សមាជិក​ព្រឹទ្ធសភា​​អាមេរិក​ស្នើ​បញ្ជូន​ទ័ព​២​ម៉ឺន​នាក់​ទៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដើម្បី​ច្បាំង​កម្ចាត់​ក្រុម ISIS

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប​បានស្នើ​សុំ​ឲ្យ​មានការ​បញ្ជូន​ទ័ព​ថ្មើ​ជើង​២​ម៉ឺន​នាក់​ទៅកាន់​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ អ្នកនយោបាយ​ទាំងពីរ​ក៏បាន​រិះគន់​យុទ្ធសាស្ត្រ​យោធា​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ខ្លាំងៗ​ផងដែរ ព្រោះ​យុទ្ធសាស្ត្រ​លោក​មិនមាន​ប្រសិទ្ធភាព​សោះ​។ 
ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ឬ​ក្រុម ដែ​ស្ហ (Daesh) បាន​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​ដេញដោល​គ្នា​ខ្លាំង​ជាថ្មី​នៅ​សហរដ្ឋអាមេរិក​។ អ្នកនយោបាយ​អាមេរិក​ងាក​មក រិះគន់​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ស្ទាក់ស្ទើរ​ក្នុងការ​ប្រើប្រាស់​ទ័ព​អន្តរាគមន៍​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។ 
 
​ម្សិលមិញ​នេះ សមាជិក​ព្រឹទ្ធសភា​ជើងចាស់​ពីររូប​មានដូចជា​លោក John McCain និង​លោក Lindsey Graham បាន​ទទូច​សុំ​ឲ្យ​មានការ​បញ្ជូន​កងទ័ព​អាមេរិក ១​ម៉ឺន​នាក់​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ និង ១​ម៉ឺន​នាក់​ផ្សេងទៀត​ទៅកាន់​ប្រទេស​ស៊ី​រី ផងដែរ ។ អ្នកនយោបាយ​ទាំងពីរ​នេះ​បាន​អះអាងថា ការបង្កើន​ចំនួន​កងទ័ព​អាមេរិក​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ដល់​យុទ្ធនាការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ 
 
​ការ​ឈានទៅ​ស្នើសុំ​បង្កើន​ចំនួន​វត្តមាន​កងទ័ព​នៅ​មជ្ឈិមបូព៌ា​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​នេះ​កើតមានឡើង ក្រោយ​ករណី​វាយប្រហារ​នៅ​បារាំង​ដែល​សម្លាប់​រង្គាល​មនុស្ស​រហូតដល់ ជាង​១០០​នាក់ ហើយ​អ្នកនយោបាយ​អាមេរិក​បារម្ភ​ថា សហរដ្ឋអាមេរិក​នឹង​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ទៀត ប្រសិនបើ​យុទ្ធសាស្ត្រ លោក អូ​បា​ម៉ា កំពុង​ប្រើប្រាស់​មិនមាន​ការផ្លាស់ប្តូរ​ទេនោះ​។​
 
​លោក John McCain ប្រធាន​គណកម្មាធិការ​កងកម្លាំងប្រដាប់អាវុធ​នៃ​ព្រឹទ្ធសភា​បាន​អះអាងថា បើ​ពឹងផ្អែក​តែ​លើ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ពីលើ​អាកាស មិនអាច​កម្ចាត់​ក្រុម​ភេរវជន​បានទេ​។ ចំណែក​លោក Lindsey Graham បាន​លើកឡើងថា វិធី​តែមួយគត់​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ គឺ​ការបង្កើន​វត្តមាន​កង​ទ័ព​អាមេរិក​នៅ​ផ្ទាល់​ដី​តែម្តង​។ លោក​សង្កត់ធ្ងន់ថា កងទ័ព​ថ្មើរជើង​អាមេរិក​នឹងមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​យុទ្ធសាស្ត្រ​ដល់​បណ្តា​កងទ័ព​សម្ព័ន្ធ​មិត្ត​អឺរ៉ុប និង​អារ៉ាប់​ដើម្បី​អន្តរាគមន៍​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​។ 
 
​អ្នកនយោបាយ​ទាំងពីរ​នេះ ក៏បាន​លើកឡើង​ផងដែរ ពី​សារសំខាន់​នៃ​ការទម្លាក់​លោក អាសាដ ពី​តំណែង ព្រោះ​វា​នឹង​ជួយ​ឲ្យ​បណ្តា​រដ្ឋ​អារ៉ាប់​ដែល​ប្រកាន់​និកាយ​ស៊ូ​នី ត្រលប់​ចូលរួម​គាំទ្រ​យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ទឹកដី​ស៊ី​រី​។ 
 
​កន្លងមក​លោក អូ​បា​ម៉ា បន្ត​បដិសេធ​បញ្ជូន​កងទ័ព​ថ្មើរជើង​ទៅធ្វើ​សង្គ្រាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ប៉ុន្តែ​កាលពី​ខែ​មុន​លោក​សម្រេច​បញ្ជូន​កងទ័ព​ពិសេស​១០០​នាក់​ទៅកាន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ដើម្បី​ផ្តល់​ប្រឹក្សា និង​បង្វឹក​កងកម្លាំង​ឧទ្ទាម​ដែល​ពួកគេ​នោះ​កំពុង​ច្បាំង​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​។ 
 
​ដោយឡែក​ការស្នើសុំ​ឲ្យ​មានការ​ពង្រាយ​ទ័ព​១​ម៉ឺន​នាក់​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ត្រូវ​បានទទួល​ការស្វាគមន៍​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ផងដែរ​។ យ៉ាងណាមិញ​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ មិន​ស្នើសុំ​កងទ័ព​ប្រយុទ្ធ​ឡើយ តែ​ស្នើសុំ​ប្រឹក្សា​ទ័ព​បន្ថែម និង​ការគាំទ្រ​ផ្នែក​យោធា​ដោយ​ផ្តល់​អាវុធ​បន្ថែម​ដល់​កងទ័ព​ខ្លួន​ប៉ុណ្ណោះ​។ បច្ចុប្បន្ននេះ អាមេរិក​មាន​កងទ័ព ៣៥០០​នាក់​រួចហើយ​ដែល​កំពុង​ឈរជើង​នៅក្នុង​ទឹកដី​អ៊ីរ៉ាក់ និង​ជួយ​បង្វឹក​កងទ័ព​អ៊ីរ៉ាក់​៕