នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានបង្ហាញពីចេតនាចូលរួមជាមួយបារាំង និងបណ្ដាប្រទេសដទៃទៀតក្នុងការប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។ តែ លោកបានទុកការសម្រេចចិត្តនេះឲ្យសភាជាអ្នកចាត់ការ។ លោក David Cameron ថ្លែង ដូចនេះក្នុងជំនួបជាមួយប្រធានាធិបតីបារាំងលោក Francois Hollande នាទីក្រុង ប៉ារីស។
នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) ម្សិលមិញនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីត ខេមេរ៉ូន (David Cameron) បានលើកឡើងពីគោលបំណងរបស់លោក ដែលចង់ជួយបារាំងក្នុងការកម្ទេចក្រុមរដ្ឋឥស្លាម។ លោក ខេមេរ៉ូននិយាយថា ៖«ខ្ញុំគាំទ្រចំពោះអ្វីដែលលោក ហូឡង់ កំពុងធ្វើ ហើយខ្ញុំក៏មានបំណងចង់ឲ្យអង់គ្លេសចូលរួមក្នុងយុទ្ធនាការនេះដែរ»។
ក្នុងសន្និសីទ សារព័ត៌មានរួមគ្នាមួយ លោក ខេមេរ៉ូន បានបញ្ជាក់ទៀតថា សភាអង់គ្លេសនឹងពិភាក្សាលើផែនការរបស់លោកដែលសំដៅដល់ការប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាម។ បន្ទាប់មកនឹងមានការបោះឆ្នោតមួយនៅមុនពេលបុណ្យគ្រិស្តស្មាស ខាងមុខ ហើយការសម្រចចិត្តយ៉ាងណាគឺអាស្រ័យលើសមាជិកសភាទាំងអស់។
ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេសបានបន្ថែមទៀតថា អង់គ្លេសនឹងផ្លាស់ប្ដូរព័ត៌មានចារកម្មជាមួយបារាំងក៏ដូចជាប្រទេសអឺរ៉ុបដទៃទៀត។ ហើយអង់គ្លេសនឹងអនុញ្ញាតឲ្យបារាំងប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួនគឺ មូលដ្ឋាន Akrotiri ដែលមានទីតាំងនៅកោះស៊ីប សម្រាប់យុទ្ធនាការកម្ទេចក្រុមរដ្ឋឥស្លាមផងដែរ។
គួររម្លឹកដែរថា ក្រោយមានការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសដែលបានសម្លាប់មនុស្ស១២៩នាក់នោះមក ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ បានប្រកាសប្រមូលប្រទេសទាំងអស់ដើម្បីកម្ទេចក្រុមរដ្ឋឥស្លាម។ បន្ទាប់មក បារាំងក៏បានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅលើមូលដ្ឋានក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី ហើយរុស្សីក៏បានចូលរួមក្នុងប្រតិបត្តិការនេះដែរ៕