បេក្ខភាព Cambodian Idol ដ៏មានប្រជាប្រិយភាព លោក ម៉ៅ ហាជី ដែលកំពុងទទួលរងនូវព្យុះព័ត៌មានបោកបក់ផ្អើលពិភពសិល្បៈ រងបណ្តឹងពីក្រុមហ៊ុនហង្សមាស និងពិន័យជាប្រាក់លើសពីរម៉ឺនដុល្លារនិងថាបើមិនព្រមចូលខ្លួនដោះស្រាយ ក៏ប្រឈមនឹងចាប់ខ្លួននោះ នៅព្រឹកថ្ងៃទី ២ ខែ ធ្នូ នេះ បេក្ខភាពCambodian Idol មានកំណើតពីទឹកដីខេត្ត បាត់ដំបង រូបនេះ បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោកមិនបានធ្វើអ្វីខុសនឹងក្រុមហ៊ុនហង្សមាស និងកម្មវិធី Cambodian Idol នោះទេ។
បន្ទុកកាន់តែធ្ងន់ពីព័ត៌មានថា ម៉ៅ ហាជី អាចនឹងរងពាក្យបណ្តឹងប្តឹងពីក្រុមហ៊ុន ហង្សមាស ហើយហង្សមាសកំពុងពិចារណារឿងប្តឹងបេក្ខភាព Cambodian Idol ម៉ៅ ហាជី ពីរឿងរំលោភកិច្ចសន្យា Cambodian Idol ទៅចុះកុងត្រាជាមួយផលិតកម្មផ្សេងនោះ។
ថ្មីៗក៏មានបណ្តាញផ្សព្វផ្សាយមួយដោយយកសម្ដីបញ្ជាក់ពីលោក មាស រិទ្ធី ពិធីករអានព័ត៌មានទូរទស្សន៍ហង្សមាសថា៖ «ហង្សមាសបានសម្រេចដាក់ពាក្យប្តឹង ម៉ៅ ហាជី ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញហើយ»។
ក្នុងការចេញផ្សាយនោះក៏បានបញ្ជាក់ថា លោក មាស រិទ្ធី បានបញ្ជាក់ថា «ហាជី ប្រឈមនឹងបណ្តឹងហង្សមាស ប្តឹងទារជំងឺចិត្តលើសពីរម៉ឺនដុល្លារ ហើយមិនចូលខ្លួនតាមដីកាហោះហៅលើកទី ១ ទេ នោះបេក្ខភាព Cambodian Idol រូបនេះនឹងប្រឈមការចាប់ខ្លួនទៀតផង»។
ប៉ុន្តែបេក្ខជនកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol លោក ម៉ៅ ហាជី បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ព្រឹកមិញនេះថា លោកមិនបានធ្វើអ្វីខុសជាមួយក្រុមហ៊ុង ហង្សមាស ទេ ហើយលោកក៏គ្មានអ្វីនឹងចូលខ្លួនទៅដោះស្រាយអីដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំបានគោរពលក្ខខណ្ឌ Cambodian Idol ហើយ គឺប្រឡងបានចប់កម្មវិធី»។
បន្តពីសម្ដីខាងលើបេក្ខជន Cambodian Idol រូបសង្ហារមុខមានប្រជាប្រិយភាពមកពីខេត្តបាត់ដំបងរូបនេះ ក៏បានបញ្ជាក់ពីព័ត៌មានដែលថា លោកចូលច្រៀងនៅផលិតកម្ម ថោន ថា៖ «រឿងព័ត៌មានល្បីថា ខ្ញុំចូលច្រៀងផលិតកម្មថោននោះក៏មិនពិតទេ ហ្វេសប៊ុកគេបង្ហោះនោះហើយដែលធ្វើឲ្យខ្ញុំខូចប្រជាប្រិយភាព ហើយក៏ជាដើមចមធ្វើឲ្យ ហង្សមាស មានការភ័ន្តច្រឡំនោះ»។
លោក ម៉ៅ ហាជី បញ្ជាក់ថា៖ «លោកមិនបានចុះកុងត្រាជាមួយផលិតកម្មណាទេ ហើយហង្សមាសក៏លោកមិនចូលដែរ គឺនៅធ្វើជាអ្នកចម្រៀងឯករាជ្យ។ ហេតុផលនេះហើយទើបខ្ញុំអះអាងថា ខ្ញុំមិនបានរំលោភកុងត្រានោះ អ៊ីចឹងរឿងអីត្រូវប្តឹងខ្ញុំទៅ»៕