បើនិយាយពីប្រទេសដែលមាននាវាដឹកយន្តហោះ គឺមានមិនដល់ ២០នោះទេនៅក្នុងពិភពលោកនេះ ហើយបើនិយាយពីទ្វីបអាស៊ីទៀត គឺមានតែប៉ុន្មានប្រទេសប៉ុណ្ណោះ។
១) ជប៉ុន៖ មហាអំណាចសេដ្ឋកិច្ចទីបីក្នុងលោកមួយនេះ ជាប្រទេសមាននាវាដឹកយន្តហោះច្រើនជាងគេនៅទ្វីបអាស៊ី និងឈរលេខបីនៅទូទាំងពិភពលោកបើគិតចាប់តាំងពី សម័យសង្គ្រាមលោកលើកទីពីរមក។ បើតាមការប៉ាន់ស្មាន ជប៉ុនមាននាវាដឹកយន្តហោះប្រហែលជាង ២០គ្រឿងប៉ុន្តែមិនអាចដំណើរការបានទាំងអស់នោះទេ ក្នុងនោះ មាន២០គ្រឿងបានលិចក្នុងសម័យសង្គ្រាមលោកលើកទីពីរ ២គ្រឿងទៀតបានចូលនិវត្តន៍ និង ២គ្រឿងកំពុងដំណើរការ (យោងតាម Global Fire Power)។ ដោយឡែក ប្រទេសនេះមាននាវាមុខទឹកដល់ទៅ ១៦គ្រឿង កប៉ាល់ប្រយុទ្ធ ៤៣គ្រឿង និងកងនាវាមួយចំនួនទៀត។ ជប៉ុនល្បីខ្លាំងខាងកងនាវាមុខទឹក។
២) ឥណ្ឌា៖ មហាអំណាចអាស៊ីមួយនេះ មាននាវាដឹកយន្តហោះប្រមាណ ២គ្រឿង ហើយកំពុងសាងសង់មួយគ្រឿងទៀតដែរ។ កងកម្លាំងជើងទឹកប្រទេសនេះត្រូវបានធ្វើទំនើបកម្មគួរសមប៉ុន្តែមិនទាន់លេចធ្លោខ្លាំងណាស់ណាទេនៅក្នុងទ្វីបអាស៊ីនេះ។
៣) ចិន៖ មហាអំណាចសេដ្ឋកិច្ចលេខពីរនៅក្នុងលោកមួយនេះ មាននាវាដឹកយន្តហោះតែមួយគ្រឿងប៉ុណ្ណោះ ហើយនាវានេះទៀតសោតត្រូវបានទិញពីប្រទេសអ៊ុយក្រែនយកមកកែច្នៃ។ ទោះជាយ៉ាងណាមានប្រភពខ្លះបានរាយការណ៍ថា ចិនកំពុងសាងសង់នាវាដឹកយន្តហោះដោយខ្លួនមួយគ្រឿងទៀត។
៤) ថៃ៖ ជាប្រទេសនៅអាស៊ីអាគ្នេយ៍ទី១ និងជាប្រទេសស្ថិតនៅក្នុងទ្វីបអាស៊ីទីបួនដែលមាននាវាដឹកយន្តហោះ។ ថៃបានទិញនាវាមួយគ្រឿងនេះពីក្រុមហ៊ុនអេស្ប៉ាញតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ ប៉ុន្តែអ្វីដែលសំខាន់គឺប្រទេសនេះមិនបានប្រើប្រាស់នាវានេះសម្រាប់ដឹកយន្តហោះនោះទេ។ ថៃបានប្រើប្រាស់នាវានេះដើម្បីប្រតិបត្តិការជួយសង្គ្រោះនៅពេលមានទឹកជំនន់ និងធ្វើកម្មវិធីមនុស្សធម៌ផ្សេងៗ។ នាវានេះមានប្រវែងជិត ១៨៣ម៉ែត្រអាចផ្ទុកយន្តហោះ Sea Harrier AV-8s បាន ៩គ្រឿង និងឧទ្ធម្ភាគចក្រ ៦គ្រឿង៕