រាជធានីភ្នំពេញ ៖ តម្រូវការអគ្គិសនីត្រូវបានព្យាករថា នឹងកើនឡើង១៧,៩ភាគរយជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០២០។ ភាគច្រើននៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា បានមកពីម៉ាស៊ីនភ្លើងដែលប្រើប្រេងម៉ាស៊ូត និងការនាំចូលអគ្គិសនីពីប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ។ ម្យ៉ាងទៀត ការពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់ជនបទនៅមានកម្រិតនៅឡើយដែលពលរដ្ឋភាគច្រើនគឺពឹងផ្អែកជាចម្បងលើថាមពលចេញពីអាគុយ និងម៉ាស៊ីនម៉ាស៊ូត ដែលមានតម្លៃថ្លៃ ដើម្បីបំពេញតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ។ ទោះបីយ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្គត់ផ្គង់ និងទីភ្នាក់ងារថាមពលអគ្គិសនី បានប្ដេជ្ញាក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីគ្របដណ្ដប់នៅទូទាំងប្រទេសក្នុងគោលបំណងសម្រេចទិសដៅរបស់រាជរដ្ឋាភិបាលដែលធានាថានៅឆ្នាំ ២០២០ខាងមុខ ប្រជាជននឹងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់១០០ភាគរយ ។
មន្ត្រីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ទុន លាន បានមានប្រសាសន៍ថា ៖ «ការអនុវត្តទិសដៅតាមផែនការរបស់រាជរដ្ឋាភិបាល ក្រសួងរ៉ែនិងថាមពល ក៏ដូចជាអគ្គិសនីកម្ពុជា មានភារកិច្ចត្រូវពង្រីកឲ្យបាន ។ ទន្ទឹមនឹងនេះ អាជីវករនៅតាមជនបទ ក៏មានទិសដៅពង្រីកផងដែរ ហើយអាជ្ញាធរអគ្គិសនីជាអ្នកកំណត់ និងផ្តល់អាជ្ញាប័ណ្ណ ។ ការអនុវត្តនេះ ដើម្បីសម្រេចឱ្យតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថា នៅឆ្នាំ២០២០ នឹងមានបណ្តាញអគ្គិសនីទៅដល់គ្រប់ភូមិទាំងអស់ » ។
មន្ត្រីអ្នកនាំពាក្យដដែលបានបន្ដថា ៖ «អាជ្ញាធរអគ្គិសនីគឺជាអ្នកផ្តល់អាជ្ញាប័ណ្ណ អ្នកកំណត់ថ្លៃលក់ អ្នកដោះស្រាយទំនាស់ និងជាអ្នកតាមដានការសាងសង់ថា មានត្រឹមត្រូវតាមស្តង់ដា ឬយ៉ាងណា ។ ដោយឡែក ក្រសួងរ៉ែ និងថាមពល គឺជាអ្នកដាក់ផែនការ និងលើកគោលដៅ ដូចជានៅឆ្នាំ២០២០ នឹងត្រូវមានបណ្តាញអគ្គិសនីប្រើប្រាស់គ្រប់ភូមិទាំងអស់» ។
លើសពីនេះទៀត នៅឆ្នាំ២០៣០ យើងបានកំណត់ថា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋប្រមាណ៧០ភាគរយ នឹងមានអគ្គិសនីប្រើប្រាស់ដូចនៅរាជធានីភ្នំពេញដែរ ។ ដោយឡែក នៅសល់៣០ភាគរយទៀតជាតំបន់ព្រៃភ្នំដាច់ស្រយាល គឺបណ្តាញអគ្គិសនីមិនអាចទៅដល់ទេ អុីចឹងហើយការផ្គត់ផ្គង់នៅទីនោះត្រូវប្រើប្រាស់ដោយថាមពលផ្សេងៗដើម្បីបង្គ្រប់ឲ្យបាន១០០ភាគរយ ជាមួយខ្សែបណ្តាញដែលមាន» ។
ទាក់ទងនឹងថ្លៃអគ្គិសនីនេះ បើតាមលោក ទុន លាន ឱ្យដឹងថា ៖ «ចំពោះតម្លៃអគ្គិសនីនោះ យើងគ្មានឧបសគ្គអ្វីទេ គឺរាជរដ្ឋាភិបាលមានទិសដៅបញ្ចុះតម្លៃអគ្គិសនីជាបន្តបន្ទាប់ ជាពិសេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ ។ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ការប្រើប្រាស់អគ្គិសនីនៅតាមប្រព័ន្ធជាមួយ EDC ក្នុងគេហដ្ឋានដែលប្រើទាបជាង២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ មានតម្លៃស្មើនឹង៧៨០រៀល គឺថោកជាងការប្រើប្រាស់នៅតាមបណ្តាខេត្ត ហើយហេតុអ្វីបានជាថោកជាង ?
ឧទាហរណ៍ ក្នុងខ្សែបណ្តាញចម្ងាយ១គីឡូម៉ែត្រនៅរាជធានីភ្នំពេញ អ្នកប្រើប្រាស់អគ្គិសនីនៅតាមផ្ទះមានចំនួនរាប់រយ រីឯនៅស្រុកស្រែ មានអ្នកប្រើប្រាស់ប្រមាណតែ២០គ្រួសារប៉ុណ្ណោះ ។ ដូច្នេះការវិនិយោគនៅតាមជនបទ ត្រូវចំណាយដើមទុនច្រើនជាងនៅរាជធានីភ្នំពេញ ហើយនៅតាមខេត្ត ក៏មានផ្នែកឯកជនតូចៗដែលបានវិនិយោគ» ។
ចំណែកនៅតាមបណ្តាញចែកចាយផ្នែកឯកជនដែលតភ្ជាប់ពីបណ្តាញជាតិ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនអតិថិជននោះ ជាធម្មតានៅតាមផ្ទះក្នុងឆ្នាំ២០១៦នេះ តម្លៃអគ្គិសនីក្នុង១គីឡូវ៉ាត់ម៉ោងស្មើនឹង៨០០រៀល, ឆ្នាំ២០១៧ថ្លៃ៧៩០រៀល, ឆ្នាំ២០១៨ ថ្លៃ៧៧០រៀល, ឆ្នាំ២០១៩ ថ្លៃ៧៦០រៀល និងនៅឆ្នាំ២០២០ ថ្លៃ៧៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង លើកលែងតែនៅតាមកន្លែងខ្លះដែលនៅប្រើម៉ាស៊ីនភ្លើង ព្រោះពុំទាន់មានបណ្តាញខ្សែទៅដល់ គឺមានតម្លៃខ្ពស់ជាង ។
លោក ទុន លាន បន្តថា ចំពោះអ្នកជីវភាពក្រីក្រ ពួកគាត់អាចប្រើប្រាស់អគ្គិសនីតិចជាង១០គីឡូក្នុង១ខែ គឺរដ្ឋគិតតម្លៃត្រឹមតែ៤៨០រៀលប៉ុណ្ណោះ ហើយខាងអគ្គិសនីនឹងជួយចេញថ្លៃខាតពាក់កណ្តាល រួមទាំងការប្រើប្រាស់អគ្គិសនីសម្រាប់បូមទឹកប្រើប្រាស់ក្នុងផ្នែកកសិកម្មផងដែរ ។ អគ្គិសនីដែលយើងប្រើសព្វថ្ងៃនេះមានប្រភពច្រើន ដូចជា ៖
១-ប្រភពពីវារីអគ្គិសនី ដែលជាប្រភពធនធានធម្មជាតិនៅក្នុងប្រទេស ។
២-នៅខែប្រាំង យើងបានជ្រើសរើសយករោងចក្រអគ្គិសនីប្រើធ្យូងថ្ម ដើម្បីទប់ទល់នឹងវារីអគ្គិសនីនៅខែវស្សា ដែលអាចផ្គត់ផ្គង់បានតែ៣០% នៃអនុភាពសរុប ។
៣-នាំចូលមកពីបណ្តាប្រទេសផ្សេងៗដូចជា វៀតណាម ថៃ និងឡាវ ជាដើម ។
១-ប្រភពពីវារីអគ្គិសនី ដែលជាប្រភពធនធានធម្មជាតិនៅក្នុងប្រទេស ។
២-នៅខែប្រាំង យើងបានជ្រើសរើសយករោងចក្រអគ្គិសនីប្រើធ្យូងថ្ម ដើម្បីទប់ទល់នឹងវារីអគ្គិសនីនៅខែវស្សា ដែលអាចផ្គត់ផ្គង់បានតែ៣០% នៃអនុភាពសរុប ។
៣-នាំចូលមកពីបណ្តាប្រទេសផ្សេងៗដូចជា វៀតណាម ថៃ និងឡាវ ជាដើម ។
នៅខែវស្សា យើងមានប្រភពវារីអគ្គិសនីគ្រប់គ្រាន់ គ្មានការខ្វះខាតទេ ចំណែកការនាំចូលអគ្គិសនីពីប្រទេសជិតខាង ស្ទើរតែគ្មាន ។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ស្រី ចន្ធី មានប្រសាសន៍ថា ៖ «ប្រសិនបើអគ្គិសនីអាចចែកចាយទៅដល់តំបន់ជនបទនោះ ធ្វើឲ្យពលរដ្ឋអាចកាត់បន្ថយការចំណាយក្នុងការប្រើប្រាស់ប្រេង ព្រមទាំងអាចសន្សំប្រាក់បានដែរ ។ ជាទូទៅ តម្លៃអគ្គិសនីរបស់រដ្ឋមានតម្លៃធូរថ្លៃជាងប្រេងឥន្ធនៈដែលពួកគាត់ទិញយកមកប្រើប្រាស់ខ្លួនឯង ។ ប្រសិនជាអគ្គិសនីមានតម្លៃថោក និងបានចែកឲ្យទូលំទូលាយទៅដល់ឧស្សហកម្មខ្នាតតូច និងមធ្យម នឹងអាចជួយកាត់បន្ថយការចំណាយក្នុងខ្សែសង្វាក់ផលិតកម្មបាន ។
ឧទាហរណ៍ រោងម៉ាស៊ីនកិនស្រូវ គឺបានជួយបង្កើតការងារបន្ថែមទៀត ។ បើអគ្គិសនីធូរថ្លៃនោះ នឹងធ្វើអ្នកមានដើមទុននៅតាមបណ្តាខេត្តដាក់ទុនរកស៊ីទាក់ទងនឹងការកែច្នៃ»។
លោកបន្តថា ៖ «តម្លៃអគ្គិសនីបច្ចុប្បន្ននេះស្មើនឹង១.០០០រៀលក្នុងមួយគីឡូវ៉ាត់ ហើយនៅឆ្នាំ២០២០ តម្លៃអគ្គិសនីនឹងចុះមកត្រឹម៧៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលធ្វើឲ្យអ្នកគ្មានលទ្ធភាពអាចប្រើប្រាស់បាន ។ ការបញ្ចុះតម្លៃៃនេះ ក៏បានចូលរួមទ្រទ្រង់ដល់ការវិនិយោគផ្នែកឧស្សាហកម្មកែច្នៃផងដែរ ប៉ុន្តែបើប្រៀបធៀបជាមួយប្រទេសជិតខាងវិញឃើញថា កម្ពុជានៅតែមានតម្លៃខ្ពស់ជាងគេ» ។
គួរបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជូនប្រភពអគ្គិសនីដែលមានតម្លៃថោកពីរាជធានីភ្នំពេញ តាមរយ:ការដាក់ខ្សែកាបកប់បាតទន្លេ ។ បច្ចុប្បន្ននេះ អ្នករស់នៅលើកោះដាច់ និងកោះឧកញ៉ាតី ក្រៅពីទទួលបានការផ្គត់ផ្គង់២៤ម៉ោងលើ២៤ម៉ោងហើយ អាជ្ញាធរអគ្គិសនីកម្ពុជា តាមរយ:ការគណនាថ្លៃឡើងវិញ បានសម្រេចបញ្ចុះតម្លៃប្រើប្រាស់ជា២ជំហានគឺ ៖
១-តម្លៃចាប់ពី២.៣០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង មក១.២០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ដោយអនុវត្តចាប់ពីខែវិច្ឆិកា តទៅ ។
២-តាមផែនការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាល តម្លៃអគ្គិសនីនៅទីនោះនឹងថយចុះមកនៅ៨០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ចាប់ពីចុងខែមីនា ឆ្នាំ២០១៦ តទៅ ៕
១-តម្លៃចាប់ពី២.៣០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង មក១.២០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ដោយអនុវត្តចាប់ពីខែវិច្ឆិកា តទៅ ។
២-តាមផែនការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាល តម្លៃអគ្គិសនីនៅទីនោះនឹងថយចុះមកនៅ៨០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ចាប់ពីចុងខែមីនា ឆ្នាំ២០១៦ តទៅ ៕