។ ប៉ុន្ដែបើសួរ Tiger Woods ជាកីឡាករវាយកូនគោលដែលមានស្រីស្នេហ៍ច្រើនគឺជាបញ្ហាជីវិតក្នុងសង្គមពិតៗ។
ការសិក្សារបស់អង់គ្លេសថ្មីមួយបានរកឃើញថា នៅពេលបុគ្គលណាមួយនិយាយថា ខ្លួនញៀននឹងសិច ដែលផ្ដោតលើអ្នកមានចំណង់ខ្ពស់ ពួកគេគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ហើយជួនកាលចង់តែមើលរឿងអាសអាភាស វាបង្កឲ្យសកម្មភាពខួរក្បាលវិវត្ដដូចការញៀនគ្រឿងញៀនអ៊ីចឹង។
វេជ្ជបណ្ឌិតជំនាញលោក ផាទ្រីក កាណេស បានពន្យល់ថា អ្នកខ្លះងប់នឹងសិចខ្លាំង មិនខុសពីការញៀនថ្នាំឡើយ។
ប៉ុន្ដែចំពោះការសិក្សាផ្នែកអត្ដចរិតរបស់មនុស្ស វានៅមិនទាន់អស់នៅឡើយ។ អ្នកខ្លះងាយនឹងកើតអារម្មណ៍ត្រេកត្រអាលពីធម្មជាតិ។ ការសិក្សាក្នុង ឆ្នាំ២០១៣ ក្រុមស្រាវជ្រាវរបស់ UCLA បានរកឃើញថា នៅពេលអ្នកដែលត្រូវបានចាត់ទុកជាអ្នកញៀនសិចត្រូវបានស្នើឲ្យមើលរូបស្រើបស្រាល ប្រតិកម្មខួរក្បាលរបស់ពួកគេមានទំនាក់ទំនងជាមួយចំណង់ផ្លូវភេទច្រើនជាងអ្វីដែលខ្លួនបានរាយការណ៍ថា វាជាការញៀននឹងសិច។
វេជ្ជបណ្ឌិត នីកូល ប្រោស ជាអ្នកនិពន្ធការសិក្សា ជាអ្នកស្រាវជ្រាវក្នុងនាយកដ្ឋានផ្នែកចិត្ដសាស្ដ្រ និងវិទ្យាសាស្ដ្រស្ដីពីអត្ដចរិតបាននិយាយថា៖ «អ្នកមានចំណង់ផ្លូវភេទខ្ពស់ទំនងជាមានទំនោរចិត្ដចង់រួមភេទដោយសារតែវាផ្ដល់អារម្មណ៍ស្រណុកសុខស្រួល»។
អ្នកស្រី បានបន្ថែមថា សូម្បីតែសមត្ថភាពឡើងដល់ចំណុចកំពូលក៏ដោយសារតែហ្សែនរបស់ពួកគេផ្ទាល់ដែរ។
ដូច្នេះកាមតម្រេកមិនចេះឆ្អែតឆ្អន់ មិនថាជាចំណង់ធម្មជាតិ ឬយ៉ាងណានោះទេ តើវាជាបញ្ហាផ្នែកវេជ្ជសាស្ដ្រដែរឬទេ? ចម្លើយគឺមិនសំខាន់ទេ។ កាមតម្រេកមិនចេះឆ្អែតឆ្អន់ មានទំនាក់ទំនងជាមួយអ្នកដែលមានអារម្មណ៍ថា ចំណង់របស់ខ្លួនមានឥទ្ធិពលអវិជ្ជមានលើអ្នកនៅជុំវិញខ្លួន ឬអ្នកដែលមិនអាចគ្រប់គ្រងតម្រូវការរបស់ខ្លួន បើទោះបីជាព្យាយាមយ៉ាងណាក៏ដោយ។
អ្នកស្រាវជ្រាវទាំងនេះបានឯកភាពថា បញ្ហាចម្បងត្រូវបានរកឃើញនៅពេលចំណង់របស់អ្នកចាប់ផ្ដើមរំខានសុខុមាភាពរបស់អ្នក ហើយវាមិនសំខាន់ទេថា តើចំណង់របស់អ្នកឥតរលត់ ឬយ៉ាងណា?
អ្នកស្រី ប្រោស បានបន្ដថា៖ «សូម្បីតែអត្ដចរិតខុសប្លែកពីធម្មតា ដូចជា ការសម្រេចកាមដោយខ្លួនឯងមួយថ្ងៃ ៣ ដងយ៉ាងណាក៏ដោយ ក៏វាមិនបង្កឲ្យហានិភ័យ ឬបញ្ហាចំពោះជីវិតបុគ្គលឡើយ»។
ដូច្នេះមិនថាអ្នកត្រៀមខ្លួនចុះសមភូមិមួយខែម្ដង ឬមួយថ្ងៃ ៣ ដងយ៉ាងណាក៏ដោយ ក៏វាមិនបង្កក្ដីបារម្ភនោះទេ លុះត្រាតែវារំខានដល់ការងារ ក្រុមគ្រួសារ ឬភេទសម្ព័ន្ធរបស់អ្នក។ ខណៈអ្នកស្រី វេជ្ជបណ្ឌិត ប្រោស ចង្អុលបង្ហាញថា គ្មានវិធីធ្វើរោគវិនិច្ឆ័យណាមួយមកវាស់ស្ទង់ចំណង់ផ្លូវភេទខ្ពស់ប៉ុន្មាន និងគ្មានការព្យាបាលជាក់លាក់ណាមួយចំពោះការញៀនសិចនោះទេ។ ជំនួបជាមួយអ្នកឯកទេសគឺជាវិធីល្អបំផុតបើអ្នកមានបញ្ហាផ្លូវចិត្ដ។
អ្នកជំនាញអាចជួយអ្នកដោះស្រាយក្ដីកង្វល់ចំពោះទម្លាប់មិនឆ្អែតឆ្អន់នេះមុនពេលវាជ្រាបចូលពេញលេញ ដែលរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ៕