Page ដែលមាន​​ចំនួន​អ្នក​ Like ច្រើន​ជាង​គេ​បំផុត​នៅ កម្ពុជា

 អង្គការ​មូលនិធីអាស៊ី (The Asia Foundation) កំពុង​តែ​ធ្វើ​ការ​អង្កេត​ប្រចាំ​ខែ​មួយ​ទៅ​លើ​​បណ្តាញ​សង្គម Facebook ខ្មែរ​ចំនួន​ ២០ ដែលកំពុង​ពេញ​និយម​​នៅ​ក្នុង​ប្រទេស​កម្ពុជា។
អង្គការ​នេះ​ ប្រទះ​ឃើញ​ទំព័រ Facebook របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក​ សម រង្ស៊ី ​ដែល​មាន​ចំនួន Like ១.៦៧ លាន​​ ​ចំណាត់​ថ្នាក់​លេខ​ ២ ​​ក្នុង​ចំណោម​ទំព័រ Facebook ដែល​មាន​អ្នក​ Like ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចាញ់​ទំព័រ Facebook របស់​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក (VOA) ដែល​មាន​ចំនួន​ Like រហូត​ដល់​ទៅ ២.២ លាន​តែ​មួយ​គត់ គិត​ត្រឹម​ខែ​​ កញ្ញា។
ទំព័រ Facebook របស់​គេហទំព័រ Post khmer​ របស់​កាសែត​ ភ្នំពេញ ​បុស្តិ៍​ ​ឈរ​នៅ​​លេខ ៣ ខណៈ​​ទំព័រ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន ឈរ​នៅ​លេខ ៤ ដោយ​មាន​ចំនួន​អ្នក​ចុច Like តិចជាង​ដៃ​គូ​ប្រកួត​ប្រជែង​របស់​លោក​រហូត​ដល់​ទៅ​ ៣៧ ភាគរយ។
លោក Silas Everett តំណាងមូលធិនិអាស៊ី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កំពុង​​ព្យាយាម​ធ្វើ​ឲ្យ​គម្លាត​នេះ​កាន់​តែ​តូច​ទៅៗ។
លោកថ្លែង​ថា៖​« ក្នុង​និន្នាការ​បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន នឹង​អាច​បង្កើន​ចំនួន​ Like នៅ​លើ​ទំព័រ Facebook របស់​លើក​ឲ្យ​បាន​ច្រើន​ជាង​ទំព័រ​របស់​លោក ​សម រង្ស៊ី នៅ​ឆ្នាំ ២០១៧»។
ទោះ​ជា​យ៉ាង​ណា យោងតាមគេហទំព័រ Socialbaker.com បាន​ដឹង​ថា គិត​ត្រឹម​ថ្ងៃ ១០ ធ្នូ ទិវា​សិទ្ធិ​មនុស្ស​នេះទំព័រ Facebook របស់ VOA ឈរ​នៅ​លេខ ១, តារា​ចម្រៀង​ពេញ​និយម មាស សុខសោភា លេខ ២, លោក សម រង្ស៊ី លេខ ៣, ទំព័រ​របស់​វិទ្យុ​អាស៊ី​សេរី លេខ ៤ និង​ទំព័រ Facebook Post Khmer របស់កាសែត ភ្នំពេញ ប៉ុស្តិ៍ ឈរ​នៅ​លេខ ៥ ខណៈ​ទំព័រ Facebook របស់​លោក ហ៊ុន សែន ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៧ ជាមួយ​នឹង​អ្នក​គាំទ្រ​ជាង ១.៥ លាន​អ្នក។
ឥទ្ធិពល​នៃ​បណ្តាញ​សង្គម​ Facebook
របាយការណ៍​របស់​អង្គការ​មូលនិធី​អាស៊ី ដែល​​ផ្តោត​សំខាន់​ទៅ​លើ​គំនិត​ទស្សនៈ​របស់​ប្រជាជន​កម្ពុជា និង​​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​មនុស្ស​ថ្នាក់ទាប និងកណ្តាល ក៏​បាន​រក​ឃើញថា​ អំពើ​ឧក្រិដ្ឋកម្ម ជម្លោះ​ព្រំដែន និង​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ក្លាយ​ជា​ប្រធាន​បទ​ដែល​ទទួល​បាន​ការ​ព្រួយ​បារម្ភ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
អ្នក​ដែល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​វា​ភាគ​ច្រើន គឺ​ជា​ក្រុម​យុវវ័យដែល​មិន​ធ្លាប់​ឆ្លង​កាត់​សង្រ្គាម ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន​​ ដើម្បី​ធ្វើ​ទំនាក់​ទំនង និង​មាន​និន្នាការ​ប្រឆាំង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ ជាង ៦៥ ភាគរយ​នៃ ប្រជាជន​កម្ពុជា​សរុប មាន​អាយុ​តិចជាង ៣០​ ឆ្នាំ ​គឺជា​មូលហេតុ​ចម្បង​​នៃ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​កៅអី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន។
លោក Sila ​Everett ​ប្រាប់​សារព័ត៌មានក្រៅ​ស្រុក​មួយ​ឈ្មោះ​ The Diplomat ​ថា៖ «ការ​ធ្លាក់​ចុះ​នេះ​តំណាង​ឲ្យ​ការកើន​ឡើង​នៃ ការ​ចូលរួម​របស់​ប្រជាជន ដែល​ធ្លាប់​ត្រូវ​បាន​គេ​មើ​ល​រំលង​​ជា​​យូរ​ណាស់​មក​ហើយ។
លោក​ថ្លែង​ថា៖​ «សម្រាប់​អ្នក​នយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ គឺជា​ឱកាស​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​បាន​យល់​ពី​អ្វី​ដែល​ប្រជាជន​ភាគ​ច្រើន​និយម​ចាប់​អារម្មណ៍។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កំពុង​តែ​បាន​ក្លាយ​ទៅ​ជា​វេទិកា​របស់​ប្រជាជន​​កម្ពុជា​សម្រាប់​ពិភាក្សា​អំពី​បញ្ហា​សំខាន់​ៗ​នានា​ដែល​មាន​ឥទ្ធិពល​មក​លើ​ពួកគេ។
លោក Everett បន្ថែម​​ថា៖ «ក្រុម​មនុស្ស​ថ្នាក់​កណ្តាល​ គឺ​ជា​ក្រុម​ភាគច្រើន​ដែល​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ជា​មធ្យោបាយ​ក្នុង​ការ​​បញ្ចេញ​សម្លេង​របស់​ខ្លួនឲ្យ​សាធារណជន​បាន​ដឹងលឺ»។
ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី ClothildeLe Coz ​អ្នក​ស្រាវជ្រាវជាន់​ខ្ពស់​ម្នាក់​របស់​ក្រុម​អ្នក​កាសែត​គ្មាន​ព្រំដែន (RSF) បាន​ឲ្យ​ដឹងដែរ​​ថា ចំនួន​អ្នក​ប្រើ​ប្រាស់ ​អ៊ីនធើណេត មាន​ការ​កើនឡើងយ៉ាងលឿន ហើយ​វា​នឹង​ក្លាយ​ជា​ប្រភព​ព័ត៌មានចម្បង​មួយ​ដូច​ទូរទស្សន៍​ដែល​ក្នុង​រយៈ​ពេល​ប្រមាណ កន្លះ​ឆ្នាំទៀត។
អ្នក​ស្រី​ ត្រូវបានដកស្រង់សម្តី ក្នុង​​ទស្សនាវដ្តី The Diplomat ដែរ​​ថា៖ «​ប្រជាជន​កាន់​តែ​ហ៊ាន​ទៅ​ៗ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់។ អ៊ីនធើណេត​ កំពុង​តែ​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​ប្រជាជ​ន​កម្ពុជា​ចំពោះ​ខ្លួនឯង និង​ពិភព​លោក ហើ​យ​បង្ខំ​អ្នក​កាន់​អំណាច​ឲ្យ​ផ្លាស់​ប្តូរការ​គ្រប់​គ្រង​ផង​ដែរ»។
អ្នក​ស្រីបាន​ចាត់​ទុក​ទូរទស្សន៍​ជា​ប្រភព​នៃ ការ​កម្សាន្ត និងអ៊ីនធើ​ណេត​ជា​ប្រភព​ព័ត៌មាន​ចម្បង៕