នៅ​ពេល​ពពោះ ស្ត្រី​គួរ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ញឹកញាប់

ស្ត្រី​ភាគច្រើន​ដែល​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ តែងតែ​ចង់​ដឹង​អំពី​ភេទ​ទារក​នៅ​ក្នុង​ផ្ទៃ ។ តាម​ពិត​ការ​ទៅ​ពិនិត្យ​ផ្ទៃពោះ​គឺជា​ការ​ចាំបាច់​មួយ ដែល​អាច​ដឹង​អំពី​សុខភាព​របស់​ទារក និង​ម្តាយ សុខភាព​ស្បូន ទម្ងន់ កាយសម្បទា​របស់​ទារក ដឹង​អំពី​ភេទ​ប្រុស ឬ​ស្រី និង​បានដឹង​ពី​ថ្ងៃ​សម្រាល​ផង​ដែរ ។ ដូច្នេះ​នៅ​ពេល​ដែល​ស្ត្រី​រាំងរដូវ​ដំបូង គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​ទៅ​តាម​ដំណាក់កាល​ដូច​ជា ៖
-​ការ​ពិនិត្យ​ទឹកនោម​៖ ការ​ពិនិត្យ​ទឹកនោម គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដើម្បី​ដឹង​ច្បាស់​អំពី​ការ​មាន​ផ្ទៃពោះ ។
-​វាស់​ស្ទង់​សម្ពាធ​ឈាម​៖ ការ​វាស់​សម្ពាធ​ឈាម គឺ​ដើម្បី​ឲ្យ​ដឹង​អំពី​ដំណើរ​លំហូរ​របស់​ប្រព័ន្ធ​ឈាម ការពារ​ទុកជា​មុន ។
-​ថ្លឹង​ទម្ងន់​៖ ការ​ថ្លឹង​ទម្ងន់​គឺជា​ផ្នែក​មួយ​សំខាន់​ដែល​អាច​ដឹង​អំពី​សុខភាព ដូច្នេះ​ប្រសិនបើ​ទម្ងន់​ខ្លួន​កើនឡើង​ខ្លាំង​ពេក ក៏​អាច​ផ្តល់​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​ជា​ម្តាយ​និង​ទារក​ផង​ដែរ ដូច្នេះ​បើ​មាន​បញ្ហា​នេះ​កើតឡើង​គួរតែ ស្វែងរក​ដំណោះស្រាយ​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ មិន​ត្រូវ​ធ្វើការ​សម្រេចចិត្ត​សម្រក​ទម្ងន់​ខ្លួន​តាម​ចិត្ត​ឯង​នោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។
-​ពិនិត្យ​មើល​ចង្វាក់បេះដូង​៖ ពេល​មាន​ផ្ទៃពោះ លើស​ពី​១០​ស​ប្តា​ហ៍​ឡើង​ទៅ គ្រូពេទ្យ​នឹង​ផ្ទៀង​ស្តាប់​ចង្វាក់បេះដូង​របស់​ទារក​នៅ​ក្នុង​ផ្ទៃ​ដើម្បី​ពិនិត្យ​មើល​ក្រែង​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ចំពោះ​ទារក ។
-​ឆ្លុះ​អេកូ​សាស្ត្រ​មើល​៖ នៅ​ពេល​ទារក​បាន​៦​ស​ប្តា​ហ៍​ស្ត្រី​គួរតែ​ឆ្លុះ​អេកូ​ដើម្បី​ដឹង​អំពី​ទីតាំង​របស់​ទារ​កថា​នៅ​ក្នុង​ស្បូន ឬ​ស្ថិត​នៅ​ក្រៅ​ស្បូន ។ បន្ទាប់​ពី​ពិនិត្យ​មើល​ទីតាំង​របស់​ទារក​ហើយ​គ្រូពេទ្យ​ធ្វើការ​ណែនាំ​ឲ្យ​ស្ត្រី​មក​ជួប​ជាមួយ​គ្រូពេទ្យ​ជា​លើក​ទី​ពីរ​ដើម្បី​ពិនិត្យ​មើល​សុខភាព​ទារក កម្រិត​ស្បូន កាយសម្បទា ការ​លូតលាស់​របស់​ទារក ភេទ កំណត់​ថ្ងៃ​សម្រាល​... ។
ស្ត្រី​ត្រូវ​ចង​ចាំ​ថា នៅ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ បើសិនជា​មាន​អាការ​មួយ​ចំនួន​ដូច​ជា​៖
-​ឈឺ​ងំ តែ​មិនសូវ​ខ្លាំងក្លា
-​អាការ​ឈឺ​កន្ត្រាក់​ក្នុង​ស្បូន
-​ក្តៅ​ក្រហល់ក្រហាយ​ក្នុង​ខ្លួន
-​ញ័រ​ខ្លួន
-​ឈឺក្បាល​ខ្លាំង
-​មាន​ធ្លាក់ឈាម
ត្រូវ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​អាការ​ទាំងនេះ​អាច​នឹង​មាន​បញ្ហា​ចំពោះ​សុខភាព​ទារក និង​ស្ត្រី​ជា​ម្តាយ ដែល​អាច​ធ្វើ​ឲ្យ​រលូត ឬ​កើត​មិន​គ្រប់​ខែ​ជាដើម ជា​ពិសេស​មិន​ត្រូវ​ជ្រើសរើស​ប្រើប្រាស់​ថ្នាំ​ទៅ​តាម​ចិត្ត​ឯង​នោះ​ទេ ព្រោះថ្នាំ​មួយ​ចំនួន​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​របស់​ទារក ។ ដូច្នេះ​ការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ញឹកញាប់​ជា​ជម្រើស​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ ៕