មកទល់ពេលនេះ លោកម៉ៅ ហាជី នៅមិនទាន់ចូលខ្លួនដោះស្រាយរឿងផលិតកម្មហង្សមាសប្តឹង ក្រោយលេចឮថាចុះកិច្ចសន្យាជាមួយផលិតកម្មថោនទេ។ ព័ត៌មានចុងក្រោយលេចឮពីផលិតកម្មហង្សមាសថា ផលិតកម្មលែងយោគយល់ទៀតហើយ គឺត្រូវតែចាត់ការតាមច្បាប់ ដោយសារម៉ៅ ហាជី មិនទៅដោះស្រាយ គឺគេចវេះរហូត ។
រឿងរ៉ាវចម្រូងចម្រាសរំលោភកិច្ចសន្យារបស់អតីតបេក្ខជនកម្មវិធី Cambodian Idol ម៉ៅ ហាជី បានបន្តអូសបន្លាយអស់ជាច្រើនថ្ងៃមកហើយ ពោលគឺក្រោយពីបេក្ខជនរូបនេះសម្រេចចិត្តចុះកិច្ចសន្យាជាមួយផលិតកម្មថោនមក ។ ដោយគ្មានជម្រើសទូរទស្សន៍ហង្សមាសបានសម្រេចចិត្តប្តឹងម៉ៅ ហាជី ទៅសាលាដំបូងរាជធានីភ្នំពេញ ដូច្នេះគេត្រូវប្រឈមនឹងការចាត់ការតាមផ្លូវច្បាប់ ។ ម៉ៅ ហាជី នឹងត្រូវសងថ្លៃជំងឺចិត្តច្រើនម៉ឺនដុល្លារ ជាថ្នូរនឹងការគេចចេញមិនព្រមចូលខ្លួនដោះស្រាយ ក្នុងពេលហង្សមាសទុកឱកាសឲ្យចូលបកស្រាយច្រើនលើករួចទៅហើយ ។ នេះបើតាមការបញ្ជាក់របស់លោកមាស រិទ្ធ អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស ប្រាប់អ្នកសារព័ត៌មានកាលពីពេល ថ្មីៗកន្លងមក ។
លោក មាស រិទ្ធ បញ្ជាក់ថា «ពេលនេះហង្សមាសសម្រេចឲ្យមេធាវីដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ តុលាការនឹងចេញដីកាកោះហៅហាជីក្នុងពេលដ៏ខ្លីខាងមុខ ហើយបើនៅតែមិនព្រមចូលខ្លួនដូចអ្វីដែលខាងហង្សមាសព្យាយាមទាក់ទងទៅមិនបានសម្រេចទៀតនោះ គឺចំណាត់ការចុងក្រោយនឹងចាប់ខ្លួនតែម្ដង» ។
នៅក្នុងបណ្ដឹងនោះ ហង្សមាសទាមទារឲ្យម៉ៅ ហាជី ដោះស្រាយចំពោះបទល្មើសទៅលើកម្មវិធី Cambodian Idol ដោយកំណត់ឲ្យសងជំងឺចិត្ត ។ ទូរទស្សន៍បានទុកពេលឲ្យម៉ៅហាជី ជាច្រើនថ្ងៃហើយ ប៉ុន្តែលទ្ធផលគេនៅតែបិទទូរស័ព្ទ ហើយបើលើកទូរស័ព្ទគឺគ្រាន់តែដឹងថាហង្សមាសបិទចោលតែម្ដង ហេតុនេះទើបហង្សមាសដាក់ពាក្យបណ្ដឹង ហើយស្នើឲ្យតុលាការអនុវត្តដីកាកោះហៅ ឬចាប់ខ្លួនដើម្បីឲ្យដោះស្រាយ ។ បន្ថែមលើនេះ លោកមាស រិទ្ធ លើកឡើងថា «វាគឺជាការហួសពេលហើយដែលត្រូវដោះស្រាយដោយការយោគយល់ គឺមានតែផ្លូវច្បាប់ប៉ុណ្ណោះ ព្រោះទូរទស្សន៍បានទុកពេលឲ្យម៉ៅ ហាជី ជាច្រើនថ្ងៃដើម្បីចូលខ្លួនមកដោះស្រាយ ប៉ុន្តែស្ងាត់ឈឹង» ។
នៅមិនទាន់អាចសុំការបញ្ជាក់ពីលោកម៉ៅ ហាជី បានទេ ប៉ុន្តែប្រភពស្និទ្ធនឹងអ្នកចម្រៀងរូបនេះបញ្ជាក់ថា មូលហេតុដែលម៉ៅ ហាជីសម្រេចចិត្តចុះកិច្ចសន្យាជាមួយផលិតកម្មថោន ព្រោះតែគេមិនបានមើលកិច្ចសន្យាច្បាស់លាស់របស់ផលិតកម្មហង្សមាស ។ ការចូលប្រឡងដល់វគ្គ Live Show នៃកម្មវិធីខេមបូឌៀនអាយដល បេក្ខជនទាំង១២នាក់ចុងក្រោយបានចុះកិច្ចសន្យារយៈពេលមួយឆ្នាំ ។
អ្នកចាត់ការទូទៅប្រចាំផលិតកម្មថោនលោកមាស សុខរតនៈ បញ្ជាក់ថា លោកមិនដឹងរឿងផលិតកម្មលុបកិច្ចសន្យាចោល ឬត្រូវដោះស្រាយស្រាយបែបណាទេ ដើម្បីឲ្យលោក ហាជី ក្លាយជាអ្នកចម្រៀងពេញសិទ្ធិនោះ ប៉ុន្តែលោកគិតថា ម៉ៅ ហាជី គួរដោះស្រាយជាមួយហង្សមាសឲ្យបានរួចរាល់សិន មុនពេលក្លាយជាតារាចម្រៀងប្រចាំផលិតកម្មថោន ។
មហាជនកំពុងតាមដានរឿងនេះ ដោយខ្លះគិតថា ម៉ៅ ហាជី មិនដឹងជួបបញ្ហាអ្វីទៀតទេ។ បើគេកុំងាកទៅផលិតកម្មផ្សេងនោះ ហង្សមាសអាចនឹងផ្តល់ការងារជាច្រើនបន្តបន្ទាប់តាមផែនការ ។ ជាក់ស្តែងក្នុងពិធីបុណ្យអុំទូកបេក្ខជនប្រឡងក្នុងកម្មវិធីខេមបូឌៀនអាយដលជាច្រើននាក់ ត្រូវហង្សមាសឲ្យសម្តែងនៅមុខទស្សនិកជនច្រើនកុះករអត់ឃើញតែហាជី ៕