លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់របស់កម្ពុជាបាន ចេញមកបញ្ជាក់ថា សម្តេច ហេង សំរិន មិនអាចចោទប្រកាន់រូបលោកបាននោះឡើយ ត្បិតរូបលោកមិនបានចោទប្រកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកបញ្ជាតុលាការឲ្យកាត់ទោសប្រហារជីវិត អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នោះឡើយ។
ការចេញមកអះអាងរបស់លោក សម រង្ស៊ី បានធ្វើឡើង បន្ទាប់ពីរូបលោកត្រូវបានមេធាវីសម្តេច ហេង សំរិន គឺលោក គី តិច ប្តឹងពី បទបរិហារកេរ្តិ៍នៅលើបណ្តាញ Facebook។ ហើយរូបលោកក៏ត្រូវបានតំណាងអយ្យការអមសាលាដំបូង ចេញដីការកោះហៅឲ្យ ចូលមកបំភ្លឺនៅសាលាដំបូងនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ខាងមុខនេះផងដែរ។
លោក សម រង្ស៊ី បាន បញ្ជាក់ថា នៅក្នុងវីដេអូឃ្លីប ដែលលោកបង្ហោះនៅលើ Facebook របស់លោកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា លោកគ្រាន់តែបញ្ជាក់ថា របប កើតក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាអ្នកបញ្ជាឲ្យតុលាការប្រហារជីវិតសម្តេច នរោត្តម សីហនុ តែលោកមិនបានសំដៅទៅលើ នរណាម្នាក់នោះឡើយ។ លោកបន្តបញ្ជាក់ថា សម្តេច នរោត្តម សីហនុ ទេ ជាអ្នកបញ្ជាក់ឈ្មោះ សម្តេច ហេង សំរិន នៅក្នុងវីដេអូឃ្លីប។
លោក សម រង្ស៊ី បានបន្ថែមទៀតថា «លោក ហេង សំរិន មិនអាចដាក់ពាក្យប្តឹងចោទប្រកាន់ខ្ញុំបានទេ ពីព្រោះខ្ញុំគ្រាន់តែបង្ហោះវីដេអូ ឃ្លីប ដែលបានបង្ហោះចែកចាយតាម Internet/Youtube ដែលមានអាយុកាលជាង ៣០ឆ្នាំតែប៉ុណ្ណោះ»។ លោក សម រង្ស៊ី បានបន្ថែមថា វីដេអូ ដែលលោកបង្ហោះនោះ គឺព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រខ្មែរនៅអំឡុងឆ្នាំ១៩៨៣ ពេលដែលព្រះអង្គយាងជួបជាមួយ ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសអូស្រ្តាលី។
សូមបញ្ជាក់ថា លោក សម រង្ស៊ី កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ តំណាងអយ្យការអមសាលាដំបូងចេញដីការកោះហៅឲ្យចូលមកបំភ្លឺ នៅសាលាដំបូងនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ តាមបណ្តឹងលោក គី តិច មេធាវីសម្តេច ហេង សំរិន ពីបទបរិហាកេរ្តិ៍តាមបណ្តាញ សង្គម Facebook។ បណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ បានបង្ហោះវីដេអូឃ្លីបរបស់ សម្តេច នរោត្តម សីហនុ ពេលកំពុងជួបមានព្រះរាជអង្ការទៅកាន់ប្រជាពលរដ្ឋនៅប្រទេសអូស្រ្តាលី។ ក្រៅពីបង្ហោះវីដេអូឃ្លីបហើយ លោក សម រង្ស៊ី បានសរសេរអក្សរបញ្ជាក់បន្ថែមថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ»។
លោក សម រង្ស៊ី បាននិងកំពុងស្នាក់នៅឯក្រៅប្រទេស ដើម្បីគេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជា។ មកដល់ពេលនេះ មានសំណុំរឿង ចំនួន ៣ហើយបានជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី រួមមានបណ្តឹងបរិហាកេរ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការ បរទេស បណ្តឹងសមគំនិតកែខៃសន្ធិសញ្ញាព្រំដែន និងបណ្តឹងចុងក្រោយនេះ គឺបរិហាកេរ្តិ៍ សម្តេច ហេង សំរិន៕